ត្រី​ប្រហុក​មិនទាន់​សំបូរ​ទេ​នៅ​កំពង់ឆ្នាំង តែ​សំបូរ​ត្រី​ឆ្កោក និង​ត្រី​ច្រកែង​ទៅវិញ

12/09/2013 0 Comments A+ a-

image (13)ខេត្តកំពង់ឆ្នាំង ៖ គិត​មក​ត្រឹម​ថ្ងៃទី០៨ ខែធ្នូ នេះ គឺជា​ថ្ងៃ០៤កើត ខែ​មិគសិរ​ទៅហើយ ប៉ុន្តែ​ត្រី​សម្រាប់ធ្វើ​ប្រហុក​នៅ​មិនទាន់​សំបូរ​ទេ ដែល​ខុសពីឆ្នាំមុនៗ ក្នុង​ខ្នើត​ខែ​នេះ គឺមាន​ត្រូវជាបណ្តើរៗហើយ ផ្ទុយទៅវិញ​អ្វី​គួរកត់សំគាល់​នោះ គឺ​ត្រីធំៗមានដូចជា​ត្រី​ឆ្កោក និង​ត្រី​ច្រកែង បែរជា​សំបូរ​គួរ​ឲ្យ​កត់សម្គាល់។
ទាក់ទង​និង​ផល​នេសាទ​ឆ្នាំនេះ​លោក សោម ភិ​រុណ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​មានប្រសាសន៍ថា តាមពិត​ទៅក្នុង​ខែខ្នើត នៃ​ខែធ្នូ​នេះ ជា​រៀងរាល់ឆ្នាំ អាច​នឹងមាន​ត្រី​ប្រហុក​ត្រូវជា​បណ្តើ​រហើយ ផ្ទុយទៅវិញ​សម្រាប់​ឆ្នាំនេះ គេ​នៅ​មិនទាន់​ឃើញ​ត្រី​ប្រហុក​ត្រូវ​នៅឡើយ​ទេ។
តែ​ទោះជា​យ៉ាងណាក៏ដោយ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​រូបនេះ​បាន​បញ្ជាក់ថា ប្រសិនបើ​ខ្នើត​ខែ​នេះ​ត្រី​មិនទាន់​ចុះ នោះ​គឺ​នៅ​ខ្នើត​ខែក្រោយ ពោលគឺ​ខែមករា ឆ្នាំ២០១៤ ត្រី​ប្រហុក​ប្រាកដជា​ត្រូវ​ជាក់​ជាពុំខាន។
បើតាម​លោក សោម ភិ​រុណ ការមិន​ទាន់​សំបូរ​ត្រី​ប្រហុក​នៅពេលនេះ គឺ​បណ្តាលមកពី​ធម្មជាតិ និង​អាកាសធាតុ ដូចជា​ឆ្នាំនេះ​ទឹក​ស្រក​យឺត និង​អាកាសធាតុ​ត្រជាក់​ខុសធម្មតា​ជាដើម​នោះ។
គួរកត់សម្គាល់​ដែរ​ថា ថ្វី​ត្បិត​ត្រី​ប្រហុក​មិនទាន់​ត្រូវ តែ​គេ​កត់សម្គាល់​ឃើញថា ត្រី​ប្រភេទធំៗមួយចំនួន​ដូចជា​ត្រី​ឆ្កោក ត្រី​ច​ង្កែ​ង​ជាដើម បែរជា​ត្រូវ​និង​សំបូរ​ទៅវិញ ប៉ុន្តែ​តម្លៃ​របស់​វា​នៅតែ​ថ្លៃ​ដដែល ពោលគឺ​ក្នុង​មួយ​គីឡូក្រាម ថ្លៃ​ដល់១ម៉ឺន៩ពាន់​រៀល​ឯ​ណ្ណោះ។
បើតាម​ការ​ឲ្យ​ដឹង​របស់​ឯកឧត្តម ណៅ ធួ​ក ប្រធាន​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រាប់​ឆ្នាំនេះ ត្រី​ប្រហុក​អាច​នឹងត្រូវ​នៅ​ថ្ងៃទី១០ ខែធ្នូ ខាងមុខ ប្រសិនបើ​អាកាសធាតុ​អំណោយផល៕
ប្រភពពី ANN