នគរបាល នាយកដ្ឋាន អន្តរាគមន៍ ក្រសួងមហាផ្ទៃម្នាក់ បាញ់មេការ ហាងបុប្ជាចំការមន ធ្លាយគូទ

1/17/2014 0 Comments A+ a-

ភ្នំពេញ ៖ កម្លាំងកង រាជអាវុធហត្ថ ខណ្ឌចំការមន ចាប់ក្របួច នឹងវាយខ្នោះ នគរបាល នាយកដ្ឋាន អន្តរាគមន៍ ក្រសួងមហាផ្ទៃម្នាក់ យកទៅកាន់ ទីបញ្ជាកង រាជអាវុធហត្ថ ខណ្ឌចំការមនភ្លាមៗ ដោយ សារនគរបាលរូបនោះ ចូលផឹកស៊ី ក្នុងភោជនីយដ្ឋាន បុប្ជាចំការមន ស្រវឹងជោគជាំ ហើយពេល មេការ សុំគិតលុយ ដល់ម៉ោងបិទហាង ធ្វើឲ្យរូបគេផ្ទុះហឹង្សា ដក កាំភ្លើងខ្លីពីចង្កេះ បាញ់សំដៅទៅលើមេការ មួយគ្រាប់ ចំគូទធ្លាយរងរបួស សន្លប់ស្តូកស្តឹង នៅលើតុក្នុងកញ្ចុះ ភោជនីយ៍ដ្ឋានខាងលើ ។
សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ២៤ នឹង ២០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងភោជនីយ៍ដ្ឋាន បុប្ជាចំការមន មានទី តាំងតាម បណ្តោយផ្លូវលេខ ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
មេការដែលត្រូវជនដៃដល់ បាញ់ធ្លាយគូទខាងលើ មានឈ្មោះ ម៉ាច ភេទប្រុស អាយុជិត ៣០ ឆ្នាំ ។ ចំណែកជនដៃដល់ឈ្មោះ ស្រ៊ុង ណាំគា ភេទប្រុស អាយុ ២៨  ឆ្នាំជានគរបាល នាយកដ្ឋាន អន្តរាគមន៍ក្រសួង មហាផ្ទៃ  ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
យោងតាមរៀបរាប់ របស់បុគ្គលិក ក្នុងភោជនីយដ្ឋាន បុប្ជាចំការមន បានឲ្យដឹងថាមុនពេល កើតហេតុ ជនដៃដល់បានបើករថយន្តមួយគ្រឿងម៉ាក កាមរីហាយប្រ៊ិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X 1267 មកឈប់មុខហាង ហើយចុះដើរ ចូលទៅអង្គុយក្នុងកញ្ចុះ នៃភោជនីយដ្ឋាន បុប្ជាចំការមន ជាមួយ នារីបម្រើការ ក្នុងហាង នឹងបានហៅស្រាបៀរមកផឹក រហូតស្រវឹងជោគ ជាំដល់ម៉ោងប្រមាណជាង ១២ យប់ មេការឈ្មោះ ម៉ាច បានមកឈរជិត នឹងនិយាយប្រាប់ឈ្មោះ ស្រ៊ុង ណាំគា ជានគរបាល ថាបង ប្រុសហាង របស់ប្អូនដល់ម៉ោងបិទហើយ ដូច្នេះប្អូនសុំគិត លុយបានទេ ។ ភ្លាមៗនោះឈ្មោះស្រ៊ុង ណាំគា អាងខ្លួនមានកាំភ្លើងខ្លី នឹងមានអំណាចនោះក៏បាន ស្រែក គំរាមបាញ់មេការ រួមទាំងបោះពាក្យសម្តី មិនសមរម្យថែមទៀត ។
