នាយក​កម្មវិធី IRI៖ ខ្សែបន្ទាត់​នៃ​ការដឹកនាំ​ផ្លូវ​ត្រូវ នឹង​កាន់តែ​ធ្លាក់ចុះ បើ​កម្ពុជា​នៅតែ​មិន​ធ្វើ​កំណែទម្រង់​​

1/30/2014 0 Comments A+ a-

របាយការណ៍​ស្ទង់​មតិ​សាធារណជន​ខ្មែរ​របស់​វិទ្យាសា្ថន​សាធារណរដ្ឋ​ អន្តរជា​តិ IRI លើក​ទី​១០ ចេញផ្សាយ​នៅ​ពាក់កណ្តាល​ខែ​មករា​នេះ រកឃើញថា កម្ពុជា ដើរ​លើ​ផ្លូវត្រូវ ៥៥% ផ្លូវខុស ៤៣%​។
​ការស្ទង់មតិ​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២៨ ខែតុលា ដល់​ថ្ងៃ​ទី​១០​ខែវិច្ឆិកា ឆ្នាំ​២០១៣ ក្រោយ​ការបោះឆ្នោតជាតិ ឆ្នាំ​២០១៣ ក្រោម​សំណាក​មនុស្ស​២០០០​នាក់ ជ្រើសរើស​ក្នុង ២៤ ខេត្ត​រាជធានី​ទូទាំង​ប្រទេស​កម្ពុជា និង​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ ដែល​មាន​សិទ្ធិ​ក្នុង​ការបោះឆ្នោត​។​
VOD បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​នាយក​កម្មវិធី​វិទ្យាស្ថាន​សាធារណរដ្ឋ​ អន្តរជាតិ IRI ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Jessica Keegan និង​បាន​សាកសួរ​នូវ​សំណួរ​មួយចំនួន​ពាក់ព័ន្ធ​គោលបំណង​នៃ​ការស្ទង់មតិ ឆ្លុះបញ្ចាំង​ទៅ​ទិដ្ឋភាព​សង្គម​កម្ពុជា និង​ផលប្រយោជន៍​នៃ​ការស្ទង់មតិ​នេះ ចំពោះ​ពលរដ្ឋ​កម្ពុជា និង​រដ្ឋាភិបាល​ផង​ដែរ​។​
VOD៖  តើ​អ្វី​ជា​គោលបំណង​នៃ​ការ​របាយការណ៍​ស្ទង់​មតិ​នេះ​?
Jessica Keegan៖ គោលបំណង​នៃ​ការស្ទង់មតិ​នេះ គឺ​ដើម្បី​ផ្តល់​ជា​ព័ត៌មាន​ដល់​គណបក្ស​នយោបាយ ក៏ដូចជា​ដៃគូរ​ពាក់ព័ន្ធ​សំខាន់ៗ ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​នេះ​ក៏​ជា​គោលបំណង​ផ្ទៃក្នុង​របស់​យើង ដើម្បី​បង្ហាញ​ពី​កម្មវិធី​របស់​យើង​។ សំខាន់​ជាង​នេះ ការស្ទង់មតិ​នេះ គឺជា​មូលដ្ឋាន សម្រាប់​ជួយ​ចង្អុលបង្ហាញ​ដល់​គណបក្ស​នយោបាយ ក្នុង​ការអភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​។​

លោកស្រី Jessica Keegan នាយក​កម្មវិធី​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ IRI ប្រចាំ​ប្រទេស​កម្ពុជា (រូបថតដោយ Francein)
VOD៖  តើ​អ្វីខ្លះ ជា​ចំណុច​ខុសគ្នា រវាង​ការស្ទង់មតិ​លើក​ទី​១០​នេះ បើ​ធៀប​ទៅ​នឹង​ការស្ទង់មតិ​លើក​មុន​?
Jessica Keegan៖ មាន​ភាពខុសគ្នា​ខ្លាំង​។ នៅក្នុង​លទ្ធផល​ស្ទង់​មតិ​ថ្មី​នេះ យើង​ឃើញ​ច្បាស់​ពី​ការផ្លាស់ប្តូរ​ឥរិយាបថ និង​អាកប្បកិរិយា​នៃ​ប្រជាជន​កម្ពុជា​។ ការស្ទង់មតិ​របស់​យើង​នៅ​ឆ្នាំ​២០១៣ ដែល​ធ្វើឡើង​កាលពី​ខែ​មករា ហើយ​ក្រោយមក យើង​បាន​ធ្វើ​ការស្ទង់មតិ​មួយទៀត នៅ​ខែ​តុលា វា​បង្ហាញ​ច្បាស់​ណាស់​ថា ប្រជាជន​កម្ពុជា មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​ប្រទេស បើ​ធៀប​នឹង​កាលពី​១​ឆ្នាំមុន​។
​ចំណាំ​៖​កាលពី​អាណត្តិ​ទី​៤ ក្រោយ​ការបោះឆ្នោត រកឃើញថា ៨២% យល់ថា កម្ពុជា​ដើរ​លើ​ផ្លូវត្រូវ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា បាន​៩០​អាសនៈ​។ រីឯ​ការដើរ​លើ​ផ្លូវខុស​មានតែ​១៧% ហើយ​ពេលនោះ  លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ទទួលស្គាល់​ការស្ទង់មតិ​របស់ IRI នេះ​។ តែ​ចំនួន​នេះ​ថយ​ចុះ​មក​នៅត្រឹម ៧៩ ភាគរយ​នៅ​ដើមឆ្នាំ ២០១៣ និង​មក​ត្រឹម​៥៥ ភាគរយ សម្រាប់​ចុងឆ្នាំ ២០១៣​នេះ ដូចដែល​មាន​នៅក្នុង​កា​រ​ស្ទង់​មតិ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​តែ​៦៨​អាសនៈ​។​
VOD៖ តើ​ការស្ទង់មតិ​នេះ ឆ្លុះបញ្ចាំង​បែបណា ទៅ​នឹង​ទិដ្ឋភាព​សង្គម និង​គណបក្ស​នយោបាយ​ទាំងពីរ​?
Jessica Keegan៖ នៅក្នុង​លទ្ធផល​ស្ទង់​មតិ​នេះ តួលេខ​នៃ​ប្រជាជន​តិចតួច ដែល​នៅតែ​បន្ត​គិតថា ការដឹកនាំ​ប្រទេស ឈានទៅរក​ផ្លូវត្រូវ​។ ការផ្លាស់ប្តូរ​ឥរិយាបថ និង​អាកប្បកិរិយា ផ្តើម​ពី​ខែ​មករា ឆ្នាំ​២០១៣ រហូតដល់​ខែ​តុលា ឆ្នាំ​ដ​ដែរ​នេះ គឺ​មាន​សារៈសំខាន់​ណាស់ វា​ឆ្លុះបញ្ចាំង​ពី​បំណងប្រាថ្នា​ដ៏​មុះមុត​របស់​ពលរដ្ឋ ចំពោះ​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ​។​
​ចំណាំ​៖ ការស្ទង់មតិ​លើក​ទី​១០ របស់​IRI បង្ហាញថា ចំណុច​សំខាន់​បំផុត​នៅ​ពេល​សម្រេច​ចិត្ត​ទៅ​បោះឆ្នោតឲ្យ គណបក្ស​ណាមួយ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣ គឺ​ប្រទេស​ត្រូវការ​ការផ្លាស់ប្តូរ ដែល​មាន​ទៅ​ដល់​៤៦​ភាគរយ​។ កត្តា​ទី​២ គឺ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រីក​ចម្រើន​រហូត​មកដល់ពេលនេះ ដែល​មាន​ទៅ​ដល់​៤១​ភាគរយ កត្តា​ទី​៣ គឺ​ស្នាដៃ​របស់​គណបក្ស ដែលមាន​៣៩​ភាគរយ កត្តា​ទី​៤ គឺ​មេដឹកនាំ​គណបក្ស មាន​៣៥​ភាគរយ កត្តា​ទី​៥ គឺ​ការសន្យា​ពេល​យុទ្ធនាការ​បោះឆ្នោត ដែលមាន​៣០​ភាគរយ កត្តា​ផ្សេងៗ​ទៀត​។​

ក្រាបបង្ហាញពីកត្តាដែលជំរុញឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតអាណត្តិទី៥នេះ (រូបភាពដោយ IRI)
VOD៖ តើ​ការផ្លាស់ប្តូរ​ឥរិយាបថ និង​អាកប្បកិរិយា​នេះ ជះឥទ្ធិពល​យ៉ាង​ណា ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​?
