អនុរដ្ឋមន្ត្រីការ​បរទេស​​អង់​គ្លេស នឹង​​មក​កម្ពុជា ដើម្បី​​ស្វែងយល់​ពី​ស្ថានភាព​នយោបាយ​​

1/30/2014 0 Comments A+ a-

អនុរដ្ឋមន្ត្រីការបរទេស​ចក្រ​ភព​​អង់​ គ្លេស នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ ដោយ​ចាប់​ផ្តើម​​ពី​ថ្ងៃ​ព្រហស្បតិ៍នេះ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​នយោ​បាយ ខណៈ​​​ដែល​កម្ពុជាកំពុង​មានវិបត្តិ​​​ក្រោយ​ការបោះឆ្នោត​។​
យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ ស្ថានទូត​អង់គ្លេស ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា​នេះ ឲ្យដឹងថា អនុ​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក Hon Hugo Swire នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៣០ ដល់​ថ្ងៃ​ទី​៣១ ខែ​មករា​នេះ ដើម្បី​ពង្រឹង​ចំណងទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ និង​​ស្វែងយល់​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​។
​សេចក្តីប្រកាស​ព័ត៌មាន​​ដដែល បញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​នេះ លោក Hon Hugo Swire នឹង​ជួប​ជាមួយ​មេដឹកនាំ​គណបក្ស​​​ជាប់​ឆ្នោត​ទាំងពីរ រួម​មាន លោកហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា​ លោក​​ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​​ពិភាក្សា​ជុំវិញ​​ស្ថានការណ៍​នយោបាយ​។ ជាមួយគ្នា​នេះ​ផង​ដែរ លោក​នឹង​ពិនិត្យ​មើល​ពី​សក្តានុពល​ក្នុង​ការបង្កើន​ទំនាក់ទំនង​ផ្នែក​ ពាណិជ្ជកម្ម​រវាង​​កម្ពុជា និង​អង់គ្លេស ដើម្បី​បង្កើន​កំណើនសេដ្ឋកិច្ច នាពេលខាងមុខ​។​
​ដំណើរ​ទស្សនកិច្ច​របស់​ រដ្ឋមន្ត្រីការបរទេ​ស​អង់គ្លេស ធ្វើឡើង​ខណៈ​ដែល​កម្ពុជា​កំពុង​ជួប​នូវ​បញ្ហា​ជាប់​គាំង​ផ្នែក​នយោបាយ ក្រោយ​ការបោះឆ្នោត​ជ្រើស​​តាំង​​តំណាងរាស្ត្រ​អាណត្តិ​ទី​៥​មក​៕