ស្លាកលេខម៉ូតូនឹងធ្វើត្រឹមច្រកចេញចូលតែមួយ សាលាខណ្ឌនៅឆ្នាំក្រោយ

12/06/2013 0 Comments A+ a-

ភ្នំពេញ: ​ការធ្វើ​ស្លាក​លេខ​ម៉ូតូ​ចាប់ពី​ដើមខែ​មករា​ឆ្នាំ​២០១៤​នេះ​គឺ​ធ្វើ​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​របស់​ខណ្ឌ​ដោយ​មិនចាំបាច់​ទៅធ្វើ​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ដូច​មុន​ទៀត​នោះទេ​។​នេះ​បើតាម​ការបញ្ជា​ក់លោក​អភិបាលខណ្ឌ​ទួលគោក លោក​ឯក ឃុន​ដឿ​ន​។​
​    ​លោក​អភិបាលខណ្ឌ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៥ របស់​ក្រុមប្រឹក្សា ខណ្ឌទួលគោក កាលពី​ព្រឹក​ថ្ងៃទី​៥​ខែធ្នូ​។​នាពេលនោះ​លោក​បញ្ជាក់ថា មាន​ក្រសួង​ចំនួន​ប្រាំបួន រួមមានៈ ទី​១.​ក្រសួង​អប់រំ​យុវជន​និង​កីឡា​,​ទី​២.​ក្រសួងសុខាភិបាល​,​ទី​៣.​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់ ,​ទី​៤.​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​,​ទី​៥.​ក្រសួងទេសចរណ៍​,​ទី​៦.​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ,​ទី​៧.​ក្រសួង​ឧ​ស្សហកម្ម​,​ទី​៨.​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​ក្រសួងពាណិជ្ជកម្ម​បានធ្វើ​ប្រតិភូកម្ម​អំណាច​មកឱ្យ​ថ្នាក់​ខណ្ឌ​ជា​អ្នកសម្រេច​ក្នុង​កិច្ចការ​របស់ខ្លួន​។​លោក​បាន​បន្ថែមថា​មន្ត្រី​ថ្នាក់ដឹកនាំ​ការិយាល័យ​ច្រកចេញចូល​តែមួយ​នេះ​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ដោយ​ក្រុមប្រឹក្សា​ខណ្ឌ​ទាំងអស់​ព្រមទាំង​មាន​តំណាង​អាជីវករ​រកស៊ី​ធំៗ នៅក្នុង​ខណ្ឌ និង​មាន​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល ចូលរួម​ផងដែរ​។​
​    ​លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់ថា​រាជរដ្ឋាភិបាល​បាន​បង្កើតឱ្យមាន​ការិយាល័យ​ច្រកចេញ ចូល​តែមួយ​នេះ​ឡើង ក្នុង​គោលបំណង​បង្ខិត​ឱ្យ​កាន់តែ​ជិត​បំផុត ក្នុង​ការផ្តល់សេវា​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ បង្ក​ភាពងាយស្រួល​ដល់​ប្រជាជន​បាន​ចំណេញ​ពេលវេលា និង​មិន​ខាតបង់​ថវិកា​ច្រើន​។​
​     ដោយឡែក​សម្រាប់​ការងារ​សំណង់​ខណ្ឌ​ត្រូវបាន​ថ្នាក់ជាតិ​ប្រតិភូកម្ម​អំណាច​ឱ្យមាន​សិទ្ធិ​សម្រេច​លើ​ការសាងសង់ ក្នុង​ទំហំ​ដី​៥០០​ម៉ែត្រការ៉េ​។​នេះ​គឺជា​ការបញ្ជាក់​របស់លោក ឯក ឃុន​ដឿ​ន​៕
ប្រភពពី CEN