Jessica Keegan៖ អាចទៅរួច ខ្ញុំ​គិតថា មាន​កត្តា​ន​យោ​យ​បាយ​សង្គម​ជាច្រើន ដែល​រួច​ចំណែក​ក្នុង​ការស្ទង់មតិ​នេះ​។ ក្រោយ​គណបក្សប្រឆាំង​ពីរ ត្រូវបាន​បញ្ចូល​គ្នា ការបោះឆ្នោត​មាន​លក្ខណៈ​ប្រកួតប្រជែង ហើយ​ទាំងនេះ​ជា​កត្តា​សំខាន់​ចំពោះ​ទិដ្ឋភាព​នយោបាយ និង​ជា​ហេតុផល​នៃ​ការប្រែប្រួល​លទ្ធផល​ស្ទង់​មតិ​របស់​យើង រវាង​ខែមករា និង​ខែតុលា​។ ប្រសិនបើ​យើង​ផ្តោត​លើ​ទិន្នន័យ​នៃ​ការស្ទង់មតិ​នេះ គឺ​មាន​ភ័ស្តុតាង​រឹងមាំ ដែលថា កម្ពុជា ត្រូវការ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត ជាពិសេស បញ្ជី​ឈ្មោះ​បោះឆ្នោត​។ ពាក់ព័ន្ធ​នឹង​ករណី​នេះ ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត រួម​នឹង​បែបបទ​នៃ​ការត្រួតពិនិត្យ គឺជា​ការ​ព្រួយបារម្ភ​មួយ​។ ពេល​អ្នក មើល​ទៅ​កាន់​សំណួរ ដែល​យើង​សួរ​ទៅ​កាន់​ប្រជាពលរដ្ឋ​កម្ពុជា  និង​អ្នក​ឆ្លើយតប​របស់​យើង​នោះ ថា​តើ​ពួកគេ​បារម្ភ​កម្រិតណា ចំពោះ​ភាព​មិន​ស្របគ្នា​នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត គឺ ៧១% ឬ​៣​ភាគ​៤ នៃ​អ្នក​ឆ្លើយតប​ថា ពួកគេ​បារម្ភ​លើ​ចំណុច​នេះ ហើយ​វា​ជា​បញ្ហា​មួយ​។​
VOD៖ តើ​លទ្ធផល​ការស្ទង់មតិ អាច​ជឿជាក់​កម្រិតណា​?
Jessica Keegan៖ ប្រាកដ​ណាស់ ការស្រាវជ្រាវ គឺ​ភាព​ច្បាស់លាស់ ត្រឹមត្រូវ ដោយសារ​កម្រិត​លម្អៀង​ចំពោះ​ដំណើរ​ការស្ទង់មតិ​នេះ គឺ​ប្រហែល ២.២​ភាគរយ​តែ​ប៉ុណ្ណោះ​។ ពួកយើង មាន​ទំនុកចិត្ត​ចំពោះ​លទ្ធផល​ស្ទង់​មតិ ក្រោម​សំណាក​មនុស្ស ២០០០​នាក់​នេះ ហើយ​ទុកចិត្ត​ថា សារ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​បាន​និយាយ​ឡើង​តាម​ទិន្នន័យ​ទាំងនេះ តំណាងឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា​។​
​ចំណាំ​៖ កន្លងទៅ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប យល់ថា របាយការណ៍​ក្រោម​សំណាក​មនុស្ស ២០០០​នាក់ គឺ​មិន​បង្ហាញ​ពី​ឆន្ទៈ​រួម​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​នោះ​ទេ​។ លោក​ទទួលស្គាល់ថា ភាគរយ​នៃ​ការដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាក់​ចុះ​ខ្លះ តែ​មិន​ច្រើន​ដល់​ជិត ៣០% បើ​ធៀប​នឹង​អាណត្តិ​មុន​នោះ​ទេ​។ យ៉ាងណាក៏ដោយ លោក ជាម យៀប ចាត់ទុក​លទ្ធផល​របា​យ​ការណ៍​នេះ ជា​មូលដ្ឋាន សម្រាប់​រដ្ឋាភិបាល បន្ត​កិច្ច​ប្រឹងប្រែង កែទម្រង់​ដឹកនាំ​ប្រទេស​ទៅ​ថ្ងៃ​ខាង​មុខ​។​
VOD៖ តើ​អ្នក​គិតថា រដ្ឋាភិបាល​កម្ពុជា នឹង​ពិចារណា​បែបណា ចំពោះ​លទ្ធផល​នៃ​ការស្ទង់មតិ​នេះ​?
Jessica Keegan៖ ខ្ញុំ​គិតថា កត្តា​នេះ គឺ​អាស្រ័យ​លើ​អ្នក​កាន់អំណាច និង​អ្នកសម្រេចចិត្ត ទទួល​ឬ​មិន​ទទួលយក​ការរកឃើញ​នេះ ហើយ​ខ្ញុំ​គិតថា វា​សំខាន់​សម្រាប់​ពួកគេ​ផង​ដែរ ដោយសារ​លទ្ធផល​ជាក់​ច្បាស់​ណាស់​ថា ប្រជាប្រិយភាព​គាំទ្រ​គណបក្សកាន់អំណាច កំពុង​ថយចុះ លុះណាតែ​អ្នកកាន់អំណាច​ទាំងនោះ ដែល​កំពុង​ស្ថិត​ក្នុង​តំណែង អាច​ឆ្លើយតប​ចំពោះ​ការទាមទារ​របស់​អ្នកបោះឆ្នោត​ហើយ ដែល​កំពុង​ផ្លាស់​ប្តូរ លុះត្រាតែ​អ្នក​ស្ថិត​ក្នុង​តំណែង​ទាំងនោះ ទទួលយក​នូវ​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ឆ្លើយតប​នឹង​ការទាមទារ​របស់​អ្នកបោះឆ្នោត បើ​មិន​ដូច្នោះ ខ្ញុំ​គិតថា សេរីភាព​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​កាន់តែ​សឹក​រិច​រិល​។ ហើយ​នេះ​គឺ​អាស្រ័យ​លើ​ពួកគេ​ពិចារណា អ្វី​គួរ​ធ្វើ តែ​ចុង​បំផុត គឺ​លទ្ធផល​នៃ​ការស្ទង់មតិ​បង្ហាញថា យន្តការ​មាន​ប្រសិទ្ធិភាព​មួយ​គប្បី​ធ្វើឡើង​។​
VOD៖ តើ​លទ្ធផល​នៃ​ការស្ទង់មតិ​នេះ មាន​អត្ថប្រយោជន៍​អ្វីខ្លះ ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​រដ្ឋាភិបាល​?
Jessica Keegan៖ ជា​សកល ទិន្នន័យ​នេះ បង្ហាញ​ពី​បំណងប្រាថ្នា​ដ៏​ក្លាំងក្លា ចំពោះ​កំណែទម្រង់​។ ខ្ញុំ​គិតថា មាន​ចំណុច​ជាច្រើន​ក្នុង​ទិន្នន័យ​នេះ ។ ចំណុច​សំខាន់​មួយ​ក្នុង​ការស្ទង់មតិ​នេះ បង្ហាញថា ជិត ៣​ភាគ​៤​នៃ​អ្នក​ឆ្លើយតប ជឿថា ពួកគេ មាន​សិទ្ធិ​ច្រើន​ជាង​មុន ក្នុង​ការនិយាយ​ជា​សាធារណៈ​ពី​នយោបាយ ហើយ​កម្មវិធី​ជា​ច្រើន​របស់​IRI ប៉ុន្មាន​ឆ្នាំ​នេះ គឺ​ផ្តោតលើ​ការពង្រីក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ គោលនយោបាយ​តស៊ូ​មតិ និង​ការចូលរួម​របស់​យុវជន​ជា​ដើម​។ ដូចដែល​យើង​បានដឹង គឺ​មាន​យុវជន​ជាច្រើន បាន​ផុសផុល​ឡើង​ក្នុង​ដំណើរ​ការបោះឆ្នោត​កន្លង​ទៅនេះ ហើយ​មាន​យុវជន​ជាច្រើន​នាក់​ទៀត បាន​ចូលរួម​បោះឆ្នោត​ជា​លើកដំបូង​។ ចំពោះ​តួលេខ​អ្នក​ដែល​ថា ខ្លួន​មាន​សេរីភាព​ច្រើន​ក្នុង​ការជជែក​គ្នា​ពី​រឿង​នយោបាយ គឺជា​ផ្នែក​មួយ​លើកទឹកចិត្ត​ដល់ IRI បន្ត​ការវិនិយោគ​លើ​ការអភិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​សម្រាប់​ប្រជា​ពលរដ្ឋ​ផ្ទាល់​។ ត្រង់​នេះ​ជា​ចំណុច​សំខាន់​មួយ ដែល​បង្ហាញ​ថា នៅពេល​ដែល​របាយការណ៍ ត្រូវបាន​រៀបចំ​ឡើង​នៅ​ខែតុលា ប្រជាពលរដ្ឋ ជាទូទៅ មាន​សិទ្ធិ​ក្នុង​ការប្រមូលផ្តុំ​ដោយ​សន្តិភាព​។ ខ្ញុំ​គិតថា ប្រសិនបើ​ការស្ទង់មតិ ធ្វើឡើង​នៅ​ថ្ងៃនេះ​ផ្ទាល់ ខ្សែបន្ទាត់​នៃ​ការដឹកនាំ​ផ្លូវ​ត្រូវ អាច​នឹង​កាន់តែ​ធ្លាក់ចុះ​ជា​ង​នេះ​។ ទន្ទឹមនឹងនេះ យើង​ឃើញ​មាន​ការគាំទ្រ​ច្រើន ពី​ប្រជាពលរដ្ឋ​កម្ពុជា ចំពោះ​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ ជា​ពិសេស​ប្រព័ន្ធ​តុលាការ និង​សេរីភាព​បញ្ចេញមតិ​។
VOD៖ តើ IRI មាន​ជា​អនុសាសន៍​បែបណា​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​កែលម្អ និង​អភិវឌ្ឍ​ប្រទេសជាតិ​?
Jessica Keegan៖ ទិន្នន័យ​ទាំងនេះ បង្ហាញ​ដោយ​ខ្លួនឯង​ហើយ ពួក​យើង​មិន​ធ្វើការ​វិភាគ សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា​ឡើយ​។ យើង​បាន​ផ្តល់​ឯកសារ​ទិន្នន័យ​ទាំងនោះ ទៅកាន់​ដៃគូរ​ពាក់ព័ន្ធ ហើយ​ពួក​យើង​សង្ឃឹមថា ពួកគេ​នឹង​ប្រើប្រាស់​វា ក្នុងន័យ​ស្ថាបនា​មួយ​។ ការស្ទង់មតិ​នេះ បង្ហាញ​ច្បាស់លាស់​ពី​សូចនាក​រណ៍ ដែល​កំណែទម្រង់​ចាំបាច់​ធ្វើឡើង ដោយសារ​ការជំរុញ​យ៉ាង​ច្រើន​ពី​ពលរដ្ឋ ហើយ​នេះ​គឺ​អាស្រ័យ​លើ​អ្នក​កាន់អំណាច​ជា​អ្នកសម្រេចចិត្ត​។ យើង​មិន​ផ្តល់​ជា​អនុសាសន៍ ឬ​ការប្រឹក្សា​នោះទេ តែ​យើង​ធ្វើការ​ជាមួយ​គណបក្ស​នយោបាយ ដើម្បី​ពង្រឹង​សមត្ថកិច្ច​របស់​ពួកគេ ក្នុងការ​វិភាគ​លើ​ទិន្នន័យ​ទាំងនេះ ដោយ​ខ្លួនឯង​ផ្ទាល់ ដូច្នេះ យើង​នឹង​ផ្តល់​ទិន្នន័យ​នេះ ទៅ​ពួកគេ តែ​ខ្ញុំ​មិន​ប្រាប់​ពួក​គេ​អ្វី​គួរ​ធ្វើ​នោះទេ​៕ប្រភព ពី វីអូឌី