ថាក់ស៊ីន អះអាង ជាថ្មីពីភាព ស្មោះត្រង់ចំពោះ ព្រះមហាក្សត្រ
បាងកកប៉ុស្តិ៍៖ អតីតនាយករដ្ឋមន្ត្រី ថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសម្តែងការសោក ស្តាយចំពោះការ ចោទប្រកាន់ រូបលោកដដែល ជាដដែលថា មិនមានភាព ស្មោះត្រង់ទៅនឹង ព្រះមហាក្សត្រ ហើយលោកបន្ថែមថា ការនិយាយបង្ខូចបង្កាច់ បែបនេះ គឺគ្រាន់តែការបំពុល ដែលធ្វើឡើងដោយ ក្រុមមនុស្សមួយចំនួន យកជា ឈ្នាន់ឡើង កាន់អំណាចប៉ុណ្ណោះ។
ការលើកឡើងរបស់លោក ថាក់ស៊ីន ចុងក្រោយនេះបានធ្វើឡើង នៅក្នុងទំព័របណ្តាញព័ត៌មាន សង្គម ហ្វេសប៊ុក របស់លោក ស្របពេលដែល ចរន្តនៃការតវ៉ាប្រឆាំង និង កម្ចាត់ឬគល់នៃ របប ថាក់ស៊ីន កំពុងតែរាលដាលគ្រប់ ទិសទីពាសពេញប្រទេស ធ្វើឲ្យប្អូនបង្កើតរបស់លោក គឺលោកស្រី នាយករដ្ឋមន្ត្រីយីងឡាក់ បង្ខំចិត្តរំលាយសភា និង រៀបចំការបោះឆ្នោត ជាតិឡើង វិញជាបន្ទាន់។
គួរបញ្ជាក់ថាលោកថាក់ស៊ីន ត្រូវបានតុលាការថៃ កាត់ទោសកំបាំងមុខ ដាក់ពន្ធនាគាររយៈ ពេល ២ឆ្នាំ កាលពីឆ្នាំ ២០០៨ ដោយយោងទៅលើរឿងក្តី ចោទប្រកាន់លើរូប លោកទាក់ទង នឹងបញ្ហាពុករលួយរឿងដី នៅតំបន់ រ៉ាត ចាដាភីសេក។ ក្រៅពីនេះក៏មានការ ចោទប្រកាន់ រូបលោកជារឿយថា លោកមិនមានភាពស្មោះត្រង់នឹងរាជវង្សថៃ ប៉ុន្តែលោកបានចេញមុខ បដិសេធជាច្រើនលើក ច្រើនសារ ស្របពេលដែលលោកំពុងតែ និរទេសខ្លួននៅក្រៅ ប្រទេសនោះ ៕