បាត់បង់ប្រាក់ជាងបីម៉ឺនដុល្លារ បន្ទាប់ពីចោរប្លន់ចំនួនពីរដង

12/20/2013 0 Comments A+ a-

កំពង់ចាម: កាលពី​ព្រឹក​ថ្ងៃទី​១៩​ ខែធ្នូ​ បុរស​ពីរ​នាក់​ដែល​បាន​ពាក់​ម៉ាស់​បិទមុខ​ជិត​ទុក​តែ​ភ្នែក​បានធ្វើ​ សកម្មភាព​ភ្ជង់​ស្ត្រី​ម្ចាស់​គំរាម​ទារ​យក​កូនសោ​ទូ រួច​ចាក់​ប្រមូល​យកលុយ​ជាង​មួយ​ម៉ឺន​ដុល្លារ​ ហើយ​គេច​បាត់​។​ម្ចាស់ផ្ទះ​បាន​សង្ស័យថា​ពួកគេ​ទំនងជា​ក្រុម​ដដែល​ធ្លាប់​ បានធ្វើ​សកម្មភាព​លួច​កាលពីដើមឆ្នាំ​២០១៣ យកប្រាក់​អស់​ជាង​ពីរម៉ឺន​ដុល្លារ​រួច​ម្តង​ហើយ​។​
​    ​
​អ្នកស្រី វឹក ស៊ី​ចាន់ វ័យ ៤៩ ឆ្នាំ​ដែល​ទើបបាន​ងើប​ពី​សន្លប់​បាត់ស្មារតី​កំពុង​សម្រាក​លើ​គ្រែ​ខាងក្រោម ​ផ្ទះកើតហេតុ​ក្នុងភូមិ​រកា​ក្រោម សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​ដោយសារ​ចោរ​វាយ​បាន​ប្រាប់ ​CEN​ ថា​ នៅពេល​អ្នកស្រី​កំពុង​លាង​ត្រី​នៅ​ចង្ក្រាន​បាយ​ខាងក្រោយ​មាន​មនុស្ស​ប្រុស​ មាឌធំ​កម្ពស់​ប្រហែល ១,៧០ ម៉ែត្រ​ពាក់​ម៉ាស់​មុខ​ដូច​និនចា ​ស្រែក​គំរាម​នៅ​ឲ្យ​ស្ងៀម​ហើយ​យកដៃ​ខ្ទប់មាត់ និង ក្រមា​ចង​បិទ​ភ្នែក​ជិត  បណ្តើរ​ឡើងលើ​ផ្ទះ​។ ស្របពេលនោះ​អ្នក​ភ្ជង់ និងបណ្តើរ​គាត់​បាន​ប្រាប់​គ្នា​គេ​ម្នាក់ទៀត​ឲ្យ​ទៅ​បិទ​ទ្វាររបង​ខាងមុខ​។ ​
​    ​
​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ទៀតថា “ ក្រោយពី​ប្រមូលបាន​លុយ​បី​លាន​រៀល , ជាង​មួយ​ម៉ឺន​ដុល្លារ ជា​លុយ​លក់​ឡាន​បងប្អូន​ផ្ញើ​និង ខ្សែក​ប្លា​ទីន​ចំនួន ពីរ ខ្សែ ប្រាំមួយ​ជី​។​ពួកចោរ​បាន​សួររក​ប្រាក់​ថែមទៀត​។ ពួកគេបាន​ទាត់​ធាក់ និង វាយ​ដោយ​ដៃ​ពី​ខាងក្រោយ​បណ្តាល​ឲ្យ​សន្លប់​បាត់ស្មារតី ។​
​    ​
​សាច់ញាតិ​ស្ត្រី​ជា​ជនរងគ្រោះ​បាន​និយាយថា ករណី​ប្លន់​លើក​ទី​ពីរ​នេះ​សង្ស័យថា ជា​ក្រុម​ដដែល​បានធ្វើ​សកម្មភាព​លួច​ក្នុងផ្ទះ​នេះ​អស់ប្រាក់​ចំនួន​ជាង ពីរម៉ឺន​ដុល្លារ​កាលពី​ខែមករា ដើមឆ្នាំ​២០១៣ ក្នុងខណៈដែល​ស្ត្រី​ម្ចាស់ផ្ទះ​បាន​ទៅ​ផ្សារ ប្តី​ជា​គ្រូពេទ្យ​ទៅធ្វើ​ការ និង កូនៗ​បាន​ទៅ​រៀន​អស់ គឺ​លើក​នេះ​បាន​ចូលធ្វើ​សកម្មភាព​នៅ​ម៉ោង​និង​ពេល វេលា​ប្រហាក់ប្រហែលគ្នា​។​
​    ​
​ពេលនេះ​សមត្ថកិច្ច​បាន​ចុះមក​ពិនិត្យ​ដល់ផ្ទះ​កើតហេតុ និង ទទួល​ពាក្យបណ្តឹង​រួចរាល់​ហើយ និងកំពុងធ្វើការ​ស៊ើបអង្កេត​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ​៕M/s
ជនរងគ្រោះ វឹក ស៊ីចាន់ ក្រោយពីចោរប្លន់វាយសន្លប់យកលុយអស់ជាងមួយម៉ឺនដុល្លារ និង កាលពីលើកទីមួយអស់ជាងពីរម៉ឺនដុល្លារសង្ស័យជាក្រុមដដែល

​ផ្ទះកើតហេតុរបស់​អ្នកស្រី វឹក ស៊ី​ចាន់ ភូមិ​រកា​ក្រោម សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​

ប្រភពពី CEN