ចាប់ខ្លួន​ជនសង្ស័យ២នាក់​នៅ​ប៉ោយប៉ែត ជាមួយ​ក្រដាស់ប្រាក់​ដុល្លារ​ក្លែងក្លាយ​រាប់ពាន់​សន្លឹក

1/18/2014 0 Comments A+ a-

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន២នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី១៦ មករា ម្សិលមិញ​នេះ នៅ​ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត បន្ទាប់ពី​ពួកគេ​ព្យាយាម​ចរាចរ​ប្រាក់​ដុល្លារ​ក្លែងក្លាយ ប្រភេទ១ដុល្លារ និង១០០ដុល្លារ រាប់ពាន់​សន្លឹក ពី​ក្រុង​សិរីសោភ័ណ​ទៅ​ក្រុង​ប៉ោយប៉ែត។

បើតាម​នគរបាល​ក្រុង​ប៉ោយប៉ែត ឲ្យ​ដឹងថា ប្រាក់​ដុល្លារ​ក្លែងក្លាយ ដែល​សមត្ថកិច្ច​រឹបអូស​បាន មានដូចជា សន្លឹក​លុយ​ប្រភេទ១០០ដុល្លារ​មាន​ចំនួន២៣០០សន្លឹក ស្មើនឹង២៣០០០០ដុល្លារ និង​សន្លឹក​ប្រភេទ១ដុល្លារ​មាន៦៦២សន្លឹក ស្មើនឹង៦៦២ដុល្លារ។

តាម​សមត្ថកិច្ច​ជនសង្ស័យ​ទាំង២នាក់​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​មានឈ្មោះ តាំង ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជា​ម្ចាស់​សន្លឹក​រូបិយប័ណ្ណ មាន​ទីលំនៅ​ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ឈ្មោះ សួន ង៉ូ​វ ភេទ​ប្រុស អាយុ៥៣ឆ្នាំ ជា​ម្ចាស់​និង​ជា​អ្នកបើករថយន្ត មាន​ទីលំនៅ​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ មុខសញ្ញា​ទាំងពីរ​នាក់ បានធ្វើ​សកម្មភាព​ចេញពី​ម្ដុំ​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍ ក្រុង​សិរីសោភ័ណ មក​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ធ្វើ​ការ​សាកសួរ​បន្ធម និង​កំពុងធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​ក្រដាស់ប្រាក់​នោះ៕
ប្រភពពី ANN