ឃុំខ្លួនប្តីប្រពន្ឋមួយគូ ដែលប្រើល្បិចចង់លេបទ្រព្យសម្បត្តិស្ត្រីខ្មែរ រស់នៅក្រៅប្រទេសម្នាក់
បុរសជាប្តីឈ្មោះ ហេង សារិន ហៅប្រុស អាយុ៣១ឆ្នាំ ជាអ្នករកស៊ី និងប្រពន្ធឈ្មោះឡឹក ឌីណា អាយុ៣១ឆ្នាំ ពួកគេស្នាក់នៅផ្ទះលេខ១៧ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៥ ធ្នូ ដោយយោងលើ ពាក្យបណ្តឹងរបស់ឈ្មោះចាន់ គឹមឡាង ភេទស្រី ។
ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ដើមបណ្តឹងនិងពីរនាក់ប្តីប្រពន្ឋនេះបានរាប់អានគ្នាយ៉ាងជិតស្និតតាំងពីឆ្នាំ២០០៧ ។ លុះដល់ឆ្នាំ២០០៩ ឈ្មោះ ចាន់ គឹមឡាង បានឲ្យប្រាក់ចំនួន៤៨.០០០ដុល្លារអាមេរិកទៅប្តីប្រពន្ធ២នាក់នោះ ដើម្បីឈរឈ្មោះទិញផ្ទះមួយល្វែងលេខ១៧ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយឱ្យ២នាក់ប្តីប្រពន្ឋ ស្នាក់នៅបណ្តោះអាសន្ន។ ក្រៅពីឲ្យឈរឈ្មោះទិញផ្ទះ ដើមបណ្តឹងក៏បានឲ្យជួយទិញដីមួយកន្លែងទៀតនៅខេត្តកំពត ដោយសារតែដើមបណ្តឹងពុំទាន់មានសញ្ជាតិខ្មែរ ។ ប៉ុន្តែមកដល់បច្ចុប្បន្នផ្ទះនិងដីខាងលើត្រូវបាន២នាក់ប្តីប្រពន្ឋអះអាងថា ជាកម្មសិទ្ធិរបស់ពួកគេស្របច្បាប់។
លើសពីនេះឈ្មោះ ហេង សារិន បានប្រើល្បិចឆបោកយកប្រាក់ដើមបណ្តឹងអស់ចំនួន៥ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត ដោយអះអាងថា យកប្រាក់មកធ្វើឯកសារសម្គាល់ប្លង់កម្មសិទ្ធិដីនៅខេត្តកំពត ។ ចុងក្រោយ២នាក់ប្តីប្រពន្ឋបានខ្ចីប្រាក់ដើមបណ្តឹងចំនួន២ម៉ឺនដុល្លារ និងបានយករថយន្តម៉ាកឡិចស៊ីស RX៣០០ មួយគ្រឿងទៅលក់បាត់ទៀតផង ។ ដូច្នេះទើបធ្វើឲ្យដើមបណ្តឹងសម្រចចិត្តដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចដើម្បីទាមទារទ្រព្យ សម្បត្តិទាំងអស់មកវិញ និងផ្តន្ទាទោស២នាក់ប្តីប្រពន្ឋនេះតាមច្បាប់៕