ឆែកឆេរផ្ទះប្រធានក្រុមឆ្មាំ ព្រះសក្យមុនីចេតិយ រកឃើញវត្ថុមានតម្លៃ

12/14/2013 0 Comments A+ a-

timthumbមក​ដល់​ថ្ងៃ​ ១៣ ធ្នូ ​គឺ​មាន​រយៈ​ពេល​៥ថ្ងៃ​ហើយ​ជុំវិញ​ការ​ភ្ញាក់ផ្អើល​ថា ​ព្រះ​សុវណ្ណកោដ្ឋ​តម្កល់​ ព្រះ បរម​សារីរិកធាតុ​ ត្រូវបាន​ចោរ​ទមិឡ​លួច​យកចេញ​ពី​ក្នុង​ព្រះបរម​សក្យ​មុនីចេតិយ​ ស្ថិត​លើ​ កំពូល​ ភ្នំ​ព្រះរាជទ្រព្យ​។​បញ្ហា​ដែល​ធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​ ក៏​នៅតែ​មិនមាន​ប្រភព​ផ្លូវការ​ណាមួយ​ ប្រ កាស​ឱ្យ​ដឹង​ជា​សាធារណៈ​នោះទេ​ និង​ស្ថិតក្នុង​សភាព​អាថ៌កំបាំង​ដដែល​ ទោះបី​អ្នក​សារព័ត៌មាន​ ប្រឹងប្រែង​ក្នុងការ​ស្វែងរក​ព័ត៌មានពិត​ ឬគួរ​ជឿជាក់​ខ្លះៗ​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​ បានដឹង​ ក្តី​ក៏​លំបាក​ក្នុងការ​យក​ព័ត៌មាន​នេះដែរ​ និងអាច​និយាយ​បានថា ​ព័ត៌មាន​ដែលបាន​ផ្សព្វផ្សាយ ​កន្លង​ មក​ ជា​ប្រភព​ក្រៅផ្លូវការ​ទាំងអស់​ ដោយសារ​មន្ត្រី​នានា​បាន​បិទមាត់​និង​សុំសិទ្ធិ​មិនធ្វើ​អត្ថាធិប្បាយ​ ជុំវិញ​ព័ត៌មាន​នេះទេ​។​ទោះបីជា​ផ្ទៃទឹកស្ងប់​ ក្តី​តែ​ក្នុងទឹក​ពិតជា​មានត្រី​ ដែលនោះ​គឺការ​ស៊ើបអង្កេត​ ស្រាវជ្រាវ​យ៉ាង​ក្តៅគគុក​ពី​សំណាក់​សមត្ថកិច្ច​។​តាម​ប្រភព​ព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​១៣​ធ្នូ​បានឱ្យ​ ដឹងថា​ មនុស្ស​ចំនួន​៥នាក់​ដែល​សង្ស័យថា​មាន​ការ​ពាក់ព័ន្ធខ្លាំង​ត្រូវ​បាន​នាំ​មក​កាន់​ស្នងការដ្ឋាន​ នគរបាល​ខេត្ត​កណ្តាល​ដើម្បី​ធ្វើការ​សាកសួរ​ ហើយ​ក៏បាន​នាំខ្លួន​ជន​សង្ស័យ​៤នាក់​ មក​កាន់​ក្រសួង​ មហាផ្ទៃ​ ។​
មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ណាមួយ​ជា​ផ្លូវការ​អះអាងថា​ អ្នកទាំង​៤នាក់​ដែល​នាំខ្លួន​មក​សាកសួរ​នៅ​ ក្រសួង​មហាផ្ទៃ​នេះ​ ពាក់ព័ន្ធ​ដល់​កម្រិតណា​នោះទេ​ ដោយ​ព័ត៌មាន​មិនត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​។​
ប្រភព​ដដែល​បាន​ឱ្យ​ដឹងថា​ ក្នុង​ចំណោម​មនុស្ស​៥នាក់​ដែល​ជាប់​ពាក់ព័ន្ធ​សំខាន់​នោះ​ មាន​ម្នាក់​ជា​ ប្រធាន​ក្រុម​អ្នកយាម​នៅ​ភ្នំ​ព្រះ​រាជទ្រព្យ​ក្នុង​ចំណោម​បុគ្គលិក​ជាង​២០នាក់​។​ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី១៣​ ធ្នូ ​ ក្រោយពី​បញ្ជូន​មនុស្ស​៤នាក់​ទៅ​សាកសួរ​នៅ​ក្រសួង​មហាផ្ទៃ​គេនៅ​មិនទាន់​ដឹងថា​អ្នក​ទាំង​នោះ​មាន​ជាប់​ពាក់ព័ន្ធ​ដល់​កម្រិត​ណាទេ​ ព្រោះ​ព័ត៌មាន​នេះ​ត្រូវ​បាន​រក្សា​ជា​ការ​សម្ងាត់​បំផុត​។​តែ​មាន​ប្រភពខ្លះ​ថា ​សមត្ថកិច្ច​បាន​ឈាន​កាន់​តែ​កៀក​ក្នុង​ការ​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​ហើយ​។​
ប្រភព​ព័ត៌មាន​ដាច់​ដោយឡែក​មួយ​បាន​ឱ្យដឹងថា​ នៅ​វេលា​ម៉ោង​ជាង១០​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ​លំនៅ​ឋាន​ របស់​ប្រធាន​ឆ្មាំ​ព្រះ​បរម​សក្យ​មុនី​ចេតិយ​នៅ​ផ្លូវ​លេខ​១៥១​ ភូមិ​ព្រែកព្នៅ ​សង្កាត់​ព្រែកព្នៅ​ ខណ្ឌ​សែន សុខ​ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ឆែកឆេរ​អស់រយៈ​ ពេល​ជាង​២ម៉ោង​បាន​រក​ឃើញ​ព្រះ​បដិមា​ និង​ វត្ថុ​បុរាណ​មួយ​ចំនួន​ដែល​តាម​ប្រភព​ថា ​មាន​ច្រើន​ប្រភេទ​រហូត​២៨មុខ​បាន​លាក់​ក្នុង​ផ្ទះ​និង​ ក្នុង​រថ​យន្ត​ដែល​គាត់ជិះ​។​ ប្រធាន​ឆ្មាំ​ និង​ជា​ម្ចាស់ផ្ទះ​នេះ​ឈ្មោះ ​ផា សុខែម​ អាយុ​៥៦ឆ្នាំ​។​ មិន​មាន​ការ​ផ្តល់​ព័ត៌មាន​ណាមួយ​ថា​ការ​រក​ឃើញ​នេះ​មាន​ទាក់ទិន​ នឹង​ការ​លួច​ព្រះ​សុវណ្ណ​កោដ្ឋ​ តម្កល់​ព្រះ​បរម​សារី​រិកធាតុ​នោះ​ ឬ​បែបណា​ទេ​ តែ​ក៏​ជា​សញ្ញា​នៃ​ការ​តាម​ស្វែងរក​ ដោយ​គ្រាន់តែ​ មន្ត្រី​នានា​មិនបាន​បង្ហើប​ប្រាប់​ដល់​អ្នក​កាសែត​តែ​ប៉ុណ្ណោះ​។​មន្ត្រី​ប៉ូលិស​មួយរូប​បង្ហើប​ថាបាន​ឈាន​ទៅ​ដល់​ការ​កំណត់​មុខសញ្ញា​ហើយ ​គ្រាន់តែ​ការ​រក​ភស្ដុតាង​មិនទាន់​ឃើញ​នៅ​ឡើយ​។ អ្នក​តាម​ដាន​ជុំវិញ​ហេតុ​ការណ៍​ចោរ​ទមិឡ​លួច​ព្រះ​សុវណ្ណ​កោដ្ឋ​តម្កល់​ព្រះ​បរម​សារី​រិកធាតុ​នេះ​ បាន​និយាយ​ថា ​ដោយ​អានុភាព​នៃ​ព្រះ​បារមី​នេះ​ពួក​ចោរ​ទមិឡ​ទាំងនោះ​នឹង​ត្រូវ​វែកមុខ​មិនខាន​ឡើយ​ ដើម្បី​ឱ្យ​ទទួល​ទោស​ចំពោះ​ការ​ឆោតល្ងង់​របស់​ពួកគេ​ដែល​បាន​បំផ្លាញ​បេះដូង​ពុទ្ធ​សាសនិក​ជន​ ខ្មែរ​ព្រោះតែ​លួច​កោដ្ឋមាស​។ដោយ​សារព័ត៌មាន​ត្រូវ​សមត្ថកិច្ច​បិទ​ជិតពេក​ ទើប​មិនអាច​ដឹងថា​ វត្ថុ​ទាំង​២៨​មុខ​នេះ​ត្រូវ​គេ​លួច​ចេញ​ពី​ព្រះ​សក្យ​មុនី​ចេតិយ​ជាមួយ​ព្រះ​សុវណ្ណកោដ្ឋ​មែន​ឬ​លួច​ពី​ប្រភព​ណា​មកឡើយ​។
ប៉ុន្តែ​តាម​ការ​តាម​ប្រមាញ់​ចោរ​ទមិឡ​ដ៏​មមាញឹក​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ក៏​សង្ឃឹម​ថា ​អាច​នឹង​រក​ឃើញ​ព្រះ​សុវណ្ណ​កោដ្ឋ​នៃ​ព្រះ​សារី​រិកធាតុ​មិនខាន​ឡើយ​៕
(វត្ថុបុរាណដែលរកឃើញនៅក្នុងផ្ទះនិងក្នុងរថយន្តរបស់ប្រធានឆ្មាំព្រះសក្យមុនីចេតិយ)
(វត្ថុបុរាណដែលរកឃើញនៅក្នុងផ្ទះនិងក្នុងរថយន្តរបស់ប្រធានឆ្មាំព្រះសក្យមុនីចេតិយ)
ប្រភពពី  Free Press Magazine