ប្រកាសជ្រើសរើសប៉េអឹមថ្មី ១.០០០ នាក់ ក្នុងនោះ នារី ១០០ នាក់
សេចក្តីជូនដំណឹង របស់កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ បង្ហាញថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ឬ ប៉េអឹម រាជធានី ខេត្ត ទាំង ២៤ ត្រូវការជ្រើសរើសពលអាវុធហត្ថថ្មី ដើម្បីបំពេញក្របខ័ណ្ឌឲ្យបញ្ជាការដ្ឋានកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ចំនួន ១.០០០ នាក់។ ក្នុងនោះ បុរស ចំនួន ៩០០ នាក់ និងនារី ចំនួន ១០០ នាក់។
សេចក្តីជូនដំណឹង លើកឡើងថា បេក្ខជនបេក្ខនារី ដែលស្ម័គ្រចិត្ត ចូលបម្រើក្នុងកងរាជអាវុធហត្ថ គឺជ្រើសរើសចេញពីចំណោមសិស្ស និស្សិត និងយុវជន យុវនារី ហើយត្រូវមានលក្ខណៈសម្បត្តិ ដូចខាងក្រោម៖
១-មានសញ្ជាតិខ្មែរ
២-មានស្ថានភាព នៅលីវ
៣-មានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
៤-មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការ ដើម្បីបំពេញមុខងារ
៥-មានភក្តីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ
៦-មានកម្រិតវប្បធម៌មធ្យមសិក្សាទុតិយភូមិឡើងទៅ
៧-មានកម្ពស់ចាប់ពី ១ ម ៧០ ឡើងទៅ ចំពោះបេក្ខជន
៨-មានកម្ពស់ចាប់ពី ១ ម ៦០ ឡើងទៅ ចំពោះបេក្ខនារី។
លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានបញ្ជាក់ថា តម្រូវការប៉េអឹមថ្មី ១.០០០ នាក់នោះ សម្រាប់បំពេញតម្រូវការតាមខណ្ឌ ដែលនៅភ្នំពេញ បានបង្កើតខណ្ឌថ្មី និងសម្រាប់ខេត្តត្បូងឃ្មុំ ដែលទើបតែផ្តាច់ចេញពីខេត្តកំពង់ចាម។
សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា បេក្ខជនទាំងពីរភេទ ដែលបានជ្រើសរើសចូលបម្រើ ក្នុងកងរាជអាវុធហត្ថ ទទួលបានឋានន្តរសក្តិ ថ្នាក់ពលបាលត្រី៕
ប្រភពពី CEN