សាំយ៉ុងពន្លះអាយខនស្លាប់២នាក់នៅតាមបណ្តោយផ្លូវជាតិលេខ៣
ខេត្តព្រះសីហនុ ៖ បុរស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារជិះម៉ូតូបុកគ្នាជាមួយរថយន្ត ខណៈពេលត្រឡប់មកពីបុណ្យ កាលពីវេលាម៉ោង១២អធ្រាត្រ ថ្ងៃទី៦ ធ្នូ ២០១៣ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់។
តាមប្រភពពីប៉ូលិសចរាចរណ៍ស្រុកព្រៃនប់បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ២C៥៣២១ ដឹកក្តាមក្នុងទិសដៅពីកើតទៅលិចបានបុកម៉ូតូ១គ្រឿងម៉ាកអាយខនពណ៌ផ្កាឈូក អត់ស្លាកលេខបើកបរក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឱ្យអ្នកជិះម៉ូតូទាំង២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តរត់ដាក់មេប្រូចបាត់។
ជនរងគ្រោះដែលស្លាប់ម្នាក់ឈ្មោះសឿ ដក់ ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកបើកម៉ូតូ និងម្នាក់ទៀតឈ្មោះផេន ផល ភេទប្រុស អាយុ២៤ឆ្នាំ អ្នកទាំង២មានទីលំនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ និងមានមុខរបរជាអ្នកនេសាទដូចគ្នា។ប្រភព ពីកោះសន្តិភាព
