របាយការណ៍ នគរបាលចោទ អ.ហ ស្ទឹងត្រែង ប្លន់ក្របីរាស្ដ្រ
ផ្តល់សិទ្ទិដោយ៖looking today.com
ស្ទឹងត្រែង៖ មន្ដ្រីកងរាជអាវុធហត្ថខេត្ដ ស្ទឹងត្រែង ត្រូវបានរងនូវការ ចោទប្រកាន់ថា បានធ្វើឱ្យបាត់ក្របី របស់ ប្រជាពលរដ្ឋ ចំនួន ១១ក្បាល បន្ទាប់ពីកងរាជអាវុធហត្ថខេត្ដ ចាប់ក្របីប្រជាពលរដ្ឋ ចំនួន២៧ក្បាល យកទៅ ឃុំទុក ដោយចោទប្រជាពលរដ្ឋថាជា ចោរលួចក្របី ឬក៏ជាអ្នករកស៊ី ទិញក្របីពីចោរ ។
ពាក់ព័ន្ធទៅនឹងរឿងអាស្រូវ ខាងលើនេះ នគរបាលស្រុកថាឡាបរិវ៉ាត់ ក៏បានធ្វើរបាយ ការណ៍ដោយផ្ទាល់ដៃ រាយការណ៍ជូនអភិ បាលខេត្ដស្ទឹងត្រែង ដោយចោទប្រកាន់មន្ដ្រី កងរាជអាវុធហត្ថខេត្ដថា ជាចោរប្លន់ក្របី របស់ប្រជាពលរដ្ឋផងដែរ ដោយអធិការរង ជាអ្នកធ្វើរបាយការណ៍ សំណូមពរសុំឱ្យ លោកអភិបាលខេត្ដ ជួយធ្វើការអន្ដរាគមន៍ និងផ្ដល់យុត្ដិធម៌ដល់ប្រជាពលរដ្ឋផងដែរ ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ កាល ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅនេះ អធិការដ្ឋាននគរបាលស្រុក ថាឡាបរិវ៉ាត់ បាន ធ្វើរបាយការណ៍មួយ ជូនលោកអភិបាលខេត្ដ ស្ទឹងត្រែង ស្ដីពីកងរាជអាវុធហត្ថខេត្ដស្ទឹង ត្រែង បានទៅប្លន់ ជំរិត និងរឹបអូសយកសត្វ ក្របី ដែលប្រជាពលរដ្ឋឈ្មោះស្វាយ សារី ,សួង អេលីត និងឈ្មោះកែវ រស់ ប្រមូល ទិញពីប្រជាជន ដែលត្រូវការលក់ ។
របាយការណ៍បានបន្ថែមថា កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៣ មានកម្លាំងកង រាជអាវុធហត្ថខេត្ដមួយក្រុម បាន ទៅរឹប អូសយកគោយន្ដមួយគ្រឿង រួមទាំងសត្វ ក្របីចំនួន៤ក្បាល នៅចំណុចផ្ទះរបស់ឈ្មោះ ពក គឹមហង្ស រួច ហើយដឹកតាមសាឡាងមក កាន់ខេត្ដស្ទឹងត្រែងទាំងយប់ ។ លុះដល់ថ្ងៃ ទី២៨ ខែតុលា វេលាម៉ោង៤ល្ងាច មាន កម្លាំង កងរាជអាវុធហត្ថខេត្ដមួយក្រុម មានម៉ូតូពីរ គ្រឿង រថយន្ដពីរគ្រឿង ទូកមួយគ្រឿង ប្រដាប់ដោយអាវុធ បាន មកប្លន់ជំរិត និង រឹបអូសយកសត្វក្របី ចំនួន ២៣ក្បាល ពីរ ចំណុចផ្ទះរបស់លោកឆាយ ប៊ុន ស្ថិតនៅ ចំណុចភូមិ ថាឡាបរិវ៉ាត់ ដោយគ្មានដីកាដក ហូតពីតុលាការ ព្រមទាំងគំរាមកំហែងដល់ ម្ចាស់ផ្ទះថែមទៀតផង ។
