ក្រសួងមហាផ្ទៃ នឹងផ្តល់អត្តសញ្ញាណប័ណ្ណប្រភេទថ្មី អេឡិចត្រូនិច ជូនពលរដ្ឋឲ្យបាន ៥,៥ លាននាក់ នាពេលខាងមុខ
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ក្នុងឱកាសបើកវេទិកា រដ្ឋាភិបាល លើកទី១០ រវាងក្រសួងមហាផ្ទៃ និងសមាគមស្មាតកាត អាស៊ីប៉ាស៊ីហ្វិក (APSCA) ស្តីពីការអភិវឌ្ឍន៍អត្តសញ្ញាណប័ណ្ណ អេឡិចត្រូនិច ជំនាន់ទី១ ទៅជំនាន់ទី២ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រាថា កន្លងទៅថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងវិវត្តខ្លួន ពីការ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណធម្មតា ជំនាន់ទី៣ ទៅជាអត្តសញ្ញាណប័ណ្ណអេឡិចត្រូនិច ជំនាន់ទី៤ ដែលអនុលោមតាមបទដ្ឋាន អង្គការអាកាសចរស៊ីវិលអន្តរជាតិ អៃ ឃេ អូ(International Civil Aviation Organization) អំពីគុណភាព និងប្រព័ន្ធសន្តិសុខអត្តសញ្ញាណប័ណ្ណអេឡិចត្រូនិច។
លោក ស ខេង បានមានប្រសាសន៍ថាៈ” រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានផ្តល់អត្តសញ្ញាណប័ណ្ណប្រភេទថ្មីនេះ ជូនដល់ប្រជាពលរដ្ឋ បានចំនួន ២.២០០.០០០ នាក់ ក្នុងជំហានទី១ ហើយកំពុងតែអនុវត្តនៅក្នុងជំហានទី២ ដើម្បីធ្វើការផ្តល់អត្តសញ្ញាណប័ណ្ណថ្មី ជូនប្រជាពលរដ្ឋ ឲ្យបាន ៥.៥០០.០០០ នាក់ “។
ដើម្បីសម្រេចនូវទិសដៅនេះ ឲ្យបានឆាប់រហ័ស និងមានភាពងាយស្រួល ក្នុងការផ្តល់សេវាកម្ម ធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ លោក ស ខេង បានបញ្ជាក់ថាៈ “យើងបានត្រៀម ធ្វើការចាត់បញ្ជូនមន្ត្រីជំនាញ ឲ្យចុះធ្វើការបណ្តុះបណ្ដាលដោយផ្ទាល់ នៅតាមភូមិ ឃុំ ស្រុក ខណ្ឌ នៅទូទាំង ២៤ រាជធានី ខេត្ត អំពីបច្ចេកវិទ្យាថ្មីនេះ ជាមួយនឹងការបំពាក់ ផ្តល់នូវសម្ភារៈបច្ចេកទេសមួយចំនួនផងដែរ “។
ទន្ទឹមនឹងនេះ លោក ស ខេង ក៏បានឲ្យដឹងផងដែរថាៈ” យើងក៏កំពុងធ្វើការត្រៀម រៀបចំសាកល្បងប្រើប្រាស់នូវលិខិតឆ្លងដែនអេឡិចត្រូនិថ្មីមួយទៀត ដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្រដៀងគ្នាទៅនឹងអត្តសញ្ញាណ អេឡិចត្រូនិច ជំនាន់ទី៤ ផងដែរ “។
ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ លោក ស ខេង បានមានប្រសាសន៍ថា ប្រទេសកម្ពុជា នៅតែជួបបញ្ហាប្រឈមកង្វះខាត ប្រភពទិន្នន័យមូលដ្ឋានរួមមួយ ដែលបញ្ជាក់ពីប្រភពអត្តសញ្ញាណដំបូង (ការចុះបញ្ជីអត្រានុកូលដ្ឋាន ដោយភ្ជាប់មកនូវ លេខអត្តសញ្ញាណ សំគាល់តែមួយ)។ លោក ស ខេង បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហានេះ ក្នុងរយៈពេលវែង ” ក្រសួងមហាផ្ទៃ បានដំណើរការបញ្ចូលទិន្នន័យអត្រានុកូលដ្ឋាន ទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យា ដែលសម្រេចបានប្រហែលជិត ៦ លានបញ្ជី ហើយសង្ឈឹមថា ប្រភពទិន្នន័យនេះ នឹងអាចបម្រើឲ្យដល់វិស័យផ្សេងៗទៀត នាពេលអនាគត “។