ប្រភពដដែលបន្តថា ដោយសារមេកានៅតែបន្តសុំគិតលុយ រហូតធ្វើឲ្យឈ្មោះ ស្រ៊ុង ណាំគា ផ្ទុះ ហឹង្សា កាន់តែខ្លាំងទ្រាំលែង បានក៏ទាញកាំភ្លើងពីចង្កេះ បាញ់សំដៅទៅមេកាចំនួន មួយគ្រាប់ បណ្តាលឲ្យចំត្រង់ គូទមេ កាខាងឆ្វេង សន្លប់ស្តុកស្តឹងក្នុងថ្លុកឈាម រួចនគរបាលរូបនោះបាន ស្រវេ ស្រវ៉ារត់ចេញ ពីក្នុង ហាងបំណងគេចខ្លួន ប៉ុន្តែត្រូវក្រុមអង្គរក្សដែលយាមកាមនៅ ភោជនីយដ្ឋាន បុប្ជាចំការមន ទាញ់កាំភ្លើងខ្លីបាញ់ តប់តជាមួយជនដៃដល់ចំនួន ៣ គ្រាប់ ដើម្បីគំរាមឲ្យជនដៃដល់កុំឲ្យរត់គេចខ្លួន នឹងសម្លុតឲ្យជនដៃ ទម្លាក់កាំភ្លើងចេញពីដៃ។
ក្រោយមានការផ្ទុះអាវុធលាន់ ដូចរន្ទះខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌចំការមន ដែលកំពុងជិះ ម៉ូតូល្បាតក្នុងមូលដ្ឋាន លឺសូរស្នូរក៏បានចុះមកអន្តរាគមន៍ ដល់កន្លែងកើតហេតុ ភ្លាមៗ ទើបដឹងថា មានជនដៃ ដល់ម្នាក់ជានគរបាលនាយកដ្ឋានអន្តរាគមន៍ក្រសួងមហា ផ្ទៃបាញ់ បោះសេរី នឹងបង្ករបួស ស្នាមដោយ ចេតនាទៅលើបុរសជាមេការក្នុងហាង ដូច្នេះកម្លាំងប៉េអឹម ក៏សម្រេចចាប់វាយខ្នោះ ជនដៃដល់ ញាត់ចូលរថយន្ត កាមរី ហាយប្រ៊ិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X 1267 របស់ជនបង្ក យកមកកាន់ ទីបញ្ជាកងរាជអាវុធហត្ថខណ្ឌចំការមនភ្លាមៗដើម្បី ធ្វើការសាកសួរទាក់ទិននឹងការផ្ទុះអាវុធខាងលើ។
ក្រោយការឃាត់ខ្លួន ជនបង្កយកទៅកាន់ទីបញ្ជាការរួចមក នៅចំពោះមន្រ្តីកងរាជអាវុធ ហត្ថជន ដៃដល់ បានព្យាយាមនិយាយលាក់បាំង នឹងបង្វែងដានថា ខ្លួនគ្មានបំណង បាញ់មេការទេ គឺគ្រាន់ ដកកាំភ្លើង កេសកៃលេង តែប៉ុណ្តោះ ដោយពុំបានដឹងថាកាំភ្លើងរបស់ខ្លួនបញ្ជូលគ្រាប់ហើយ ប៉ុន្តែខណៈខ្លួន កេសកៃលេង ក៏ស្រាប់តែផ្ទុះ ឡើងមួយគ្រាប់ចំគូទមេកាតែម្តងទៅ។
បើទោះបីជនបង្កព្យាយាម និយាយយករួចខ្លួនយ៉ាងណា ក៏ដោយនៅតែសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីបន្តទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថរាជធានី ភ្នំពេញរង់ចាំបញ្ជុន បន្តទៅសាលាដំបូង រាជធានីភ្នំពេញ ផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយសារអំពើដែលរូបគេប្រព្រឹត្តមានស្ថានភាព ទោស ធ្ងន់ធ្ងរ ។ 
ជុំវិញការផ្ទុះអាវុធទាំងកណ្តាលរាត្រីនៅក្នុងភោជនីយដ្ឋាន បុប្ជាចំការមន នេះបានបង្កឲ្យបងប្អូន ប្រជា ពលរដ្ឋដែលរស់នៅជិតនោះម្នាក់ៗភ័យស្លេតមុខស្លេតមាត់ ។ បន្ទាប់ពីកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តមន្ទីរពេទ្យឯកជន មកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល