រថយន្តបុកម៉ូតូស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅស្រុកព្រះនេត្រព្រះ
ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ត្រូវរថយន្តកិនចំក្បាលស្លាប់ភ្លាមៗ និងស្ត្រីម្នាក់ទៀតរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ កាលពីវេលាម៉ោង១០ និង៥នាទីយប់ ថ្ងៃទី១៦ ធ្នូ ២០១៣ នៅ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០១៥៦-០១៥៧ ក្នុងភូមិសាស្ត្រភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។
លោកព្រិន្ទបាលឯក ភ្លឹង វិចិត្រ នាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ធ្នូ ២០១៣ នេះថា ជនរងគ្រោះជាអ្នកបើកម៉ូតូឈ្មោះវង់ ស៊ីណា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ស្រុកបាត់ដំបង ជិះម៉ូតូម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខបាត់ដំបង១M៧៧២៧ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះរដ្ឋា ម៉ូនីកា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ស្រុកបាត់ដំបង។ ដោយឡែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណទេ ក្រោយកើតហេតុបើករថយន្តរត់គេចខ្លួនបាត់ស្រមោល។
លោកនាយផ្នែកបានបញ្ជាក់ថា ជនរងគ្រោះទំនងជាត្រូវរថយន្ត១គ្រឿងកៀរដួល គាប់ជួនរថយន្ត១គ្រឿងផ្សេងទៀតមកដល់កិនចំក្បាលស្លាប់ និងរបួសតែម្តង៕