លោក សម រង្ស៊ី៖ ប្រជុំ​រដ្ឋសភា​បានលុះត្រាតែ​មាន​ការធានា​បោះឆ្នោត​ឡើងវិញ​​

1/16/2014 0 Comments A+ a-

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​របស់លោក នៅ​ថ្ងៃ​ទី​១៥ខែ​មករា​នេះ ថា តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូលរួម​ប្រជុំ​រដ្ឋសភា លុះត្រាតែ​ត្រូវ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត ដើម្បី​ឈាន​ទៅរក ការបោះឆ្នោត​ឡើងវិញ ក្នុង​ពេល​ឆាប់ៗ ជាមុនសិន​។
ការប្រកាសនេះគឺធ្វើឡើងបន្ចាប់ពីបញ្ចប់ ជំនួបពិភាក្សាការងារ រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយនិងលោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នក រាយការណ៍ពិសេស អង្គការសហប្រជាជាតិ(​អ​.​ស​.​ប​)ទទួលសិទ្ធិមនុស្សប្រចាំកម្ពុជាកាលពី​ព្រឹក​ ថ្ងៃទី​១៥ ខែមករា នៅវិមានសន្តិភាព​។
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាបាន​បព្ជាក់នៅមុខ តំណាងពិសេស អ​.​ស​.​ប ថា លោកនៅតែរក្សា​បើក​ជំហរ​ទ្វារ​ច​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​ភាព​ទល់​ច្រក​។ នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា ការដោះស្រាយ​ភាពទាល់ច្រក​គ្មានអ្វី​ក្រៅពី​ការចូល​សភា​ដើម្បី​ដោះស្រាយ​ទេ​។
ជាការ​ឆ្លើយតប​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ របស់លោក នៅ​ថ្ងៃម្សិលមិញនេះ ថា គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​នូវ​តួនាទី របស់​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ វិបត្តិ​នយោបាយ ក្រោយ​ការបោះឆ្នោត​។ លោក​បញ្ជាក់ថា​ “​ប៉ុន្តែ​ការចូលរួម​ប្រជុំ​រដ្ឋសភា​អាច​ធ្វើទៅបាន លុះត្រាតែ​មាន​ការធានា​ឲ្យមាន​ការកែ​ទម្រង់​ប្រព័ន្ធ បោះឆ្នោត​(​មុនគេ​ផ្លាស់ គ​.​ជ​.​ប​.) ដើម្បី​ឈាន​ទៅរក​ការបោះឆ្នោត​ឡើងវិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​”។​
គួរ​ជម្រាប​ដែរ ថា ចាប់តាំងពី​រដ្ឋសភា​បាន​បើក​ដំណើរ ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ដ្រ នីតិកាល​ទី​៥ កាលពី​ខែ​កក្កដា មក តំណាងរាស្ដ្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប មិន​ដែល​បាន​ទៅ​ចូលរួម​ប្រជុំ​ម្ដងណា​ឡើយ​។ តំណាងរាស្ដ្រ​បក្ស​ប្រឆាំង ចាត់ទុក​រដ្ឋាភិបាល និង​រដ្ឋសភា​ក្នុង​អណ្ណត្ដិ​ទី​៥​នេះ គឺ​បង្កើតឡើង​ដោយ មិន​ស្របច្បាប់ តែ​គណបក្ស​កាន់អំណាច ថា​ស្រប​ច្បាប់ ព្រោះ​អ្វី​ គឺ​បាន​ធ្វើ​ទៅ​តាម​ច្បាប់​តម្រូវ​ហើយ​ ៕
ប្រភពពី Free Press Magazine