ជាមួយគ្នានេះដែរ លោក ស ខេង ក៏បានលើកឡើងថា ស្របពេលនឹងការឈានជិតមកដល់ នូវការធ្វើសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន នាពេលខាងមុខនេះ ការចុះបញ្ជីប្រជាជន និងគ្រប់គ្រងអត្តសញ្ញាណផ្សេងៗ ឲ្យបានត្រឹមត្រូវច្បាស់លាស់ ពិតជាផ្តល់នូវភាពងាយស្រួល ដល់ការគ្រប់គ្រងលំហូរប្រជាជន ការធ្វើចរាចរ និងមធ្យោបាយដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។ តែទន្ទឹមនឹងនេះ យើងក៏មិនមើលរំលងនូវបញ្ហាប្រឈម ដែលអាចគំរាមកំហែង ដល់វិស័យសន្តិសុខ ទាំងក្នុងប្រទេស ក្នុងតំបន់ និងសកលលោកទាំងមូល រួមមានជាអាទិ៍ ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ការជួញដូរមនុស្សខុសច្បាប់ អំពើភេរវកម្ម ការជួញដូរគ្រឿងញៀន និងការដឹកជញ្ជូនទំនិញ គេចពន្ធជាដើម។
លោក ស ខេង បានចាត់ទុកថាៈ” បញ្ហាទាំងអស់នេះ គឺជាហានិភ័យដែលអាចជះឥទ្ធិពលជាវិជ្ជមាន យ៉ាងធ្ងន់ធ្ងរ ដល់ដំណើរការសេដ្ឋកិច្ច សន្តិសុខ ស្ថេរភាពនៅក្នុងតំបនម់ និងសកលលោកទាំងមូល “។
លោកបានបញ្ជាក់ថាៈ” យើងក៏ត្រូវគិតគូរនូវសុវត្ថិភាពនៃប្រព័ន្ធ ដើម្បីទប់ស្កាត់ពីការជ្រៀតចូល ឬការវាយប្រហារ ជាយថាហេតុណាមួយ រួមទាំងត្រូវធានាឲ្យបាននូវសិទ្ធិ និងការសំងាត់របស់បុគ្គល ដែលទទួលដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាផ្សេងៗ ក៏ដូចជាច្បាប់របស់ប្រទេសរៀងៗខ្លួន “។
ចំណងជើងរូបថតៈ១)លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាត់ខ្សែបូរសម្ពោធពិព័រណ៌គ្រឿងអេឡិចត្រូនិច ដែលពាក់ព័ន្ធនឹងកាផលិតអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន អេឡិចត្រូនិច របស់បណ្តាក្រុមហ៊ុននានា ដែលចូលរួមក្នុងវេទិកានោះ។
២)លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទស្សនាតាមស្តង់ពិព័រណ៌ បន្ទាប់ពីបានប្រកាសបើកវេទិកា រដ្ឋាភិបាល លើកទី១០ រវាងក្រសួងមហាផ្ទៃ និងសមាគមស្មាតកាត អាស៊ីប៉ាស៊ីហ្វិក (APSCA) ស្តីពីការអភិវឌ្ឍន៍អត្តសញ្ញាណប័ណ្ណអេឡិចត្រូនិច។
២)លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទស្សនាតាមស្តង់ពិព័រណ៌ បន្ទាប់ពីបានប្រកាសបើកវេទិកា រដ្ឋាភិបាល លើកទី១០ រវាងក្រសួងមហាផ្ទៃ និងសមាគមស្មាតកាត អាស៊ីប៉ាស៊ីហ្វិក (APSCA) ស្តីពីការអភិវឌ្ឍន៍អត្តសញ្ញាណប័ណ្ណអេឡិចត្រូនិច។
ប្រភពពី CEN
