ខឹងសុំលុយមួយម៉ឺនរៀលមិនបាន យកពូថៅកាប់ផ្អើលវង់ផឹកស៊ី
លោក យ៉ុង ញ៉ីវ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា បុរសជាប់សង្ស័យឈ្មោះ យិន សុភ័ក្រ អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើឈ្មោះ ប៉ិច ប៉ុន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា បណ្តាលឱ្យរងរបួសត្រង់ក្បាលចំហៀងខាងស្តាំ និងឈ្មោះ ញាណ បូរាណ ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសធ្ងន់ ដោយជនសង្ស័យកាប់ត្រូវចំនួន៣កន្លែង ត្រង់ក្បាល ត្រង់កញ្ចឹងក និងត្រង់បាតដៃ ។
ករណីអំពើហិង្សាដោយចេតនានេះ កើតឡើងខណៈដែលឈ្មោះ ញាណ បូរាណ, ប៉ិច ប៉ុន និង ង៉ាន ឈុន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា កំពុងអង្គុយផឹកស្រានៅលើគ្រែខាងជើងផ្ទះឈ្មោះ ញាណ បូរាណ ។ ពេលនោះជនសង្ស័យ យិន សុភ័ក្រ បានជិះកង់ចូលទៅក្នុងផ្ទះរបស់ឈ្មោះ ញាណ បូរាណ រួចក៏បានសុំលុយពីឈ្មោះ ប៉ិច ប៉ុន នៅកន្លែងផឹកស្រាចំនួនមួយម៉ឺនរៀល តែឈ្មោះ ប៉ិច ប៉ុន ឆ្លើយថាគ្មានទេ។ ភ្លាមនោះជនសង្ស័យ ក៏បានជិះកង់ចេញទៅយកពូថៅមកកាប់ទៅលើជនរងគ្រោះទាំងពីរនាក់ខាងលើតែម្តង៕
