តែង​តែ​នៅ​ក្បែរ​ជា​និច្ច​​ បែរ​ជា​ស្រី​នៅ​អាមេរិក​ ក្ដិច​យក​ទៅ​បាត់!

2/01/2014 0 Comments A+ a-

នាង​ខ្ញុំ​ឈ្មោះ​ កណ្ដូប​ ជា​អតីត​បុគ្គលិក​ធ្វើ​ការ​ផ្នែក​ Costumer Service​ អោយ​ក្រុម​ហ៊ុន​សេវា​ទូរសព្ទ​មួយ។ ខ្ញុំ​មក​ពី​ខេត្ត​កំពង់ចាម​ តែ​បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​បួន​ នៃ​សាកល​វិទ្យាល័យ​មួយ។ ខ្ញុំ​ចូល​ចិត្ត​អាន​ទំព័រ​ “ស្នេហ៍​ខ្ញុំ” ខ្លាំង​ណាស់ ហើយ​ខ្ញុំ​ក៏​ចូល​ចិត្ត​យក​រឿង​ដែល​ចុះ​ផ្សាយ​​មក​គិត​មើល​ បើ​វា​កើត​ឡើង​មក​លើ​ខ្ញុំ​ដែរ​ តើ​ខ្ញុំ​ត្រូវ​ឈឺ​ចាប់​យ៉ាង​ណា? តែ​ដល់​ពេល​នេះ​ ខ្ញុំ​ក៏​បាន​ជួប​នឹង​បញ្ហា​ក្នុង​ចិត្ត​ ហើយ ​ក៏​មិន​ដឹង​ធ្វើ​យ៉ាង​ណា​​អោយ​បាន​ស្រាកស្រាន្ត ពី​ការ​ថប់​អារម្មណ៍ និង​ពិបាក​ចិត្ត​នេះ​ណាស់​ ដូច្នេះ​ថ្ងៃ​នេះ​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ផ្ញើ​អត្ថបទ​ ដែល​បញ្ជាក់​ពី​ការ​ពិបាក​ចិត្ត​របស់​ខ្ញុំ​​ មក​ដល់​អ្នក​អាន​ទាំង​អស់​គ្នា​បាន​ដឹង​ ហើយ​ក៏​សង្ឃឹម​ថា​ ចិត្ត​ខ្ញុំ​នឹង​បាន​ធូរ​ស្បើយ​ផង​ដែរ។
ខ្ញុំ​បាន​ឈាន​ជើង​ចូល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​សេវា​ទូរសព្ទ​មួយ​​​នៅ​ ថ្ងៃ​ទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០១២។ ខ្ញុំ​បាន​បង្កើត​ទំនាក់​ល្អ និង​ស្រលាញ់​អ្នក​រាល់​គ្នា​នៅ​ទី​នោះ​ណាស់។ ទើប​តែ​ចូល​ធ្វើ​ការ​ដំបូង​សោះ​ បុគ្គលិក​ប្រុស​ម្នាក់​បាន​ចាប់​ចិត្ត​មក​លើ​នាង​ខ្ញុំ​ ព្រោះ​ខ្ញុំ​ក៏​មាន​រូប​សម្ផស្ស​ល្អ​គ្រាន់​​បើ​ដែរ។ គាត់​បាន​លួងលោម​សុំ​ស្រលាញ់​ខ្ញុំ​ ហើយ​ក៏​សន្យា​ថា​ និង​មក​ដណ្ដឹង​ខ្ញុំ​ បើ​សិន​ជា​ខ្ញុំ​ព្រម​ស្រលាញ់​គាត់​ តែ​​ខ្ញុំ​បាន​បដិសេធ​ភ្លាម​ៗ​ដែរ​ ព្រោះ​មិន​ចង់​គិត​ពី​រឿង​ស្នេហា​អី​នោះ​ទេ​ ដោយ​សុំ​គាត់​រាប់​អាន​ត្រឹម​បង​ប្រុស​បាន​ហើយ។
បុគ្គលិក​ម្នាក់​នោះ​ខូច​ចិត្ត​យ៉ាង​ខ្លាំង​ តែ​បន្ត​ធ្វើ​ល្អ​ដោយ​​លួងលោម​ខ្ញុំ​ ជាពិសេស​គ្រប់​ពេល​ដែល​ខ្ញុំ​កើត​ទុក្ខ។ នាង​ខ្ញុំ​ក៏​មើល​ឃើញ​អំពើ​ល្អ​របស់​គាត់​ដែរ​ តែ​យើង​មិន​អាច​ស្រលាញ់​គ្នា​បាន​ទេ​ ព្រោះ​គាត់​ក៏​មាន​សង្សារ​ទៅ​ហើយ​ដែរ។ ទោះ​បី​ខ្ញុំ​ព្យាយាម​ប្រាប់​គេ​ថា​ យើង​ទាំង​ពីរ​មិន​អាច​ស្រលាញ់​គ្នា​បាន​​ ដើម្បី​មិន​ចង់​ធ្វើ​បាប​ចិត្ត​សង្សារ​គាត់​​ ក៏គាត់​នៅ​​មិន​ព្រម​​ស្ដាប់​ខ្ញុំ​សោះ​ ហើយ​នៅ​តែ​ថា​ មិន​អាច​បំភ្លេច​ខ្ញុំ​បាន​ដដែល។
រូប​តំណាង​
រហូត​ដល់​ខែ​មេសា​ ឆ្នាំ​២០១៣​ នៅ​ក្នុង​គណនេយ្យ​ហ្វេសបុក​ ខ្ញុំ​ ខ្ញុំ​បាន​ទទួល​ Friend Request មួយ​ពី​ឈ្មោះ​ Week។ Week នេះ​ហើយ​គឺ​ជា​អ្នក​ធ្វើ​បុគ្គលិក​ប្រុស​ដែល​សុំ​ស្នេហ៍​ពី​ខ្ញុំ​ អាច​កាត់​ចិត្ត​ពី​ខ្ញុំ​បាន​ តាម​រយៈ​ការ​ Chat​ តាម​ហ្វេសបុក។ ខ្ញុំ​ដឹង​ថា​ Week​ ក៏​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ជាមួយ​ខ្ញុំ ​ផ្នែក​ Customer Service ដូច​គ្នា​​ ហើយ​ការិយាល័យ​នៅ​ក្បែរ​ខ្ញុំ​ហ្នឹង​ដែរ។ ដំបូង​យើង​គ្រាន់​តែ​ Chat ​តាម​ហ្វេសបុក​​ធម្មតាៗ​​ប៉ុណ្ណោះ​ តែ​បុគ្គលិក​ប្រុស​រូប​នោះ​យល់​ថា​ ខ្ញុំ​ និង​ Week ​ស្រលាញ់​គ្នា។ ដោយ​ដឹង​ពី​អារម្មណ៍​របស់​បុគ្គលិក​នោះ​បែប​នេះ​ ខ្ញុំ​ក៏​រុញ​ទូក​បណ្ដោយ​ទឹក​ទៅ។ ខ្ញុំ​បាន​កុហក​គាត់​ថា​ ខ្ញុំ​ និង​ Week​ ស្រលាញ់​គ្នា​ហើយ​ សុំ​ឲ្យ​​គាត់​កាត់​ចិត្ត​ទៅ។ គាត់​ក៏​ព្រម​កាត់​ចិត្ត​តាម​បំណង​របស់​ខ្ញុំ​ដែរ។
