បុរស​​មាន​​ស្នេហ៍​​ស្ម័គ្រ​​ស្មោះ​ នាង​​ខារ៉ាអូខេ​​​​ក្បត់​​​រត់​​ចោល អស់​សង្ឃឹម​​​ចងក​​សម្លាប់​​​ខ្លួន

12/06/2013 0 Comments A+ a-

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ដែលបាន​ស្រឡាញ់​ស្ត្រី​ខារ៉ាអូខេ​ម្នាក់​ធ្វើ​ជា​ប្រពន្ធ​យ៉ាងប្តូរ​ផ្តាច់​ ដោយសារ​តែ​នាង​រត់​ចោល​ ក៏បាន​ចង.ក​សម្លាប់​ខ្លួន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពីវេលាម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​​ថ្ងៃទី​៥ ធ្នូ​ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​37E2 ផ្លូវ​លេខ​២២៣​ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌ​ទួលគោក ខណៈ​អ្នក​រស់​នៅ​ជាមួយ​គ្នាត្រឡប់​មក​ពី​ធ្វើ​ការ​ ហើយ​ទៅ​បន្ទប់​ទឹក​ក៏​ប្រទះ​ឃើញ ។
បុរស​ម្នាក់​នេះ​ឈ្មោះ​ ថាន​ វីរៈ​ ​អាយុ​៣១​​ឆ្នាំ​ ជា​អ្នក​ហៅ​ម៉ូយ​ឱ្យ​នាងៗ​រក​ស៊ី​ពេល​យប់​នៅ​ម្តុំ​អាង​ទឹក​អូឡាំពិក​ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ជាមួយ​អ្នក​ស្គាល់​គ្នា​នៅ​ជាន់​ទី​២​ កន្លែង​កើត​ហេតុ​ខាង​លើ​ និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ឃ្លោក​ ឃុំ​ខ្វាវ​ ស្រុក​សំរោង​ ខេត្ត​តាកែវ ។​ តាម​មន្ត្រី​នគរបាល​បុ៉ស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គ​បាន​ឱ្យ​ដឹង​ថា បុរស​រូប​នេះ​បាន​ចង.ក​ធ្វើ​អត្ត​ឃាត​នឹង​ក្រមា​ភ្ជាប់​ទៅ​នឹង​ចម្រឹងដែក​ប្រហោង​ខ្យល់ ។​ នៅ​មុន​ពេល​ភ្ញាក់​ផ្អើល​គឺ​មាន​អ្នក​ស្នាក់​នៅ​ជាមួយ​គ្នា​ម្នាក់​ឈ្មោះ​ កុយ​ កេត ភេទប្រុស អាយុ​២២ឆ្នាំ ខណៈ​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ភោជ​នីយដ្ឋាន​១០៣ វិញ​ដើរទៅ​បន្ទប់​ទឹក​ ក៏​ប្រទះ​ឃើញ​បុរស​រូប​នេះ​ចង.ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ក៏​បាន​នាំគ្នា​ស្រាយ​ទម្លាក់ ។​ ភ្លាម​នោះ​ក៏​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​សមត្ថ​កិច្ច​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​រក​ឃើញ​សំបុត្រ​បណ្តាំ​ចំនួន២​ច្បាប់​ ដែល​បុរស​រូប​នោះ​ទុកឱ្យ​ស្ត្រី​ម្នាក់​ដែល​​ខ្លួន​ស្រឡាញ់​យ៉ាង​ស្មោះ​ស្ម័គ្រ​ និង​ផ្ញើ​ទៅ​បង​ប្រុស ។​
តាម​ព័ត៌​មាន​​ឱ្យ​ដឹង​ទៀត​ថា​ បុរស​ដែល​មាន​វិបត្តិ​ស្នេហា​រូប​នេះ​បាន​មក​សុំ​អ្នក​ស្គាល់​គ្នា​ស្នាក់​នៅទើប​បាន​ប្រមាណ​កន្លះ​ខែ​ ហើយ​ពេល​យប់​តែង​តែ​ទៅ​ហៅ​ម៉ូយ​ឱ្យ​ពួក​នាង​ៗ​រក​សុី​ផ្លូវ​ភេទ​នៅ​តាម​ដង​ផ្លូវ​ម្តុំ​អាង​ទឹក​អូ​ឡាំពិក​ ។​ រយៈ​ពេល​២​យប់​មក​ហើយ​ដែល​បុរស​រូប​នេះ​ពុំ​បាន​ទៅ​ហៅ​ម៉ូយ​ទេ​ គឺ​នៅ​តែ​ផ្ទះ​ និង​ក៏​មិន​នឹក​ស្មាន​ថា​ចង.ក​សម្លាប់​ខ្លួន​ទាំង​វ័យ​ក្មេង​បែប​នេះ​​ឡើយ​ ។ បើ​តាម​លិខិត​បណ្តាំ​បញ្ជាក់​ថា​ បុរស​រូប​នេះ​បាន​ស្រឡាញ់​ស្រី​ម្នាក់​យ៉ាង​ស្មោះ​ស្ម័គ្រ​ ហើយ​រស់​នៅ​ជា​មួយ​គ្នា​ជា​ប្តី​ប្រពន្ធ​ បុ៉ន្តែបែរ​ជា​ស្ត្រី​ម្នាក់​នោះ​រត់​ចោល​បាត់​ ជា​ហេតុ​ធ្វើ​ឱ្យ​រូប​គេ​ពុំ​ចង់​រស់​នៅ​ចង.ក​សម្លាប់​ខ្លួន​តែ​ម្តង​ ។​ នៅ​ក្នុង​លិខិត​បណ្តាំ​ជូន​ចំពោះ​ប្រពន្ធ​រៀប​រាប់​ថា​ «ចូល​មក​ដល់​ប្រពន្ធ​សម្លាញ់​ បង​ពិត​ជា​ស្រឡាញ់​អូន​ខ្លាំង​ណាស់​ បង​ពិត​ជា​រស់​នៅ​ដោយ​គ្មាន​អូន​ពុំ​បាន​ឡើយ​ ។​ ពេល​ដែល​អូន​ចាក​ចេញ​ពី​បង​ ជីវិត​បង​រស់​ដូច​ជា​មនុស្ស​ស្លាប់​យ៉ាង​អុីចឹង​ដែរ​ តើ​ឱ្យ​បង​រស់​នៅ​លើ​លោក​នេះ​ធ្វើ​អ្វី​ បង​មិន​ចង់​រស់​នៅ​លើ​លោក​នេះ​​ទៀត​ទេ​ បង​សុំ​លា​អូន​ហើយ​ ប្រពន្ធ​សម្លាញ់​ លា​រហូត​ លា​ដោយ​គ្មាន​វិល​ត្រឡប់​មក​វិញ​ ពី​បង​វីរៈ» ។​ នៅ​ក្នុង​លិខិត​នោះ​ ក៏​បាន​បញ្ជាក់​ទៀត​ថា​ «ពេល​ដែល​គ្មាន​បង​ សូម​អូន​ថែរក្សា​ខ្លួន​ឯង​ផង​ បង​មិន​បាន​នៅ​មើល​ថែរក្សា​អូន​ទៀត​ទេ​ ហត្ថ​លេខា​ពី​បង​វីរៈ» ។​
ចំណែក​សំបុត្រ​ទី​២​ ដែល​ផ្ញើ​ទៅ​បង​ប្រុស​រៀប​រាប់​ថា​ «​ចូល​មក​ដល់​បង​ប្រុស​ជា​ទី​គោរព​របស់​ប្អូន​ ប្អូន​សុំ​អរគុណ​គ្រប់​យ៉ាង​ មួយ​រយៈ​ពេល​ដែល​រស់​នៅ​ជាមួយ​នឹង​បង​ ប្អូន​ពិត​ជា​មាន​ភាព​កក់​ក្តៅ​ខ្លាំង​ណាស់​ ប្អូន​សុំ​លា​បង​រហូត​ ពី​ប្អូន​វីរៈ» ។​ បើ​តាម​ស្ត្រីជា​ម្តាយ​ឈ្មោះ​ សឹុម​ ស្រីមុំ​ អាយុ​៥៣ឆ្នាំ​បាន​និយាយ​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា កូនប្រុស​របស់​គាត់​បាន​រៀប​ការ​ប្រពន្ធ​នៅ​ឯ​ខេត្ត​ស្វាយ​រៀង​ ​តែ​បាន​លែង​លះគ្នា​អស់​រយៈ​ពេល​ប្រមាណ​៤ឆ្នាំ​មក​ហើយ​ និង​បានទៅ​ស្រឡាញ់​ស្ត្រី​ម្នាក់​ឈ្មោះ​មុំ ដូច​ឈ្មោះ​គាត់​ដែរ​រយៈ​ពេល​ប្រមាណ​១ឆ្នាំ​ហើយ ។​ គាត់​មិនដឹង​ថា​ស្ត្រី​នោះ​ធ្វើ​ម្តេច​ទេ ទើប​បាន​ជា​កូន​ប្រុស​របស់​​គាត់​ស្រឡាញ់​ងប់​ងុល​ សូម្បីតែ​ស្ត្រី​នោះ​វាយ​នឹង​ស្បែក​ជើង​​ ជេរ​​ម៉្រាយ​ ក៏​នៅ​តែ​កាន់​ជើង​ស្រឡាញ់ដែរ ។​ មិន​តែ​បុ៉ណ្ណោះ​ សុខ​ចិត្ត​កាត់​កាល់​ឪពុក​ម្តាយ​ ហើយ​ទារ​ប្រាក់​គាត់​ចំនួន​៥០០​ដុល្លារ​មក​រស់​នៅ​ជា​មួយ​ស្ត្រី​ តែ​គាត់​បាន​ឱ្យ​តែ​១២០​ដុល្លារទេ​ ។​
តាម​ព័ត៌មាន​បន្ត​ទៀត​ថា​ រយៈ​ពេល​ប្រមាណ​​មួយ​ខែ​កន្លង​មក​នេះ​ ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅបាត់​ធ្វើ​ឱ្យ​ឈ្មោះ​វីរៈ​ អស់​សង្ឃឹម​ ​ក៏​បាន​ចង.ក​សម្លាប់​ខ្លួន​តែ​ម្តង ។​ សព​ ត្រូវបាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ទឹក​ថ្លា​ដើម្បី​ធ្វើ​បុណ្យ​តាមប្រពៃណី ៕​
ប្រភព ពីកោះសន្តិភាព