ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​កណ្តាល​ទ្រូង​ថ្នល់​ស្លាប់​ម្នាក់​ របួស​ធ្ងន់​៣​នាក់​

12/06/2013 0 Comments A+ a-

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ស្លាប់​ និង​មនុស្ស​ប្រុស​ ស្រី​៣​នាក់​ទៀត​បែក​ក្បាល​ផុង​លលា​ដ៏​​រង​របួស​ធ្ងន់​ ខណៈ​ជិះ​ម៉ូតូ​បុក​គ្នា​នៅ​កណ្តាល​ទ្រូង​ផ្លូវ​​កាល​ពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៦ ធ្នូ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ សង្កាត់​ក្រាំង​ពង្រ​ ខណ្ឌ​ដង្កោ​។
ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា ម៉ូតូ​វី​វ៉ា ស៊េរី​២០០៧​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ កណ្តាល​១C៧៧៥៧ ជិះ​២​នាក់​ប្តី​ដឹក​ប្រពន្ធ​ទៅ​ធ្វើ​ការ​រោង​ចក្រ​កាត់​ដេរក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ចំណែក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ស្ទែប​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១AJ៦១៩២ ជិះ​គ្នា​២​នាក់​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ម៉ូតូ​ទាំង​២​គ្រឿង​ជិះ​លឿន​ដូច​គ្នា​បាន​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​លាន់​ដូច​រន្ទះ​ដួល​កណ្តាល​ទ្រូង​ថ្នល់​បណ្តាល​ឱ្យ​អ្នក​​បើក​ម៉ូតូ​វីវ៉ា​ខ្ទាត​​មួក​សុវត្ថិ​ភាព​ចេញ​ពី​ក្បាលបោកនឹង​ថ្នល់​ហូរ​ឈាម​ស្លាប់​ភ្លាមៗ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បែក​ក្បាល​របួស​ធ្ងន់​ ដោយ​ឡែក​អ្នក​បើក​ម៉ូតូ​ម៉ាក​ស្ទែប​មិន​មាន​ពាក់​មួក​សុវត្ថិ​ភាព​ដួល​បោក​ក្បាល​ផុង​លលាដ៏​ទាំង​២​នាក់​របួស​ធ្ងន់​។
ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​លី សុវណ្ណារ៉ា អាយុ​៤០​ឆ្នាំ ជា​កម្មករ​សំណង់​ ចំណែក​ប្រពន្ធ​ឈ្មោះ​គី សុភាព អាយុ​៣២​ឆ្នាំ ជា​កម្មករ​រោង​ចក្រ​ដុង​ដូ​ភិច​ស្តាយ​ មាន​ទី​លំនៅ​ភូមិ​ធ្លក​ ឃុំ​ត្រពាំង​ក្រសាំង​ ស្រុក​បាទី​ ខេត្ត​តា​កែវ​ ចំណែក​អ្នក​បើក​ម៉ូតូ​ស្ទែប​ឈ្មោះ​ស៊ុន​ ម៉ាឡែន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​មិន​ត្រូវ​បាន​ស្គាល់​ឈ្មោះ​ទេ៕
ប្រភព ពីកោះសន្តិភាព