ក្រសួងព័ត៌មាន ណាត់ជួបជជែកគ្នា នៅថ្ងៃសុក្រនេះ តែលោកម៉ម សូណង់ដូ សុំលើកពេល

1/17/2014 0 Comments A+ a-

ភ្នំពេញ: លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជូន​លិខិត​មួយ ទៅកាន់​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ ដើម្បី​ណាត់ជួប​ពិភាក្សាគ្នា នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៤​។ កិច្ចប្រជុំ​នោះ ជុំវិញ​ការស្នើសុំ​ច្រើន លើក​ច្រើនសា របស់លោក​ម៉ម សូណង់ដូ លើ​ការ​តម្លើង​ស្ថានីយ​វិទ្យុ ដើម្បី​ផ្សាយ​បន្ត​ពី​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz ទៅតាម​បណ្តា​ខេត្ត​នានា ព្រមទាំង​ស្នើសុំ​ហ្វ្រេ​កង់​ទូរទស្សន៍ សម្រាប់​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​។ ប៉ុន្តែ​លោក​ម៉ម សូណង់ដូ បានស្នើ​សុំ​លើក​ពេល ជួបប្រជុំ​វិញ ដោយសារតែ​ពេលនេះ លោក​ស្ថិតនៅ​ក្រៅប្រទេស​។​
​លោកស្រី ហួន ផា​ណា​រី ជំនួយការ​ផ្ទាល់​របស់លោក​ម៉ម សូណង់ដូ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៧ មករា​នេះ​ថា វិទ្យុ​សំបុក​ឃ្មុំ ទើបតែ​បានទទួល​លិខិត​កោះអញ្ជើញ របស់​ក្រសួង​ព័ត៌មាន នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ មករា ម្សិលមិញ​។ នៅពេលនេះ លោក​ម៉ម សូណង់ដូ ស្ថិតនៅ​ក្រៅប្រទេស​។​
​លោកស្រី ហួន ផា​ណា​រី បាន​ឲ្យ​ដឹងថា លោក ម៉ម សូណង់ដូ នឹង​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី​២៣ មករា​។ ដូច្នេះ លោក​ម៉ម សូណង់ដូ អាច​នឹង​ជួប​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នៅ​ថ្ងៃទី​២៤ មករា​។​
​កាលពី​ថ្ងៃទី​១០ មករា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ក្នុង​លិខិត ប្រាប់​លោកស្រី ឌិន ផា​ណា​រ៉ា ប្រធានស្តីទី​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz ថា ក្រសួង​ព័ត៌មាន ពុំមាន​សល់​ហ្វ្រេ​កង់​វិទ្យុ និង​ហ្វ្រេ​កង់​ទូរទស្សន៍ សម្រាប់​ផ្តល់​ឲ្យ​វិទ្យុ​សំបុក​ឃ្មុំ​ទេ​។ នេះ​ជា​ចម្លើយ​តប​ទៅនឹង​ករណី​វិទ្យុ​សំបុក​ឃ្មុំ របស់លោក​ម៉ម សូណង់ដូ បាន​ស្នើសុំ​ហ្វ្រេ​កង់​វិទ្យុ និង​ហ្វ្រេ​កង់​ទូរទស្សន៍ របស់​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​។
​លិខិត​ចុះ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៤ ចុះហត្ថលេខា​ដោយ លោក ខៀវ កាញារីទ្ធ បាន​បញ្ជូន​ទៅដល់​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤​។​
​លិខិត​របស់លោក​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ខាងលើនេះ ត្រូវបាន​គេ​ផ្សព្វផ្សាយ តែ​ប៉ុន្មាន​ម៉ោង ក្រោយពី​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ បានដាក់​លិខិត​ជូនដំណឹង​ជាថ្មី ទៅកាន់​អភិបាល​រាជធានី ដើម្បី​ធ្វើបាតុកម្ម រៀងរាល់​សប្តាហ៍ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​។
​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ បាន​សរសេរ​លិខិត ជា​លើក​ទី​២ ដាក់ជូន​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ធ្វើបាតុកម្ម ជា​រៀងរាល់​សប្តាហ៍ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​។ លិខិត​នោះ ចុះ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ បញ្ជូន​ទៅកាន់​អភិបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​១៤​មករា​។​
​លោក ម៉ម សូណង់ដូ បានលើកឡើង ក្នុង​លិខិត​ថា ចាប់ពី​ថ្ងៃ​ចន្ទ ទី​២៧ ខែមករា ឆ្នាំ​២០១៤ តទៅ លោក​នឹង​ដឹកនាំ​បាតុករ ចំនួន​តិចជាង ២០០ នាក់ ធ្វើបាតុកម្ម រៀងរាល់​សប្តាហ៍ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ដោយ​ជួបជុំគ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ វេលា​ម៉ោង ៧ ព្រឹក ហើយ​ដង្ហែ​ក្បួន​បាតុកម្ម ឆ្ពោះទៅកាន់​ក្រសួង​ព័ត៌មាន នៅវេលា​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ១២ ថ្ងៃត្រង់ ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន អនុញ្ញាត​ឲ្យ​វិទ្យុ​សំបុក​ឃ្មុំ តម្លើង​កម្លាំង​ផ្សាយ​បន្ត​ទៅតាម​ខេត្ត ( Relay ) និង​សុំ​ហ្វ្រេ​កង់ សម្រាប់​បង្កើត​ទូរទស្សន៍ ទៅតាម​សំណូមពរ របស់​ប្រជាពលរដ្ឋ រាប់លាន​នាក់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
​រហូតដល់​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៤ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជ ធានី​ភ្នំពេញ បាន​បញ្ជាក់ថា ផ្នែក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជូន​លិខិត​របស់លោក ម៉ម សូណង់ដូ ជូន​លោក​អភិបាល​រាជធានី ដើម្បី​ពិនិត្យ និង​សម្រេច​ហើយ​។​
​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៣ លោក​ម៉ម សូណង់ដូ បាន​សរសេរ​លិខិត​ម្តង​រួចមកហើយ ដាក់​ទៅកាន់​លោក​អភិបាល​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ធ្វើបាតុកម្ម​រៀងរាល់ថ្ងៃ​ដូចគ្នានេះ នៅមុខ​ក្រសួង​ព័ត៌មាន ចាប់ពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៣​។ ប៉ុន្តែ​កាលណោះ អភិបាល​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត ព្រោះ​ពេលនោះ គណបក្ស​សង្គ្រោះ​ជាតិ និង​កម្មករ​រោងចក្រ​កាត់ដេរ កំពុង​ធ្វើបាតុកម្ម រៀងរាល់ថ្ងៃ នៅ​ទីលាន​ប្រជាធិបតេយ្យ​៕
ប្រភពពី CEN