ងើបពីសន្លប់រត់ ដល់ចំការអ្នកជិតខាង ត្រូវប្តីកំណាចតាមវាយស្លាប់ ព្រោះតែរឿងប្រចណ្ឌ
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្ដីមានឈ្មោះ យឹម ប៊ុនឃឿប អាយុ ៤០ឆ្នាំ ហើយស្ត្រីជាប្រពន្ធមានឈ្មោះ និល ហាន អាយុ ៣៨ ឆ្នាំ។ មុនពេលកើតហេតុ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០១៤ ពួកគេទាំង ២នាក់ បានឈ្លោះប្រកែកគ្នា ម្ដងរួចមកហើយ ប៉ុន្ដែត្រូវរ៉ូវគ្នាវិញ លុះដល់ម៉ោង១១ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ពួកគេបានបង្កជម្លោះម្ដងទៀត ដែលអ្នកជិតខាងអះ អាងថា ផ្ដើមចេញពីរឿងប្រចណ្ឌ ។ បុរសជាប្តីជាពោះម៉ាយកូន១ និងប្រពន្ធជាមេម៉ាយកូន១ បានចាប់ចិត្ដស្រឡាញ់គ្នា ហើយរៀបសែនព្រេន រស់នៅជាមួយគ្នា ជាប្តីប្រពន្ធ បានរយៈពេលមួយខែតែប៉ុណ្ណោះ។
បន្ទាប់ពីមានជម្លោះពាក្យសំដីជាមួយគ្នា បុរសជាប្ដីបានវាយប្រពន្ធនៅក្នុងផ្ទះ រួចដើរចេញមក ក្រៅ បន្ទាប់មកក៏ដើរចូលទៅក្នុងផ្ទះវិញ ក្នុងគោលបំណង យកម៉ូតូជិះចេញ ហើយគិតថា ប្រពន្ធទំនងជាស្លាប់នៅក្នុងផ្ទះ។ ស្រាប់តែប្រពន្ធ បានស្ទុះងើបរត់ចេញពីក្នុងផ្ទះ ទៅដល់ដីចំការស្វាយ របស់ប្រជាពលរដ្ឋនៅជិតខាង បុរសជាប្ដីបានរត់តាមពីក្រោយ ហើយយកឈើជ្រុងវាយប្រពន្ធបន្ថែម បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅក្នុងចំការស្វាយ ហើយជនបង្កបានរត់គេចខ្លួនបាត់ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ៕
ប្រភពពី វត្តភ្នំ