ខ្ញុំ​ និង​ Week​ នៅ​តែ​បន្ត​ទាក់ទង​គ្នា​រាល់​ថ្ងៃ​ តាម​រយៈ​ហ្វេសបុក​ និង​ ផ្ញើ​សារ​ពុំ​សូវ​ដាច់​ ទាំង​យើង​មិន​ទាំង​ឃើញ​មុខ​គ្នា​សោះ។ រហូត​ដល់​ថ្ងៃ​មួយ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ Week​ ក៏​បាន​ប្រចាំ​ការ​នៅ​ការិយាល័យ​រហូត​ដល់​ម៉ោង​​៨​កន្លះ​យប់។ នៅ​ថ្ងៃ​នោះ​ Week​ បាន​ផ្ញើ​តាម​ Skype​ មក​ខ្ញុំ​ ពេល​កំពុង​ធ្វើ​ការ​ដូច​គ្នា​ថា​ ថ្ងៃ​នេះ​គេ​ចង់​ជួប​មុខ​ខ្ញុំ។ ចំណែក​ខ្ញុំ​មិន​ចង់​ជួប​មុខ​គេ​ប៉ុន្មាន​ទេ​ ព្រោះ​មុខ​របស់​ខ្ញុំ​ពេល​នោះ​មិន​សូវ​ស្អាត​ គឺ​សុទ្ធ​តែ​មុន​ ដោយសារ​ប្រតិកម្ម​ជាមួយ​ម្សៅ​ផាត់​មុខ​ កាល​ធ្វើ​មុខ​​ទៅ​ការ​គេ​ នា​ខែ​ធ្នូ តែ​ Week​ ទទូច​ចង់​ជួប​ខ្ញុំ​ពេក​ ខ្ញុំ​ក៏​ទៅ​ការិយាល័យ​គេ​តែ​ម្ដង។
ពេល​ជួប​គាត់​​ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ និង​អៀន​ជា​ខ្លាំង​ ពី​ព្រោះ​នៅ​ការិយាល័យ​គាត់​​ គឺ​មាន​តែ​គាត់​ ហើយ​និង​ខ្ញុំ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ ណា​មួយ​មិន​សូវ​មាន​ទំនុក​ចិត្ត​រឿង​មុខ​ទៀត។ តែ​ពេល​បាន​ឃើញ​មុខ​គាត់​លើក​ទី​មួយ​ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់។ Week​ ជា​បុរស​ដែល​មាន​រូប​រាង​សង្ហា​ ទាំង​ខ្ពស់​ ទាំង​ចរិត​ល្អ។ គាត់​ញញឹម​មក​កាន់​ខ្ញុំ​ ខ្ញុំ​ក៏​មើល​ទៅ​គាត់​វិញ​គួរ​ឲ្យ​ស្រលាញ់​ណាស់​ មិន​អា​ក្រក់​មើល​ ដូច​រូប​ក្នុង​ហ្វេសបុក​សោះ។ Week​ បាន​ឱន​មើល​មុខ​ខ្ញុំ​ ហើយ​បង្អាប់​ខ្ញុំ​ថា៖​ “មុខ​អាក្រក់​ មុខ​សុទ្ធ​តែ​អាចម៍​គោ (មុន)”។ ខ្ញុំ​មាន​ការ​ខ្មាសអៀន និង​ខឹង​យ៉ាង​ខ្លាំង​ ពេល​ឮ​ដូច​នោះ​ ហើយ​ក៏​តប​ទៅ​វិញ​ដែរ​ថា​៖ “ពូឯង​ ចេះ​តែ​បង្អាប់​គេ​ហើយ​ មើល​តែ​ខ្លួនឯង​ហ្នឹង​សង្ហា​ណាស់​អីចឹង! យ៉ាប់​ណាស់​ ពូវិត!”។ ខ្ញុំ​តែង​ហៅ​គាត់ ​ពូវិត​ ព្រោះ​ឃើញ​រូប​គាត់​ក្នុង​ហ្វេសបុក​ ដូច​ជា​ស្គម​ណាស់។
