សមាគមថៅកែរោងចក្រកាត់ដេរ ច្រានចោលសំណើរដំឡើងប្រាក់ខែកម្មករ
សមាគមថៅកែរោងចក្រកាត់ដេរ បានសម្រេចច្រានចោលការស្នើសុំតម្លើងប្រាក់ខែកម្មករកាត់ដេរ ដែលស្នើឡើងដោយមេដឹកនាំក្រុមសហជីពកម្មករធំៗ ចំនួន ៤ រួមមាន៖ សហជីពរបស់លោក អាត់ធន់ និងអ្នកស្រី ម៉ម ញឹម ជាដើម។
លិខិតចុះថ្ងៃទី២ធ្នូរបស់សមាគមថៅកែរោងចក្រកាត់ដេរ បញ្ជាក់ថា ការទាមទារតម្លើងប្រាក់ខែកម្មករកាត់ដេរ ពី ៨០ ដុល្លារ នាពេលសព្វថ្ងៃ ទៅដល់ ១៥៤ ដុល្លារ អាចធ្វើទៅបាន គឺតាមរយៈតែគណៈកម្មការប្រឹក្សាការងារប៉ុណ្ណោះ។
ក្នុងលិខិតដដែល លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏បានឆ្លើយតបទៅកាន់សហជីពកម្មករថា មានរោងចក្រមួយចំនួនច្រើនហើយ នៅពេលសព្វថ្ងៃ បានផ្តល់ប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភផ្សេងទៀត ដល់កម្មករកាត់ដេរ ខ្ពស់ជាងប្រាក់ឈ្នួលអប្បបរមា ដែលបានព្រមព្រៀងគ្នា រួចទៅហើយ។
ពាក់ព័ន្ធនឹងបញ្ហាប្រាក់ឧបត្ថម្ភ/អត្ថប្រយោជន៍ផ្សេងៗ ត្រូវបានលោក វ៉ាន់ ស៊ូអៀង លើកឡើងថា ទុកឲ្យអនុសញ្ញារួម ដែលជាការចរចារវាងរោងចក្រនីមួយៗ និងសហជីព ជាអ្នកចរចាដោះស្រាយ។ ការឆ្លើយតបនេះ មិនត្រូវបានសហជីពកម្មករ ទទួលយកទេ ហើយបានប្រកាសរក្សាជំហរ តវ៉ា ដោយធ្វើកូដកម្ម នៅក្នុងខែធ្នូនេះដដែល៕
