ក្រសួងមហាផ្ទៃ នឹងធ្វើការអភិវឌ្ឍអត្តសញ្ញាណប័ណ្ណ ប្រភេទថ្មី ជាអេឡិចត្រូនិក
ភ្នំពេញ: ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិការដ្ឋាភិបាល លើកទី១០ រវាងក្រសួងមហាផ្ទៃ និងសមាគម ស្មាតកាត អាស៊ីប៉ាស៊ីហ្វិក (APSCA) ស្តីពីការអភិវឌ្ឍអត្តសញ្ញាណប័ណ្ណ អេឡិចត្រូនិក ជំនាន់ទី១ ទៅជំនាន់ទី២ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
វេទិការដ្ឋាភិបាល លើកទី១០នេះ គឺជាវេទិកាដ៏ធំមួយ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានប្រតិភូអន្តរជាតិ មកពី៤៦ប្រទេស ចូលរួម ដោយក្នុងនោះមានអ្នកជំនាញការនិងអ្នកឯកទេសនិងសមាគមឧស្សាហកម្មផលិតឧបករណ៍សម្ភារៈពាក់ព័ន្ធនឹងការបង្កើតប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណ ប្រជាពលរដ្ឋ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។
វេទិកានេះ នឹងផ្តោតសំខាន់លើខ្លឹមសារមួយចំនួន ដូចជា ការជំរុញការគ្រប់គ្រងរដ្ឋ ឲ្យមានដំណើរការប្រព្រឹត្តទៅបានល្អ ការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់ តាមរយៈប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ ពិតប្រាកដ និងច្បាស់លាស់ ព្រោះវាជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងដែនដីដ៏ល្អ អភិបាលកិច្ចល្អ នីតិរដ្ឋ ការងារសន្តិសុខជាតិ និងសុវត្ថិភាពសង្គម សេវាកម្មប្រជាពលរដ្ឋ ប្រព័ន្ធ យុត្តិធម៌ ប្រជាធិបតេយ្យ និងកម្មសិទ្ធិដីធ្លី ស្របច្បាប់របស់ប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ក្នុងគោលបំណង លើកឡើងពីបញ្ហានានា ក្នុងការគ្រប់គ្រងអត្តសញ្ញាណប័ណ្ណ និងសេវាកម្មរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ព្រមទាំងការ អភិវឌ្ឍ នាពេលបច្ចុប្បន្ន និងចុងក្រោយ អំពីប្រព័ន្ធនៃការចុះអត្តសញ្ញាណកម្ម ប្រជាពលរដ្ឋ ( អត្រានុកូលដ្ឋាន )។
ក្នុងនោះ ការគិតគូពីការផ្តល់អត្តសញ្ញាណប័ណ្ណថ្មី ដល់ពលរដ្ឋកម្ពុជា ជាលក្ខណៈអេឡិចត្រូនិក ក៏នឹងត្រូវលើកឡើង ក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនោះផងដែរ។
វេទិការដ្ឋាភិបាលលើកទី១០នេះ ត្រូវបានប្រារព្ធឡើង បន្ទាប់ពីវេទិកា ដែលរៀបចំឡើង នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសហការ និងភាពជាដៃគូ ជាមួយនឹងសមាគមស្មាតកាតអាស៊ីប៉ាស៊ីហ្វិក និងរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងអត្តសញ្ញាណ អេឡិចត្រូនិចជំនាន់ថ្មី ដល់ភ្នាក់ងាររដ្ឋាភិបាល ដែលមានការទទួលខុសត្រូវលើការងារគ្រប់គ្រង ការចុះបញ្ជីរបស់ប្រជាជន និងអត្តសញ្ញាណប័ណ្ណជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែង រួមសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ដើម្បីឈានទៅរកការលើកកំពាស់នីតិរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ការពង្រឹងការគ្រប់គ្រងរដ្ឋបាលដែនដី រួមទាំងការការពារសន្តិសុខ និងសុវត្ថិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕
ប្រភពពី CEN
Read more: http://www.cambodiapage.info/?p=7764#ixzz2n9EgenZt