លោក​ម៉ម សូណង់ដូ ស្នើសុំ​ធ្វើបាតុកម្ម និង​ដង្ហែ​ក្បួន​ចាប់ពី​ថ្ងៃទី​២៧ មករា ទាមទារ​ហ្វ្រេ​កង់​វិទ្យុ​.​ទូរទស្សន៍​សំបុក​ឃ្មុំ

1/14/2014 0 Comments A+ a-

61884_3676537206428_1946054116_n-300x262ភ្នំពេញ: ​បន្ទាប់ពី​ត្រូវ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បដិសេធ​អំពី​ការស្នើសុំ​ហ្រេ្វ​កង់​វិទ្យុ និង​ទូរទស្សន៍​របស់​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ ដោយ​សំអាងថា ពុំមាន​សល់​ហ្វ្រេ​នោះ​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ បានដាក់​លិខិត​ជូន​អភិបាល​រាជធានី​ភ្នំពេញ ស្នើសុំ​ធ្វើបាតុកម្ម​ជា​រៀងរាល់​សប្ដាហ៍ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​។​
​លិខិត​ដាក់ជូន​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ចាប់ពី​ថ្ងៃ​ចន្ទ ទី​២៧ ខែមករា ឆ្នាំ​២០១៤ តទៅ លោក ម៉ម សូណង់ដូ នឹង​ដឹកនាំ​បាតុករ ចំនួន​តិចជាង ២០០​នាក់ ធ្វើបាតុកម្ម​ជា​រៀងរាល់​សប្ដាហ៍ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ដោយ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ វេលា​ម៉ោង ៧​ព្រឹក ហើយ​ដង្ហែ​ក្បួន​ឆ្ពោះទៅកាន់​ក្រសួង​ព័ត៌មាន នៅវេលា​ម៉ោង ៨​ព្រឹក ដល់ ១២​ថ្ងៃត្រង់ ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន អនុញ្ញាត​ឲ្យ​វិទ្យុ​សំបុក​ឃ្មុំ ដំឡើង​កម្លាំង​ផ្សាយ​បន្ត​ទៅតាម​ខេត្ត និង​សុំ​ហ្រេ្វ​កង់​សម្រាប់​បង្កើត​ទូរទស្សន៍​។​
​មិនទាន់មាន​ការឆ្លើយ​តប​បែបណា ពី​សាលា​រាជធានី​ភ្នំពេញ នៅឡើយ​ទេ​។ ប៉ុន្តែ​ជាការ​កត់សម្គាល់ លិខិត​ស្នើសុំ​ធ្វើបាតុកម្ម និង​ដង្ហែ​ក្បួន ខាងលើនេះ បានធ្វើ​ឡើង ខណៈដែល​អាជ្ញាធរ បានដាក់​ចេញ​នូវ​បម្រាម មិន​ឲ្យ​មានការ​ជួបជុំ ហែរ​ក្បួន ក្នុងអំឡុង​ពេលដែល​ស្ថានការណ៍​នយោបាយ នៅ​តានតឹង​នៅឡើយ​៕
ប្រភពពី CEN