តាមសេចក្តីជូនដំណឹងរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ កម្ពុជានឹងធ្វើលំហាត់ពង្រឹងសមត្ថភាពដោយធ្វើការបាញ់គ្រាប់ពិតនៃគ្រាប់កាំភ្លើងប្រតិកម្មBM21
កំពង់ស្ពឺ៖ តាមសេចក្តីជូនដំណឹងរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ កម្ពុជានឹងធ្វើលំហាត់ពង្រឹងសមត្ថភាពដោយធ្វើការបាញ់គ្រាប់ពិតនៃគ្រាប់កាំភ្លើងប្រតិកម្មBM21 ក្នុងរង្វង់ប្រតិបត្តិការឆ្ងាយ ដោយបាញ់ចេញពីមូលដ្ឋានកងទ័ពនៅតំបន់ ACO ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មកតំបន់ភ្នំចង្កោធំ ជាប់ព្រំប្រទល់បីស្រុក គឺស្រុកបរសេដ្ឋ ស្រុកភ្នំស្រួច និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែធ្នូ ២០១៣ ខាងមុខនេះ ។
បើតាមសេចក្តីជូនដំណឹងក៏បានបញ្ជាក់កុំឱ្យប្រជាពល រដ្ឋនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ មានការភ្ញាក់ផ្អើល និងកុំឱ្យមានការចូលទៅក្នុងតំបន់ខាងលើ ព្រមទាំងការហោះហើរឆ្លងកាត់ជាដាច់ខាត។
សូមបញ្ជាក់ថា កន្លងមកកម្ពុជាធ្លាប់បានធ្វើលំហាត់បាញ់គ្រាប់ពិតកាំភ្លើងប្រតិកម្ម BM21 នៅលើទឹកដីខេត្ត កំពង់ឆ្នាំង ដ៏ជោគជ័យផងដែរ មុនឈានទៅប្រើប្រាស់ក្នុងសមរភូមិជាក់ស្តែងនៅតាមតំបន់ព្រំដែន ក្នុងពេលដែលកងទ័ពកម្ពុជាប៉ះទង្គិចជាមួយកងទ័ពថៃ នាតំបន់ប្រាសាទតាមាន់ តាក្របី។ BM21 ពិតជាមានប្រសិទ្ធភាពខ្ពស់ ទាំងនៅលើទីលានសមយុទ្ធលំហាត់បាញ់គ្រាប់ពិត និងសមរភូមិពិតតាមបណ្តោយព្រំដែនកម្ពុជា ថៃផងដែរ៕