លុះនៅថ្ងៃទី៣០ ខែតុលា កងរាជអាវុធហត្ថខេត្ដ បានប្រគល់ សត្វក្របីញី ចំនួន១ក្បាល ឱ្យទៅឈ្មោះសេក វី និងប្រពន្ធឈ្មោះយ៉ាន វី ដែលមានទីលំនៅ ភូមិអូរត្រែ ហើយឈ្មោះនេះ បានមកពិនិត្យ មើល ក៏ធ្វើការអះអាងថា ជាក្របីរបស់ខ្លួន ពិតមែន ហើយចោទប្រកាន់ថា ឈ្មោះស្វាយ វី ,សួង លីសិត និងឈ្មោះកែវ រស់ ថាបាន ទិញ ក្របីពីចោរ ឬលួចដោយផ្ទាល់ ។ ប៉ុន្ដែ ក្រោយមក ម្ចាស់ក្របីឈ្មោះតូច រ៉េត បាន លក់ក្របីទៅឱ្យឈ្មោះកែវ រស់ បាននាំយក សាក្សី និងមេភូមិ ទៅពិនិត្យក្របីនៅផ្ទះ របស់ឈ្មោះសេត វី ហើយអះអាងថា ក្របី នេះ ជារបស់ ឈ្មោះតូច រ៉េត មិនមែនជារបស់ ឈ្មោះសេត វីនោះទេ ហើយពេលនោះឈ្មោះ សេត វី ក៏បានឆ្លើយបដិសេធថា ក្របីខាង លើ មិនមែនជាក្របីរបស់ខ្លួននោះទេ ដោយ ឈ្មោះសេត វី អះអាងថា មន្ដ្រីកងរាជអាវុធ ហត្ថ ជាអ្នក ជំរុញឱ្យយក ដែលក្រោយមក ឈ្មោះសេត វី ក៏បានប្រគល់ក្របីនោះទៅឱ្យ កងរាជអាវុធហត្ថវិញ បាត់ទៅ ។
របាយការណ៍របស់នគរបាល ក៏បានបន្ថែម ថា មន្ដ្រីកងរាជអាវុធហត្ថបានប្លន់យកក្របី របស់ប្រជាពលរដ្ឋចំនួន ២៧ក្បាល និងឃាត់ ខ្លួនមនុស្សចំនួន ២នាក់ និងតាមចាប់ខ្លួនម្នាក់ ទៀត ។
ពាក់ព័ន្ធទៅ នឹងករណីខាងលើនេះដែរ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ សាលាដំបូង ខេត្ដស្ទឹងត្រែង បានចេញ ដីកាលេខ៤២០ សម្រេចប្រគល់វត្ថុតាង ចាប់យកឱ្យម្ចាស់ ដើមវិញ ដោយនៅក្នុងដីកាសម្រេចប្រគល់ វត្ថុតាង ចាប់យកឱ្យ ម្ចាស់ដើមវិញ ក្នុងសំណុំ រឿងព្រហ្មទណ្ឌលេខ៣៤៣អក ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ សំណុំរឿង ស៊ើបសួរ លេខ២៧៨សស ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ដោយតុលាការយល់ឃើញថា កាលពីថ្ងៃទី២៧ ខែតុលា កម្លាំងកងរាជអាវុធ ហត្ថ បានចាប់ឃាត់ក្របីចំនួន៤ក្បាលពីឈ្មោះ ស្វាយ សាវី និងចំនួន២៣ក្បាល ពីឈ្មោះ កែវ រស់ នៅថ្ងៃទី២៨ ខែឆ្នាំដដែល តែអយ្យការ អមសាលាដំបូងខេត្ដស្ទឹងត្រែង បានទទួល ក្របីនោះ ចំនួន ១៦ក្បាលតែប៉ុណ្ណោះ ហើយ ក្របីទាំងនេះ ដោយមានអ្នកលក់និងមេភូមិ មេឃុំ ដឹងឮ និងមានលិខិតស្នាម ទិញលក់ត្រឹម ត្រូវតាមច្បាប់ ហេតុដូច្នេះបង្គាប់ឱ្យសាលា ខេត្ដស្ទឹងត្រែង ប្រគល់សត្វក្របីចំនួន១៦ ក្បាលសិន ដែលបានចាប់យក ជូនឱ្យម្ចាស់ ដើម ដែលជាប្រពន្ធរបស់ឈ្មោះកែវ រស់ វិញ តាមនីតិវិធីច្បាប់ ។ ដូច្នេះក្របី ដែលនៅសល់ ១១ក្បាលទៀត គេមិនដឹងថា កំពុងស្ថិតនៅ ទីណា និងស្ថិតនៅក្នុងដៃសមត្ថកិច្ចណានៅ ឡើយ នោះទេ ។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើ នេះ តំណាងម្ចាស់ក្របី បានប្រាប់ដើមអម្ពិល ឱ្យដឹងថា ក្រោយពីទទួល ក្របីមិនគ្រប់ចំនួន មន្ដ្រីតុលាការ បានប្រាប់ឱ្យទទួលយកប៉ុណ្ណឹង សិន នៅសល់ប៉ុន្មាន ចាំដោះស្រាយគ្នាតាម ក្រោយទៀត តែរហូតមកដល់ពេលនេះ (ថ្ងៃ ទី១១ ខែធ្នូ ) ម្ចាស់ក្របីនៅមិនទាន់ទទួល បានដំណោះស្រាយ ដោយភាពយុត្ដិធម៌នៅ ឡើយនោះទេ ហើយពួកគាត់គ្រោងនឹងដាក់ ពាក្យបណ្ដឹងទៅតុលាការ ដើម្បីទាមទាររក ក្របីរបស់គាត់មកវិញហើយ ។ ដោយឡែក មន្ដ្រីកងរាជអាវុធហត្ថខេត្ដ បានប្រាប់ដើម អម្ពិលឱ្យដឹងតាមទូរស័ព្ទ ពាក់ព័ន្ធទៅនឹងការ ចោទប្រកាន់ខាងលើនេះថា ការចាប់ឃាត់ ក្របីនៅថាឡាបរិវ៉ាត់ កាលពីថ្ងៃទី២៧-២៨ ខែតុលា នោះ គឺមានក្របីចំនួនតែ២០ក្បាល ប៉ុណ្ណោះ ហើយបានប្រគល់ជូនទៅម្ចាស់វិញ ចំនួន៤ក្បាល នៅសល់១៦ក្បាល បញ្ជូនទៅ កាន់តុលាការ ។
ការអះអាងរបស់មន្ដ្រីអាវុធហត្ថខាងលើ នេះ គឺផ្ទុយគ្នាទៅនឹងដីកាសម្រេចលេខ៤២០ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ នៅត្រង់ចំណុច យល់ឃើញ បានសរសេរថា មន្ដ្រីកងរាជអាវុធ ហត្ថ បានចាប់ឃាត់ក្របីប្រជាពលរដ្ឋ សរុប ចំនួន ២៧ក្បាល ដោយថ្ងៃទី១ ឃាត់បាន៤ ក្បាល និងថ្ងៃទី២ ឃាត់បាន២៣ក្បាលពីផ្ទះ ឈ្មោះកែវ រស់ តែតុលាការបាន ទទួលក្របី ចំនួន១៦ក្បាលប៉ុណ្ណោះ ។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ក៏ដូចជា ការបកស្រាយខាងលើនេះ គឺហាក់ដូចជាមិន ស៊ីសង្វាក់គ្នាសោះ ដូច្នេះ តុលាការខេត្ដ ក៏ដូច ជាអភិបាលខេត្ដ គួរតែបើកការស៊ើបអង្កេត រកការពិតឱ្យឃើញ ថាតើក្របី១១ក្បាល នោះ បាត់ទៅណា? អ្នកណាជាអ្នកយក? ដើម្បីឱ្យមានភាពយុត្ដិធម៌ទាំងសងខាង ៕
