ខ្មែរ​កម្ពុជា​ក្រោម​នឹង​ ធ្វើ​មហា​បាតុកម្ម​ដើម ខែ​កម្ភៈ​មុខ​ស្នាក់ការ​UN ​ប្រទេស​ស្វីស​ ប្រឆាំង​ការកាត់ទោស​ ពី​សំណាក់​អាជ្ញាធរ​វៀតណាម​​

1/30/2014 0 Comments A+ a-

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នឹងធ្វើ​មហា​បាតុកម្ម​នៅមុខ​ស្នាក់ការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ សិទ្ធិ​មនុស្ស​នា​ទី ក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស នៅ​ថ្ងៃ​ទី៥ ខែ​កម្ភៈ​ខាងមុខ ប្រឆាំងនឹង​ការកាត់ទោស​ពលរដ្ឋ​ខ្មែរ​ក្រោម ​ពី​សំណាក់​ប​អាជ្ញាធរ​ប្រទេស​វៀតណាម ទៅលើ​ព្រះសង្ឃ ២​ព្រះអង្គ និង​ពុទ្ធបរិស័ទ ៦​នាក់​ដោយ​ឲ្យ​ជាប់ពន្ធនាគារ​ជាច្រើន​ឆ្នាំ។​
​សេចក្តីប្រកាស​ព័ត៌មាន ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​VOD ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ​ខែ​មករា​នេះ​ឲ្យដឹងថា​ ដោយហេតុ​ខ្មែរ​កម្ពុជា​ក្រោម​មាន​ទុក្ខ​ជា​ទម្ងន់ដោយសារ​តែ​តុលាការ​នៃ​រដ្ឋ ​អំណាច​វៀតណាម​ បាន​កាត់ទោស​ឲ្យ​ព្រះសង្ឃ​២​ព្រះអង្គ​នឹង​ពុទ្ធ​បរិស័ទ្ធ ៦​នាក់ ជាប់គុក​ពី​១០​ខែ ដល់​៦​ឆ្នាំ ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​យល់ថា​នេះ គឺ​ជា​ទង្វើដែល​អយុត្តិធម៌​បំផុត។ សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា កំហុស​របស់​ព្រះសង្ឃ​ដែល​ត្រូវ​ជាប់គុក​រហូតដល់​៦​ឆ្នាំ​នោះ​គឺ ព្រះអង្គ​បាន​ទទួច​ឲ្យ​សង់​សាលារៀន​ក្នុង​វត្ត​ដើម្បី​បណ្តុះបណ្តាល​កូន​ ខ្មែរ​ ឲ្យ​ចេះ​អក្សរ​ខ្មែរ ដែល​មាន​នៅក្នុង​កម្មវិធី​ជា​ផ្លូវការ​នៅក្នុង​សាលា​រដ្ឋ​។
​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចាត់ទុកថា ករណី​នេះ​គឺជា​រឿង​អយុត្តិធម៌ ពី​សំណាក់រដ្ឋអំណាច​វៀតណាម​នេះ ដែល​ផ្ទុយ​និង​អនុសញ្ញា​ស្តីពី សិទ្ធិ​កុមារ ហើយ​វៀតណាម​បាន​ចុះហត្ថលេខា​ជាមួយ​អង្គការ​សហប្រជាជាតិ តាំងតែ​ពី​ថ្ងៃ​ទី២៦ ខែ​មករា ឆ្នាំ១៩៩០ ដោយ​សន្យា​ថា​ត្រូវ​ផ្គត់ផ្គង់​អប់រំ​កុមារ​ជនជាតិដើម​ ឲ្យស្រប​ទៅ​តាម​វប្បធម៌​អក្សរ​សាសន៍ និង​ភាសា​កំណើត​របស់​ខ្លួន។ ដោយហេតុ​អយុត្តិធម៌​បែបនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ធ្វើ​មហា​បាតុកម្ម​នៅ​មុខ​ស្នាក់ការ​អង្គការសហប្រជាជាតិ នា​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស នៅ​ថ្ងៃ​ទី៥ ខែ​កម្ភៈ​ខាងមុខ។​
​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​អាណានិគម​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម​គ្រប់គ្រង​នៅ​ឆ្នាំ១៩៤៩ ជា​តំបន់​មួយ​នៅ​ដែនដី​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សំបូរ​ទៅ​ដោយ​វត្ត​អារាម និង​ទំនៀមទំលាប់​ប្រពៃណី ដែល​បុព្វ​បុរាណ​ខ្មែរ ប៉ុន្តែ​បន្ទាប់ពី​ទឹកដី​នេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ វៀត​ណា​ម មាន​ព័ត៌មាន​ជាច្រើន​បាន​ផ្សព្វផ្សាយ​ថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម រួមទាំង​ព្រះសង្ឃ ត្រូវ​បាន​បិទ​សិទ្ធិ​សេរីភាព​គ្រប់​បែបយ៉ាង ដែល​ក្នុងនោះ​មានការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ព្រះសង្ឃ និង​ព្រះរាជ​ពលរដ្ឋ​ធម្ម ហើយ​ជារឿយៗ​តែងតែ​ចាប់​យក​ទៅ​ឃុំខ្លួន និង​ផ្សឹក​៕ប្រភព ពីវីអូឌី