អាមេរិក សង្ស័យថា យន្តហោះ ម៉ាឡេស៊ី អាចធ្លាក់​​ នៅមហាសមុទ្រ ឥណ្ឌា​

3/14/2014 0 Comments A+ a-

ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ អះអាងអោយដឹងថា ប្រតិបត្តិការរុករក យន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួន បានពង្រីកដល់ ដែនទឹក អធិបតេយ្យភាព មហាសមុទ្រប្រទេសឥណ្ឌា ខណៈ ពេលដែលមានរបាយការណ៍ ចុងក្រោយបំផុត សង្ស័យអោយដឹងថា យន្តហោះ ដែលបានបាត់ខ្លួន ខាងលើនេះ អាចនឹងធ្លាក់ នៅក្នុងមហាសមុទ្រឥណ្ឌា ពោល ប្រភពបញ្ជាក់ថា យន្តហោះ ខាងលើ បានធ្វើដំណើរ ក្នុងរយៈពេល ដល់ទៅ ៤ ម៉ោងផ្សេងទៀត បន្ទាប់ពីបាត់សញ្ញាណទាក់ទង ពីប្រព័ន្ធ រ៉ាដាទាំងស្រុង ។
បន្ថែមពីលើនេះ គោលគំនិត រហូតដល់ថ្នាក់ មានការសង្ស័យថា យន្តហោះ ម៉ាឡេស៊ី អាចនឹងធ្លាក់ ចុះនៅក្នុងមហាសមុទ្រឥណ្ឌា​ ពីព្រោះថា យោងតាម ទីភ្នាក់ងារស៊ើបអង្កេត ជិតស្និទ្ធមួយអោយដឹង ថាប្រព័ន្ធដោះស្រាយ បញ្ហារបស់យន្តហោះ ម៉ាឡេស៊ី អាចនឹងមានការប្រាស្រ័យទាក់ទង ជាមួយ នឹងបណ្តាប្រព័ន្ធផ្កាយរណប ក្នុងលក្ខខ័ណ្ឌចាំបាច់ណាមួយ តែដឹងអីថា អាកាសចរណ៍ ម៉ាឡេស៊ី មិនបាន ជាវសេវាដោះស្រាយបញ្ហានោះ អោយបានពេញលេញនោះទេ ។
ក្រុមហ៊ុន អាកាសចរណ៍ អន្ដរជាតិ ប្រើប្រព័ន្ធរាយការណ៍ មួយ ដែលប្រមូល ទិន្នន័យ បច្ចេកទេស ក្នុង អំឡុងពេល ហោះហើរ ជាចលករអាចញ៉ាំងអោយ ក្រុមវិស្វករ អាចកំណត់បាននូវមូលហេតុ ដែលនាំអោយមានបញ្ហា នៃយន្តហោះ ខាងលើ ។ គួរបញ្ជាក់ផងដែរថា របាយការណ៍ទាំងនេះ បាន បញ្ជូនដោយផ្ទាល់ ទៅក្រុមវិស្វករ តាមរយៈ វិទ្យុ VHF radio ក៏ដូចជា ប្រព័ន្ធផ្កាយរណប អំឡុង ពេលនៃការហោះហើរ ។
គួរបញ្ជាក់ថា យន្តហោះ ម៉ាឡេស៊ី មានជើងហោះហើរ MH370 បានបាត់ខ្លួន កាលពីថ្ងៃសៅរ៍ចុង សប្តាហ៍កន្លងទៅនេះ​ ដោយនៅក្នុងនោះ គ្មានសញ្ញាណ ក៏ដូចជា តម្រុយអ្វីនោះទេ ក្នុងការរកឃើញ ក្នុងរយៈជិត ១ សប្តាហ៍កន្លងមកនេះ បើទោះជាមានការខិតខំប្រឹងប្រែង ក៏ដោយចុះ ពីសំណាក់ បណ្តាប្រទេស ច្រើនជាង ១០ នៅក្នុងតំបន់ ។ យន្តហោះ MH370 ផ្ទុកអ្នកដំណើរ ២៣៩ នាក់ខណៈ ១៥៣ នាក់គឺជាជនជាតិចិន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖​ស្កាយ