សុភ័ណ្ឌ ឡារី ប្តឹង​ទៅ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ធំៗ ការពារ​ជីវិត ក្រោយ​គំរាម​សម្លាប់

1/16/2014 0 Comments A+ a-

ភ្នំពេញ៖ តារាសម្តែងរូបសង្ហា លោក សុភ័ណ្ឌ ឡារី ថ្មីៗនេះត្រូវបានជនអនាមិកម្នាក់ ផ្ញើសារចូលក្នុង Account Facebook របស់លោក ដោយបានគំរាមសម្លាប់លោក ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។ ក្នុងខ្លឹមសារ ដែលជនអនាមិក បានផ្ញើសារគំរាម សម្លាប់លោក សុភ័ណ្ឌ ឡារី មានន័យយ៉ាងដូច្នេះថា "ឯងជាអ្នកសិល្បៈ ឥឡូវអ្ហែងចង់ធ្វើ ជានាយករដ្ឋមន្ត្រីមែន ? អ្ហែងស្គាល់គ្រាប់កាំភ្លើងអត់? អ្ហែងរស់នៅបាន តែប៉ុន្មានថ្ងៃទៀតទេ អញនឹងសម្លាប់ ឯងចោលហើយ"។
គ្រាដែលជនអនាមិក បានផ្ញើសារគំរាមសម្លាប់ លោក សុភ័ណ្ឌ ឡារី ខណៈឃើញលោកបាន ចូលរួមធ្វើបាតុកម្មយ៉ាង សកម្មជាមួយ គណបក្សសង្រ្គោះជាតិនោះ លោកមិនបានដាក់ពាក្យបណ្តឹង ទៅកាន់សមត្ថកិច្ចឡើយ។ តែលោកក៏មិនភ្លេច ឡើយចំពោះការ ការពារខ្លួន និងបានរាយការណ៍ ទៅកាន់ស្ថាប័នសិទ្ធិមនុស្ស និងអង្គការឯករាជ្យ ធំៗមួយចំនួន នៅក្នុងប្រទេស ។
តារាសម្តែងរូបនេះ បានថ្លែងប្រាប់ LookingTODAY នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ នេះថា “ខ្ញុំបានរាយការណ៍ពីករណីនេះ ទៅកាន់អង្គការ និងស្ថាប័នមួយចំនួនដូចជា គណបក្សសង្រ្គោះជាតិ អង្គការលីកាដូ, UN និងអង្គការឯករាជ្យ មួយចំនួនផ្សេងទៀត” ។
លោក សុភ័ណ្ឌ ឡារី បានបន្តថា នេះមិនមែនជាលើកទី១នោះទេ ក្នុងការគំរាមសម្លាប់រូបលោក កាលពីមុនមក ក៏មានមនុស្សមួយ ក្រុមបានជិះម៉ូតូជាច្រើនគ្រឿង ដេញតាមពីក្រោយឡានរបស់លោក ខណៈលោកចូលរួម ធ្វើបាតុកម្មជាមួយ គណបក្សសង្គ្រោះជាតិផងដែរ ។ លោក បានបន្ថែមថា "ខ្ញុំមិនដឹងថាមូលហេតុអ្វី បានជាគេតាមគំរាម សម្លាប់ខ្ញុំអ៊ីចឹងនោះទេ នេះប្រហែលជាគេ ឃើញខ្ញុំបានចូលរួម ជួយសង្រ្គោះបងប្អូនកម្មករ ដែលរងគ្រោះ កាលពីប៉ុន្មានថ្ងៃមុនហើយមើលទៅ ។ មូលហេតុដែលខ្ញុំចូលរួម ជាមួយគណបក្សប្រឆាំងមួយនេះ ក៏ដោយសារតែខ្ញុំស្រឡាញ់ និងគោលនយោបាយ របស់គណបក្សមួយនេះ ព្រោះខ្ញុំចង់ឲ្យវិស័យសិល្បៈ របស់យើងប្រសើរជាងនេះ ។
លោក សុភ័ណ្ឌ ឡារី ក៏បានបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ការងារសិល្បៈរបស់លោក មិនមានការមមាញឹកនោះទេ ព្រោះមានបណ្តារទូរទស្សន៍ និងផលិតកម្មមួយចំនួន មិនស្វាគមន៍រូបលោក ឲ្យចូលរួមក្នុងកម្មវិធី ឬការសម្តែងនោះទេ ៕