ក្រោយ​​​ចេញ​ពី​ការិយាល័យ​គាត់​ភ្លាម​  Week​ ក៏​មក​ជិត​ខ្ញុំ​ ហើយ​រឹត​តែ​បង្អាប់​ខ្ញុំ​ខ្លាំង​ឡើង​ថា៖ “ម៉េច​បាន​ជួប​គេ​ហើយ​ ក៏​ឆាប់​ត្រឡប់​ទៅ​វិញ​ម្ល៉េះ? នៅ​និយាយ​លេង​បន្តិច​ទៀត​ទៅ។ ហើយ​មក​ថា​ អោយ​គេ​ វិត​ ហ្នឹង​ មាន​មើល​ខ្លួន​ឯង​អត់​ហ្នឹង?  រូបរាង​មិន​ជា​ធាត់​ណាស់​ណា​ដែរ​ គឺ​ស្វិត​ដូច​តែ​គ្នា​ទេ…​ យាយ​ស្វិត!”។
និយាយ​ចង់​ គាត់​​សើច​ដាក់​ខ្ញុំ​ ធ្វើ​អោយ​ខ្ញុំ​ខឹង​កាន់​តែ​ខ្លាំង​ ហើយ​ក៏​ឈប់​គិត​ថា​ គាត់​​ជា​ប្រុស​សង្ហា​អី​ទៀត​ទៅ​ ដោយ​ប្ដូរ​មក​គិត​ថា​ គាត់​ជា​ប្រុស​វិត​ ជា​ពូ​យ៉ាប់។
ថ្ងៃ​ក្រោយ​ៗ​មក​ ខ្ញុំ​ និង​ Week​ ក៏​ទាក់​ទង​គ្នា​តាម​ទូរសព្ទ​ដៃ​ និង​ធ្វើ​ការ​ផ្ញើ​សារ​ទៅ​វិញ​ទៅ​មក​ ជា​រៀង​រាល់​ថ្ងៃ។ ពេល​និយាយ​ទូរសព្ទ​ ឬ​ផ្ញើ​សារ​ទៅ​វិញ​ទៅ​មក​ ពួក​យើង​មិន​ដែល​និយាយ​ពាក្យ​ផ្អែម​ល្អែម​ដាក់​គ្នា​នោះ​ទេ​ គឺ​មាន​តែ​បង្អាប់​គ្នា​ពី​នេះ​ពី​នោះ។
Week​ តែង​តែ​ហៅ​​​ខ្ញុំ​ថា​ កណ្ដូប​ ព្រោះ​ខ្ញុំ​មាន​រូបរាង​ខ្ពស់​ ហើយ​ស្គម។ តាម​ពិត​ ខ្ញុំ​មិន​ស្គម​ណាស់​ណា​ទេ​ តែ​មនុស្ស​ចូល​ចិត្ត​បង្អាប់​គ្នា​ ចេះ​តែ​មើល​មក​គ្នា​ថា​ មិន​ស្អាត​ ហើយ​ដើម្បី​កុំ​អោយ​ម្នាក់​ទៀត​បាន​ចិត្ត។ ខ្ញុំ​ក៏​មិន​ព្រម​ទទួល​ស្គាល់​ថា​ គាត់​ជា​បុរស​សង្ហា​ដែរ។ គាត់​មាន​រាង​ខ្ពស់​ ហើយ​ស្គម​ ដូច​តែ​ខ្ញុំ​ដែរ។ ខ្ញុំ​ហៅ​ Week​ ថា​ ពូវិត​ ឬ​ពូ​យ៉ាប់។ យើង​ទាំង​ពីរ​ហៅ​គ្នា​បែប​នេះ​រហូត​ មិន​ថា​នៅ​ទី​ណា​ទេ​ ហើយ​ក៏​មិន​ដែល​ខ្វល់​ថា​ អ្នក​ណា​ថា​យ៉ាង​មិច​ដែរ។
នៅ​ថ្ងៃ​ទី​៨​ ខែ​ឧសភា​ ឆ្នាំ​២០១៣​ ខ្ញុំ​ និង​ពូវិត​ ក៏​បាន​ណាត់​គ្នា​ទៅ​ញ៉ាំ​គុយទាវ​ នៅ​ហាង​វៀតណាម​មួយ​ ម្ដុំ​ទួល​ទំពូង​ ដែល​ខ្ញុំ​មិន​ដែល​ស្គាល់​សោះ។ ទី​នោះ​ហើយ​ ដែល​យើង​ចេញ​ទៅ​ក្រៅ​ជាមួយ​គ្នា​ជា​លើក​ដំបូង​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ភ័យ​ ហើយ​អៀន​និយាយ​មិន​ចង់​កើត​ទៀត​ផង។
នៅ​ពេលគាត់​​និយាយ​ចំអក​អោយ​ខ្ញុំ​ថា​ តាម​ទូរសព្ទ​ ឬ​សារ​ សំដី​ប៉ប៉ាច់ប៉ប៉ោច​ក៏​រក​នឹក​មក​តប​វិញ​បាន​ដែរ​ តែ​ដល់​បាន​ជួប​និយាយ​ផ្ទាល់​អីចឹង​ ម៉េច​ស្ងាត់​មាត់​ឈឹង​ ដូច​ជា​មិនមែន​ជា​ខ្ញុំ​អីចឹង។ គាត់​និយាយ​បណ្ដើរ​ សើច​ចំអក​អោយ​ខ្ញុំ​បណ្ដើរ​ ធ្វើ​អោយ​ខ្ញុំ​ខឹង​យ៉ាង​ខ្លាំង​ តែ​និយាយ​មិន​ចេញ​​ព្រោះ​អៀន។ ពេល​ចេញ​ពី​ហាង​គុយទាវ​នោះ​មក​វិញ​ ខ្ញុំ​ដើរ​មក​មុន។ Week ​ក៏​តាម​មើល​រាង​ខ្ញុំ​ ហើយ​ក៏​ចំអក​ជា​ថ្មី​ថា​៖ “រូប​រាង​ដៃ​ជើង​តូច​ៗ​ ដូច​សត្វ​កណ្ដូប​មែន​ទែន​តែ​ម្ដង​ហើយ!”។
ពេល​កំពុង​តែ​ជិះ​ម៉ូតូ​បណ្ដើរ​ នៅ​តែ​និយាយ​ឌឺដង​បណ្ដើរ​ កាន់​តែ​ធ្វើ​អោយ​ខ្ញុំ​ឆួល​ ទប់​លែង​បាន​ ក៏​មួល​ចង្កេះ​គាត់​មួយ​ទំហឹង​ទៅ។ គាត់​ស្រែក​ថា៖ “យី! កណ្ដូប​នេះ​ដៃ​ដូច​ដង្កាប់​ មួល​ឡើង​ចង់​ដាក់​សាច់​ទៅ​ហើយ”។
ខ្ញុំ​ក៏​បាន​កត់​​ត្រា​ថ្ងៃ​កំណើត​របស់​ពូវិត​ តែ​បែរ​ជា​ច្រឡំ​ថ្ងៃ​ទៅ​វិញ។ ខ្ញុំ​បាន​ទិញ​ខោអាវ​ឈុត​កីឡា​ និង​អញ្ជើញ​គាត់​ញ៉ាំ​អី​ ជា​កាដូ​​ថ្ងៃ​កំណើត​របស់​ពូវិត។ តាម​ពិត​ ខ្ញុំ​ចង់​គូរ​រូប​របស់​គាត់​ជា​កាដូ​ តែ​ដោយ​ច្រឡំ​ថ្ងៃ​ ក៏​ប្ដូរ​ទៅ។
ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ​ យើង​ក៏​ឧស្សាហ៍​ចេញ​ទៅ​ក្រៅ​ញ៉ាំ​អី​ជាមួយ​គ្នា​រាល់​ពេល​ ដែល​ខ្ញុំ​សម្រាក។ ខ្ញុំ​ក៏​មាន​ចិត្ត​ទៅ​លើ​ពូវិត​ ដោយ​មិន​ដឹង​ខ្លួន​ដែរ​ តែ​ខ្ញុំ​នៅ​តែ​បន្ត​ឈ្លោះ​ប្រកែក​ ឌឺដង​ដាក់​ពូវិត​ជានិច្ច​ រហូត​ដល់​ពូវិត​ថា​ ខ្ញុំ​ជា​មនុស្ស​រឹងរូស។
