ជីវ​ភាព​​ទី​ទ័ល​ក្រ​​គ្មាន​​លុយ​​ព្យា​បាល​​ប្តី ដែល​​ជួប​​គ្រោះ​ថ្នាក់​​របួស​​​ដាច់​​ពោះ​វៀន ៣​​កំ​ណា​ត់

12/12/2013 0 Comments A+ a-

Wat-111220ខេត្តកំពង់ឆ្នាំង ៖ បុរស​​វ័យ​​ក​ណ្ដាល​​ម្នាក់ បាន​​រ​ង​របួស​​ដាច់​ពោះ​​វៀន ៣​​កំ​ណាត់ និង​​បាន​​ស​ន្លប់​រវើ​រវា​យ រយៈ​ពេល ៨​​យប់ ៨​​ថ្ងៃ មិន​ទាន់​​ដឹង​ខ្លួន​​នៅ​ឡើយ​​ទេ គឺ​កំ​ពុ​ង​ស្ថិត​​ក្នុង​ស្ថាន​ភាព​​គ្រោះ​ថ្នាក់ ប​ន្ទាប់​ពី​​គាត់​​បាន​​ជិះ​​ម៉ូ​តូ​​ពេល​យប់ ចាំង​​ភ្លើង​​ហ្វា​រថយន្ត មើលផ្លូវ​មិនឃើញ ជ្រុល​ទៅបុក​រ៉ឺម៉ក​លក់​ឥ​វ៉ាន់ កាលពី​ម៉ោង ៦​និង​៣០ នាទី​យប់​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិត​ក្នុងភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ​។​
​ស្ត្រី​ឈ្មោះ តូច សុ​ផា​រី អាយុ ៣១​ឆ្នាំ ជា​ប្រពន្ធ​បុរសរងគ្រោះ មានកូន ២​នាក់​ក្នុងបន្ទុក រស់នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ប្ដី​របស់គាត់​ឈ្មោះ ស៊ន ហេ​ប អាយុ ៤១​ឆ្នាំ មានមុខរ​បរជា កម្មករ​ផ្សារ​ដែក នៅ​សិប្បកម្ម​មួយ ក្នុង​ក្រុង​កំពង់ឆ្នាំង​។ នៅ​ល្ងាច​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៣ ម្ចាស់​សិប្បកម្ម​បាន​ឲ្យ ក្រុម​របស់គាត់​ទៅ​ផ្សារ ធ្វើ​សំ​យ៉ាប​ផ្ទះ​នៅ​ព្រៃ​ខ្មែរ ក្នុង​ឃុំ​អណ្តូង​ស្នាយ​។​
​លុះ​ដល់ពេល​ល្ងាច​ចប់​ការងារ កម្មករ​ក្នុង​ក្រុម​របស់គាត់ ក៏បាន​ជួបជុំគ្នា ហូប​ស្រា​បន្តិចបន្តួច នៅពេល​ព្រលប់ៗ ទើប​បើក​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ ដោយសារតែ​ចាំង​ភ្លើង​ហ្វា​រថយន្ត គាត់​ក៏បាន​បើក​ម៉ូតូ​ទៅបុក រ៉ឺម៉ក​រុញ​ដឹក​ឥ​វ៉ាន់ តាមផ្លូវ​ជាតិ​លេខ​៥ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​ម៉ូតូ​សង្កត់​លើ​ពោះ រងរបួស​ធ្ងន់ និង​សន្លប់​ស្តូកស្តឹង​។ គ្រូពេទ្យ​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​បាន​ដាច់​ពោះវៀន ៣​កំណាត់ ត្រូវ​វះកាត់​ត​ពោះវៀន​ទាំង ៣​កំណាត់ ១​យប់​ជិត​ភ្លឺ​ទើប​រួចរាល់​។​
​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹងថា ក្រោយពេល​វះកាត់​រួច ប្តី​គាត់​បាន​សន្លប់​ស្តូកស្តឹង ហើយ​ដឹងខ្លួន​ម្តងម្កាល ក្នុងស្ថានភាព​រវើរវាយ​រយៈពេល ៨​យប់ ៨​ថ្ងៃ​មកហើយ​។ ក្រុមគ្រួសារ​គាត់ មាន​ជីវភាព​ក្រីក្រ​គ្មាន​ប្រាក់  សំរាប់​ព្យាបាល​នោះទេ ហើយ​ស្ថានភាព​របួស របស់​ជនរងគ្រោះ កាន់តែ​ដុប​ដាប​ទៅៗ ពួកគាត់​មាន​ក្តីសង្ឃឹម​តិច​ណាស់ ក្នុងការ​ជួយសង្គ្រោះ​ជីវិត ពី​សំណាក់​ក្រុមគ្រូពេទ្យ នៅ​ខេត្តកំពង់ឆ្នាំង ទើប​សុំ​បញ្ជូនមក​មន្ទីរពេទ្យ​កាល់ម៉ែត ក្រែង​ល​មានសង្ឃឹម​៕
ប្រភពពី វត្តភ្នំ