ឃាត់ខ្លួនលោក វ៉ែន ថាត ជំនួយការផ្ទាល់ លោក ជា ចំរើន ពាក់ព័ន្ធរត់ការលក់ដីរដ្ឋ

12/09/2013 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានឃាត់ខ្លួន លោក វ៉ែន ថាត ជំនួយការផ្ទាល់លោក ជា ចំរើន សាកល  វិទ្យាធិការសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បន្ទាប់ពីជំនួយការរូបនេះ បានរត់ការលក់ដីរដ្ឋមួយកន្លែងស្ថិត នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ការឃាត់ខ្លួន លោក វ៉ែន ថាត បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៣នេះ។
បើតាមប្រភពពីដើមបណ្តឹង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា លោក វ៉ែន ថាត កាលពីមុនចូលឆ្នាំ  ខ្មែរ បានមកនិយាយលក់ដីនៅទីតាំងខាងលើតម្លៃ ១៥.០០០ដុល្លារ ហើយរូបគាត់បានកក់លុយមុនចំនួន ២ពាន់  ដុល្លារ។
បើតាមប្រភពដដែលនេះបន្តថា ក្រោយពេលរូបលោកប្រគល់លុយកក់ហើយនោះ ចុះទៅមើលដី ទើបដឹងថា ទី តាំងដីនោះ ជារបស់រដ្ឋ។ ក្រោយពេលដឹងរឿងពិត លោកក៏បានដកខ្លួនថយ ហើយទាមទារឲ្យបុរសបោកប្រាស់រូប  នេះ សងលុយកក់មកវិញ តែគេមិនព្រមសងឡើយ។ មិនត្រឹមតែមិនសងនោះទេ គេនៅបានប្រើអំណាចលោក ជា  ចំរើន មកគំរាមសម្លុតលើម្ចាស់លុយកក់ថែមទៀត។
ក្រោយពីជនបោកប្រាស់មិនព្រមសងលុយ បុរសរងនូវការបោកប្រាស់នេះ ក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច  និងឈានដល់ការចាប់ខ្លួននាព្រឹកថ្ងៃចន្ទ ទី០៩ ខែធ្នូ តែម្តង។
ក្រោយការឃាត់ខ្លួន បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅរសៀលថ្ងៃដដែលនេះ សមត្ថកិច្ចនឹងបញ្ជូនខ្លួនជនបោក  ប្រាស់ទៅតុលាការ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។
ទោះបីជាយ៉ាងណា មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិនទាន់អាចស្វែងរកការបំភ្លឺពីលោក វ៉ែន ថាត បាននៅឡើយ  ទេ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៣៕