អាងអំណាច ប្រើកម្មករ ឈូសឆាយព្រំ ដី រំលោភ ដីអ្នកជិតខាង មិនស្ដាប់អាជ្ញាធរ

12/08/2013 0 Comments A+ a-

ភ្នំពេញ ៖ ម្ចាស់ដីទំហំ ដ៏ធំមួយកន្លែង ដែលមានទីតាំងស្ថិត នៅខាងកើតសាលា ណតប្រ៊ីត ក្រុមទី៣ ភូមិត្រញំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ បានប្រើ អំណាចរបស់ខ្លួន ដោយបញ្ជាឱ្យកម្មករ យកគ្រឿងចក្រ ឈូសឆាយព្រំដីរាលចូលដី អ្នកជិតខាងពី១ម៉ែត្រទៅ២ម៉ែត្រ ហើយ មិនបានស្ដាប់ ការណែនាំ របស់អាជ្ញាធរខណ្ឌ សែនសុខ និងសមត្ថកិច្ចមូលដ្ឋាននោះឡើយ។
ម្ចាស់ដី ដែលរងគ្រោះដោយសារជនមាន អំណាចរំលោភយកព្រំដីកន្លែងខ្លះមួយម៉ែត្រ កន្លែងខ្លះ ពីរម៉ែត្រខាងលើនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឱ្យដឹងថា ដីរបស់ខ្លួនពីដើម មិន ដែលមានបញ្ហាអ្វីជាមួយអ្នកជិតខាងនោះទេ ប៉ុន្ដែក្រោយមកម្ចាស់ដីមុន បានលក់ដីឱ្យអ្នកក្រោយ ដែលគេមិនស្គាល់ឈ្មោះ ប៉ុន្ដែគេដឹងថា ជាអ្នកមានលុយនិងមានអំណាច ។
ចាប់តាំងពីបុគ្គល ដែលអាចអំណាច ចំណាយលុយរាប់លានដុល្លារ ទិញដីដែលមានទំហំយ៉ាងធំ នៅជាប់ដីរបស់ខ្លួន ស្រាប់តែម្ចាស់ដីរូបនេះ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅនេះ បានប្រើ កម្មករឱ្យយកគ្រឿងចក្រឈូសឆាយ បំផ្លាញចោលរបងថ្ម ដែលមានកម្ពស់ជាង២ម៉ែត្រ ហើយ រំលោភយកដីតាមព្រំពី១ ម៉ែត្រទៅ២ ម៉ែត្រ ដោយធ្វើមិនដឹងមិនឮ ហើយមិនខ្លាចរអែង និងអាជ្ញាធរ មូលដ្ឋាន ក៏ដូចជាអាជ្ញាធរខណ្ឌសែនសុខនោះឡើយ ។
ម្ចាស់ដីរងគ្រោះ បាននិយាយទៀតថា ចាប់តាំងពីថ្ងៃឈូសឆាយ រហូតមកដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៣នេះ ម្ចាស់ដីដែលអាងឥទ្ធិពលនិងអំណាចខាងលើ បានឈូស ឆាយបំផ្លាញរបងថ្មចោល សម្រាប់ខណ្ឌរវាងដីឡូត៍ទាំងពីរ បានប្រវែង ជាង២០០ម៉ែត្រហើយ ថែមទាំងឱ្យកម្មករ កំណត់ព្រំ ដីសារជាថ្មី ដែលការកំណត់ព្រំដី សារជាថ្មីនេះ គឺរំលោភដីអ្នកជិតខាង កន្លែងខ្លះកន្លះម៉ែត្រ កន្លែង ខ្លះមួយម៉ែត្រ និងកន្លែងខ្លះទៀតពីរម៉ែត្រ ។ ដោយឃើញ ពីទង្វើនិងសកម្មភាពឈូស បំផ្លាញ របងថ្ម ចាស់ រំលោភយកដីយ៉ាងដូច្នេះ ម្ចាស់ដីរងគ្រោះ បានប្ដឹងទៅអាជ្ញាធរមូលដ្ឋាន និងសាលាខណ្ឌ សែនសុខ ដោយពុំទាន់មានដាក់ពាក្យបណ្ដឹងទៅឡើយ ។ ក្រោយពីម្ចាស់ដីរងគ្រោះ បានប្ដឹងទៅ អាជ្ញាធររួចមក គេសង្កេតឃើញអាជ្ញាធរមូលដ្ឋាន មន្ដ្រីសុរិយោដី និងសមត្ថកិច្ច ចុះមកពិនិត្យមើល ហើយហាមឃាត់ មិនឱ្យមានការឈូសឆាយដីតទៅទៀត ។ ប៉ុន្ដែម្ចាស់ដីដែលអាងអំណាចរូបនេះ ផ្អាកនៅតែចំពោះអាជ្ញាធរ ប៉ុន្ដែពេលអាជ្ញាធរ ត្រឡប់ទៅវិញ ពួកគេ បានប្រើឱ្យកម្មករបន្ដឈូស ឆាយរំលោភយកដីគេដដែល ។
ជាមួយគ្នានេះ ម្ចាស់រងគ្រោះ សូមអំពាវនាវ និងសុំកិច្ចអន្ដរាគមន៍ពីអាជ្ញាធរខណ្ឌសែនសុខ ដឹកនាំ ដោយលោកលី សាវេត ចុះជួយអន្ដរាគមន៍ ករណីរំលោភដីនេះផង ។ បើតាមម្ចាស់ដីរងគ្រោះ បើ ទោះបីម្ចាស់ ដីអាងអំណាច បានវាយរបងចោល ប៉ុន្ដែគ្រឹះរបងចាស់ ដែលមានដីខ្សាច់ អាចបញ្ជាក់ ជាភស្ដុតាងពីព្រំដីពិតប្រាកដ ។
ម្ចាស់ដីរងគ្រោះ បានបញ្ជាក់ថា បើសិន  មានការរំលោភ និងបំពានតទៅទៀត នោះ រូបគាត់នឹងដាក់ ពាក្យបណ្ដឹងជាផ្លូវការទៅកាន់សាលាខណ្ឌសែនសុខ ក៏ដូចជាស្ថាប័នតុលាការ ។
យ៉ាងណាក៏ដោយ ពុំមាននរណាម្នាក់ ស្គាល់ពីម្ចាស់ដីពិតប្រាកដ ដែលអាងអំណាច និងបុណ្យស័ក្ដិ រំលោភយកដីគេទាំងកណ្ដាលថ្ងៃនេះ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល