ជូនស្ត្រីពីរនាក់ដើរលេង ត្រូវជនទំនើងព្រួតវាយ និងចាក់សម្លាប់នៅក្នុងថ្លុកឈាម
ជនរងគ្រោះមានឈ្មោះ ផេង ឆលីហ៊ាង អាយុ ១៩ឆ្នាំ មានមុខរបរជាកម្មករ ផ្នែករោងពុម្ព ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជូន មិត្តស្រីៗពីរនាក់ទៅផ្ទះ លុះចេញដំណើរមកដល់ផ្លូវស្ងាត់ ក៏ស្រាប់តែមានយុវជនមួយក្រុម មានគ្នាចំនួន ៤នាក់ បានចេញមកស្ទាក់ផ្លូវព្រួតវាយ និងចាក់ដោយកូនកាំបិត ចំក្រោមក្លៀក ជាច្រើនកាំបិត បណ្ដាលឲ្យរបួស ហូរឈាមស្រោចខ្លួន។
ជនរងគ្រោះបានព្យាយាមរត់គេចខ្លួន មកកាន់ផ្ទះជួលកន្លែងស្នាក់នៅ ដោយបានប្រាប់គេឯង អំពីដំណើររឿង ហើយពេលនោះមិត្តរួមការងារ ក៏បានរូតរះដឹកយក មកកាន់មន្ទីរពេទ្យ លោកសង្ឃ ដើម្បីសង្គ្រោះដល់អាយុជីវិត ប៉ុន្តែនៅពេលមកដល់ មន្ទីរពេទ្យបានបន្តិច ជនរងគ្រោះក៏ស្លាប់ បាត់បង់ជីវិតតែម្តង។ ប្រហែលជាង ១ម៉ោងក្រោយមក ទើបប៉ូលិសចុះមកស្រាវជ្រាវ នៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ តាមចាប់ខ្លួន ក្រុមជនដៃដល់ មកដាក់ទោសតាមច្បាប់៕
_____________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ
