រដ្ឋមន្រ្តី ក្រសួងការងារ ស្នើឲ្យសហជីព បញ្ឈប់ការ ធ្វើកូដកម្ម
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានស្នើឲ្យសហជីពដែលជំទាស់ ទៅនឹងការដំឡើងប្រាក់ឈ្នួល របស់ក្រុមកម្មករ បញ្ឈប់សកម្មភាពធ្វើកូដកម្ម ខណៈតំណាងសហជីពទាំង៦ ដែលចូលរួមប្រជុំជាមួយរដ្ឋមន្រ្តី បានស្នើទៅវិញថា ឲ្យរកដំណោះស្រាយ ការដំឡើងបានសមរម្យសិនទើបអាចផ្អាកសកម្មភាពទាំងអស់នេះបាន។
លោក អ៊ិត សំហេង បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពី បញ្ចប់កិច្ចប្រជុំជាមួយតំណាងសហជីពទាំង៦ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ថា ក្រសួងស្នើឲ្យសហជីពប្រកាស ឲ្យកម្មករបញ្ឈប់ការធ្វើបាតុកម្ម និងចូលធ្វើការសិន ហើយក្រសួងនឹងបន្តដោះស្រាយ ហើយនឹងអាចសម្របសម្រួល ឱ្យមានកិច្ចប្រជុំ ចរចាប្រាក់ឈ្នួល ជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បន្តទៀត ។
លោកបានបញ្ជាក់ថា “ការធ្វើកូដកម្មដែលខ្លួនមិនពេញចិត្តនោះ ត្រូវធ្វើឡើងឲ្យស្របទៅតាមផ្លូវច្បាប់ និងសន្តិវិធី ហើយជៀសវាងការធ្វើកូដកម្មនេះ ទៅភ្ជាប់ជាមួយ រឿងនយោបាយ ហើយត្រូវជៀសវាង នូវអំពើហិង្សាគ្រប់រូបភាព”។ លោកបន្ថែមថា នឹងមានការជួបប្រជុំជាមួយគ្នាម្តងទៀតនៅថ្ងៃច័ន្ទ ទី ៣០ ខែធ្នូ ឆ្នាំ២០១៣ ម៉ោង ៩ព្រឹក ។
លោក អ៊ិត សំហេង បានបន្ថែមថា ក្នុងបាតុកម្មនេះ មានគណបក្សនយោបាយ បានកេងចំណេញផ្នែកនយោបាយជាច្រើន ដោយបានដើរញុះញង់កម្មករ ឲ្យចូល ធ្វើកូដកម្មជាមួយខ្លួន។ លោកថា អ្វីដែលជាចំណុចសំខាន់នោះ គឺថ្នាក់ដឹកនាំបក្សប្រឆាំង បានដឹកនាំកម្មករទម្លុះទ្វាររោងចក្រ ហើយចូលទៅអូសទាញកម្មករ ឲ្យមក ចូលរួមបាតុកម្ម។
លោក អាត់ ធន សម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរ បានមានប្រសាសន៍បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនោះដែរថា ការធ្វើកូដកម្មនេះគឺបានកើតឡើងពីឆន្ទៈ របស់ក្រុមកម្មករពិតប្រាកដ មិនមានអ្នកណានៅពីក្រោយខ្នងនោះទេ ។ លោកបន្តថា សហជីពមិនអាចធ្វើតាមសំណើ ឲ្យផ្អាកកូដកម្មហើយចូលធ្វើវិញទេ ព្រោះបើមិនរកដំណោះស្រាយទេ វានឹងរីករាលដាលកាន់តែធំៗឡើង។
លោកបន្ថែមថា “ខាងសហជីព និយោជក និងរាជរដ្ឋាភិបាលចង់ឲ្យ មានការដោះស្រាយឲ្យបានលឿន ហើយរាជរដ្ឋាភិបាលបានស្នើឲ្យខាងលោក ណែនាំកម្មករ បញ្ឈប់កូដកម្មសិន ប៉ុន្តែសហជីពស្នើឲ្យដោះស្រាយជាមុនសិន ទើបប្រកាសឲ្យកម្មករចូលធ្វើការវិញ”។
សហជីពទាំង៦ដែលចូលរួមប្រជុំរួមមាន ទី១- សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ របស់ លោក អាត់ ធន , ទី២- សហជីពសេរី កម្មករ នៃព្រះរាជាណាចក្រ កម្ពុជា របស់លោក ជា មុន្នី , ទី៣- សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ទី៤- ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា, ទី៥- សហព័ន្ធ សហជីព ជាតិនៃឧស្សាហកម្ម វាយនភ័ណ្ឌកាត់ដេរកម្ពុជា របស់លោកស្រី ម៉ម ញឹម , និងទី៦-ប្រធានសហព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សោភ័ណ្ឌ៕