ដល់​ថ្ងៃ​មួយ​ ពូវិត​បាន​ប្រាប់​​ខ្ញុំ​ថា គាត់​នឹង​ទៅ​ដណ្ដឹង​កូន​ក្រមុំ​ចិន​កាន់​វៀតណាម​ម្នាក់​នៅ​ភ្នំពេញ។ គ្រាន់​តែ​ឮ​ពាក្យ​នេះ​ភ្លាម​ បេះ​ដូង​របស់​ខ្ញុំ​ស្ទើរ​តែ​លែង​ដើរ​ ដក​ដង្ហើម​ស្ទើរ​លែង​រួច​ ហើយ​គិត​អី​ក៏​លែង​ចេញ​។ ខ្ញុំ​ក៏​ដាក់​ទូរសព្ទ​ចុះ​ ដោយ​មិន​បាន​ជម្រាប​លា។ ខ្ញុំ​គេង​មិន​លក់​ពេញ​មួយ​យប់​ ហើយ​ក៏​សម្រេច​ចិត្ត​ផ្ញើសារ​ទៅ​ពូវិត​ទាំង​យប់​ថា​ ខ្ញុំ​មាន​​ចិត្ត​ទៅ​លើ​ពូហើយ។ ពូវិត​ ក៏​មិន​បាន​ឆ្លើយ​តប​មក​វិញ​ដែរ។ ខ្ញុំ​ឈឺ​ចាប់​ពេក​ រហូត​ដល់​ថ្នាក់​ធ្លាក់​ខ្លួន​ឈឺ​ ឡើង​ស្លេកស្លាំង ហើយ​ស្រក​ទម្ងន់​ក្នុង​ពេល​តែ​ពី​រ​បី​ថ្ងៃ​ប៉ុណ្ណោះ។ ដោយ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​មិន​បាន​ ខ្ញុំ​ក៏​ដាក់​ចិត្ត​ ទូរសព្ទ​ទៅ​ពូវិត​ដើម្បី​បញ្ជាក់។
ពេល​បាន​និយាយ​ជាមួយ​គាត់​ ដោយ​សួរ​នាំ​សព្វ​គ្រប់​ ពូវិត​បែរ​ជានិយា​យ​ថា​ វា​ជា​ការ​លេង​សើច​ទេ​តើ! ចម្លើយ​របស់​គាត់​បាន​ធ្វើ​អោយ​ខ្ញុំ​​បាន​ជា​ពី​ជំងឺ​ និង​ត្រេកអរ​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​ក៏​មិន​បាន​ខឹង​​នឹង​ដែរ​ តែ​គាត់​ក៏​បាន​ដឹង​​ពី​ចិត្ត​របស់​ខ្ញុំ​​តាំង​ពី​ពេល​នោះ​មក​។ គាត់​សុំ​ទោស​ខ្ញុំ​ ដោយ​ដំបូង​ស្មាន​ថា​ ខ្ញុំ​មិន​ឈឺ​ដល់​ថ្នាក់​ហ្នឹង។
តាំង​ពី​ពេល​នោះ​មក​ ខ្ញុំ​សប្បាយ​ចិត្ត​គ្មាន​អ្វី​ប្រៀប​បាន។ យើង​តែង​តែ​ចេញ​ក្រៅ​ជាមួយ​គ្នា​ញឹកញាប់។ ដោយសារ​តែ​គាត់​តែង​បង្អាប់​ថា​​ មុខ​ខ្ញុំ​មិន​ស្អាត​ ខ្ញុំ​ក៏​ទៅ​ទិញ​ផលិត​ផល​​សម្អាង​ ដើម្បី​ព្យាបាល​ ហើយ​មុខ​ខ្ញុំ​ក៏​បាន​ស្រស់​ស្អាត​ឡើង​វិញ។ ខ្ញុំ​ចង់​អោយ​ពូវិត​ ដែល​ខ្ញុំ​ស្រលាញ់​ ភ្ញាក់​ផ្អើល។ ខ្ញុំ​ក៏​សម្ងំ​ មិន​ព្រម​ទៅ​ជួប​គាត់​​ទេ ខណៈ​ពេល​កំពុង​​ព្យាបាល​​មុខ​នៅ​ឡើយ។
ដល់​ថ្ងៃ​មួយ​ ខ្ញុំ​ក៏​សម្រេច​ថា​ ដល់​ថ្ងៃ​សម្រាក​ យើង​នឹង​ជួប​គ្នា​ ហើយ​ពូវិត​​នឹង​ភ្ញាក់​ផ្អើល​ ពេល​ដែល​បាន​ឃើញ​មុខ​កណ្ដូប​ ដែល​ប្រែ​ក្លាយ​ទៅ​ជា​ស្រស់​ស្អាត​បែប​នេះ។ បម្រុង​នឹង​ទូរសព្ទ​ណាត់​ជួប​គាត់​ ខ្ញុំ​ក៏​ទទួល​សារ​ពី​ពូវិត​មួយ​ភ្លាម។ ខ្ញុំ​ត្រេក​អរ​ណាស់​ពេល​ឃើញ​សារ​របស់​គាត់ តែ​ដល់​ពេល​បើក​អាន​ទៅ​ ទឹក​ភ្នែក​របស់​ខ្ញុំ​ស្ទើរ​តែ​ស្រក់​ធ្លាក់​មក​ តែ​ខ្ញុំ​ខំ​ទប់​ ព្រោះ​វា​ជា​ពេល​កំពុង​ធ្វើ​ការ។ គាត់​ប្រាប់​ថា​ សុំ​រាប់​អាន​ខ្ញុំ​ត្រឹម​មិត្ត​បាន​ហើយ​ បើ​ស្នេហា​ គឺ​មិន​អាច​ទៅ​រួច​ទេ។
ខ្ញុំ​ក៏​សុំ​គាត់​​ជួប​ទល់​មុខ​គ្នា​ជា​លើក​ចុង​ក្រោយ​ ដើម្បី​សួរ​អោយ​ដឹង​ការ​ពិត​ គាត់​​ក៏​ព្រម។ តែ​ដល់​ថ្ងៃ​ណាត់​ជួប​ ទេវតា​ក៏​មិន​អោយ​យើង​ជួប​គ្នា​ជា​លើក​ចុង​ក្រោយ​​សោះ​ ព្រោះ​ភ្លៀង​ក៏​បង្អុរ​មក​​យ៉ាង​ខ្លាំង​ ហើយ​ពូវិត​​ក៏​ផ្ញើសារ​មក​ថា​ មិន​បាន​មក​ទេ​ព្រោះ​ភ្លៀង។
ខ្ញុំ​ក៏​ទូរសព្ទ​ទៅ​សួរ​គាត់​ភ្លាម​ដែរ។ គាត់​បាន​និយាយ​ប្រាប់​ពី​រឿង​រ៉ា​ទាំង​អស់​ថា​ ប៉ាម៉ាក់​របស់​គាត់​បាន​រៀប​ចំ​ការ​គាត់​ជាមួយ​នារី​ម្នាក់​ នៅ​អាមេរិក​ ហើយ​គាត់​ក៏​អាច​ទៅ​រស់​នៅ​អាមេរិក​ដែរ។ គាត់​ក៏​បាន​និយាយ​ថា​ ខ្ញុំ​ជានារី​​ទី​មួយ​ ដែល​គាត់​ទាក់ទង​ក្នុង​លក្ខណៈ​ស្នេហា​ តែ​យើង​ត្រូវ​បែក​គ្នា​ត្រឹម​រឿង​ប៉ុណ្ណេះ។ បើ​សិន​ជា​គ្មាន​ការ​រៀប​ការ​នោះ​ទេ​ ពួក​យើង​ប្រាកដ​ជា​បាន​រស់​នៅ​ជាមួយ​គ្នា​ទៅ​ថ្ងៃ​អនាគត​មិន​ខាន។
ខ្ញុំ​ក៏​ព្រម​តាម​គាត់​ទាំង​អស់​ ព្រោះ​គាំ​ទ្រ​គាត់​ដែល​ធ្វើ​តាម​អ្នក​មាន​គុណ​។ ​អ្វី​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​នោះ​ ​គឺ​ខ្ញុំ​ក៏​បាន​ដឹង​ថា​ ពូវិត​ក៏​ស្រលាញ់​ខ្ញុំ​ដែរ។ តែ​ខ្ញុំ​បែរ​ជា​ឈឺ​ចាប់​ម្ដង​ទៀត​ ឈឺ​គ្មាន​អ្វី​អធិប្បាយ​បាន​ ព្រោះ​ថ្ងៃ​ដែល​ ពូវិត ​ប្រាប់​ថា​ស្រលាញ់​ខ្ញុំ​ ជា​ថ្ងៃ​ដែល​យើង​ត្រូវ​បែក​គ្នា​ទៅ​វិញ។ គាត់​សុំទោស​ខ្ញុំ​គ្រប់​យ៉ាង​ ដែល​គាត់​ជា​មនុស្ស​គិត​តែ​ពី​​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ជា​មនុស្ស​អាត្មានិយម។ ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ថា​ យើង​នឹង​បាន​ជួប​គ្នា​​ទៅ​ថ្ងៃ​អនាគត​ ព្រោះ​ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​របស់​ពូវិត នៅ​មិន​ទាន់​ចេញ​ជា​លទ្ធផល​ទេ។ តែ​យើង​ក៏​មិន​ដែល​ទាក់ទង​គ្នា​ដែរ។
ដល់​ថ្ងៃ​ទី​៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៣​ ខ្ញុំ​ក៏​បាន​ជួប​ពូវិត​ម្ដង​ទៀត។ ខ្ញុំ​សប្បាយ​ចិត្ត​គ្មាន​អ្វី​ប្រៀប​បាន​ ហើយ​ក៏​ទៅ​ញ៉ាំ​គុយទាវ​នៅ​ហាង​វៀតណាម​ដដែល​ម្ដង​ទៀត​ ដែល​ជា​កន្លែង​ យើង​ណាត់​ជួប​គ្នា​លើក​ដំបូង​ ​ហើយ​ក៏​ជា​កន្លែង​យើង​ជួប​គ្នា​ជា​លើក​​ចុង​ក្រោយ​ដែរ។
នៅ​ពេល​នេះ​​ កណ្ដូប​សង្ឃឹម​ថា​ ពូវិត​នឹង​បាន​ឃើញ​នូវ​អត្ថបទ​មួយ​នេះ​ ហើយ​យល់​ពី​ការ​ឈឺ​ចាប់​របស់​កណ្ដូប​ ពេល​គ្មាន​ពូ​ផង។ កណ្ដូប​នៅ​តែ​ដឹង​ពី​សុខ​ទុក្ខ​របស់​ពូ​ជានិច្ច​ បើ​ទោះ​បី​ជា​ពូ​នៅ​ក្បែរ​អ្នក​ផ្សេង​ក្ដី​ ព្រោះ​កណ្ដូប​ចង់​ឃើញ​ ពួ​​មាន​សេចក្ដី​សុខ​​ និង​មាន​អនាគត​ល្អ។ កណ្ដូប​មិន​ទាម​ទា​អោយ​ពូ​ នៅ​ក្បែរ​កណ្ដូប​ទេ​ តែ​ចង់​អោយ​ពូ​ចង់​ចាំ​​កណ្ដូប។
កណ្ដូប​គិត​​ថា​ បើ​យើង​បែក​គ្នា​ពេល​នេះ​ មិន​ដឹង​ថា​ នៅ​ពេល​ណា​បាន​ជួប​គ្នា​ទេ​ តែ​បើ​មាន​វាសនា​បាន​ជួប​គ្នា​ម្ដង​ទៀត​នោះ​ យើង​នឹង​ស្រលាញ់​គ្នា​ម្ដង​ទៀត​ បើ​សិន​ជា​ពូ​មិន​ទាន់​រៀប​ការ​​ទេ៕
ពី​នាង​ កណ្ដូប​