រសៀលថ្ងៃនេះ លោកស៊ូបែឌី នឹងធ្វើសន្និសីទកាសែតមួយ ពីដំណើរទស្សនកិច្ច របស់លោក នៅកម្ពុជា

1/16/2014 0 Comments A+ a-

ភ្នំពេញ: អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សូរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី នឹងធ្វើ​សន្និសីទកាសែត​មួយ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែមករា​នេះ ទាក់ទង​ទៅនឹង​ដំណើរ​បំពេញបេសកកម្ម លើក​ទី​១០ របស់លោក នៅក្នុង​ប្រទេស​កម្ពុជា​។​ 
​យោងតាម​សេចក្តី​ជូន​ព័ត៌មាន របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក សិទ្ធិមនុស្ស (OHCHR) បាន​អះអាងថា សន្និសីទ​សារព័ត៌មាន​នេះ នឹងធ្វើ​នៅ​ការិយាល័យ​របស់ OHCHR នាទី​ក្រុងភ្នំពេញ វេលា​ម៉ោង ១:៣០ នាទី រសៀល ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៤​នេះ​។​
​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នេះ លោក ស៊ូ​ប៊ែ​ឌី នឹងធ្វើ​បទ​បង្ហាញ អំពី​ខ្លឹម​សំខាន់ៗ​មួយចំនួន ដែល​ត្រូវ​បានលើកឡើង ក្នុង​ដំណើរ​បេសកកម្ម​របស់​លោក ហើយ​លោក​ក៏​នឹង​ផ្តល់​វេទិកា​សួរ​ឆ្លើយ ដល់​អ្នកសារព័ត៌មាន​ទាំងឡាយ ដែល​ចូលរួម​ផងដែរ ទាក់ទង​នឹង​អាណត្តិ​ការងា​របស់លោក​។​
​លោក​បានមក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា ចាប់តាំងពី​ថ្ងៃទី​១២ ខែមករា បន្ទាប់ពី​លោក​កាន់តំណែង ជា​អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០០៩​។​
​ក្នុង​ដំណើរ​ទស្សនកិច្ច​ពេលនេះ នៅ​កម្ពុជា លោក​ស៊ូ​ប៊ែ​ឌី បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
​ក្នុងឱកាស​ស្នាក់អាស្រ័យ​នៅ​កម្ពុជា​នេះដែរ លោក​ស៊ូ​ប៊ែ​ឌី ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយនឹង​មន្ត្រី​អង្គការ សង្គម​ស៊ីវិល មួយចំនួន​ផងដែរ​។ ប៉ុន្តែ​លោក​មិនបាន​ទៅ​ចូលរួម អង្កេត​ការណ៍​ព្រឹត្តិការណ៍ ដែល​មេដឹកនាំ គណបក្សប្រឆាំង ចូលទៅ​បំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែមករា ដូច​ការលើកឡើង​រប​ស់ មេដឹកនាំ​គណបក្សប្រឆាំង​នោះទេ​៕
ប្រភពពី