ស្ថានការណ៍ នៅប្រទេសថៃ ធ្លាក់ក្នុងភាពវឹកវរធ្ងន់ធ្ងរ ខណៈក្រុមបាតុករអាវលឿងថៃ ចូលអុកឡុក វិមានរដ្ឋាភិបាល
យ៉ាងណាក៏ដោយ ប៉ូលីសបាននិយាយថាកងសន្តិសុខជាច្រើននាក់នៅពេលនោះមិនបានប៉ះទង្គិចជាមួយបាតុករទេនៅពេលដែលបាតុករចូលលុកលុយវិមានរដ្ឋាភិបាល។មិនតែប៉ុណ្ណោះក្រុមបាតុករ បានកាត់ផ្ដាច់ចរន្តអគ្គីសនី និងទុយោទឹក ធ្វើឲ្យលំបាកដល់ពួកសន្តិសុខជាខ្លាំង ហើយបន្ថែមលើនេះ ពួកបាតុករបានចូលទៅលុកលុយការិយាល័យនាយរដ្ឋមន្ត្រីទៀតផង ដែលនៅពេលនោះលោកស្រីយីងឡាក់បានត្រូវជម្លៀសចេញជាបន្ទាន់។
នៅក្នុងរយៈពេលចុងក្រោយនេះ ស្ថានការណ៍នយោបាយនៅក្រុងបាងកក នៅតែបន្តវឹកវរ ដោយសារតែក្រុមប្រឆាំងជំរុញឲ្យលោកស្រីយីងឡាក់ចាកចេញពីគណៈរដ្ឋមន្ត្រីឲ្យបានមុនការបោះឆ្នោតចូលមកដល់ដែលករណីនេះទាមទារឲ្យមានឥស្សរជនម្នាក់មកជំនួសលោកស្រីយីងឡាក់ក្នុងឋានៈជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន។
តាមសេចក្ដីរាយការណ៍ដំបូងៗហើយមិនទាន់ផ្លូវការទំនងជាលោកប្រាវីតវង់ស៊ូវ៉ានអតីតរដ្ឋមន្ត្រីការពារជាតិរបស់អតីតនាយករដ្ឋមន្ត្រីអាប់ភីស៊ិត វីចាជីវៈនឹងស្នើឲ្យទទួលតំណែងនាយករដ្ឋមន្ត្រីនៅពេលលោកស្រីយីងឡាក់ព្រមចាកចេញពីគណៈរដ្ឋមន្ត្រីឬក៏ត្រូវបានបណ្ដេញចេញដោយប្រការណាមួយ។ប្រភពក្រៅផ្លូវការនេះបានកើតមាននៅពេលដែលមានព័ត៌មានថាលោក ប្រាវីត វង់ស៊ូវ៉ាន បានជួបប្រជុំជាមួយមេទ័ពជាច្រើនជាពិសេសជាមួយលោកប្រាយុទ្ធចាន់អ៊ូចាអគ្គមេបញ្ជាការកងទ័ពនិងអតីតប្រមុខកងទ័ពថៃលោកអានុពង្សផាវចិន្តាកាលពីថ្ងៃអង្គារហើយក្នុងនោះមានទាំងលោកស៊ូ ថេបធឿកស៊ូបាន់ មេដឹកនាំបាតុករផងដែរ។
ប៉ុន្តែ លោក ប្រាវីត វង់ស៊ូវ៉ាន បានច្រានចោលព័ត៌មានអំពីជំនួបរបស់លោក ជាមួយលោកសូថេប ធឿកស៊ូបាន់។ ឧត្តមសេនីយ៍ ប្រាវីត បានប្រាប់កាសែតថៃដឺណេហ្សិន The Nation ថាសេចក្ដីរាយការណ៍នេះគ្មានមូលដ្ឋាននិងមិនពិត។
ភាពវឹកវរនៅទីក្រុងបាងកកបានអូសបន្លាយអស់រយៈពេលជិត៣សប្ដាហ៍មកហើយ។ដើមចមដែលបណ្ដាលឲ្យមានបាតុកម្មគឺក្រុមប្រឆាំងចង់ផ្ដួលរំលំលោកស្រីយីងឡាក់ពីតំណែងជានាយករដ្ឋមន្ត្រី ព្រោះតែលោកស្រីព្យាយាមនាំបងប្រុសរបស់ខ្លួន គឺលោកថាក់ស៊ីនដែលត្រូវបានក្រុមយោធាថៃធ្វើរដ្ឋប្រហារបណ្ដេញចេញពីអំណាចកាលពីឆ្នាំ២០០៦ដែលលោកត្រូវបានកាត់ទោសពីបទពុករលួយ និងបំពានអំណាចរដ្ឋនោះឲ្យវិលចូលប្រទេសថៃវិញ។
គួរបញ្ជាក់ថា ក្រុមយោធាថៃនិងបក្សប្រជាធិបតេយ្យឬក្រុមអាវលឿងបានចាត់ទុកលោកថាក់ ស៊ីនថា មនុស្សដែលមានការគាំទ្រពីប្រជាពលរដ្ឋថៃដែលពួកគេបារម្ភថាជាការគម្រាមដល់របបរាជានិយមនៅប្រទេសនេះនៅថ្ងៃអនាគត៕
ប្រភពពី Free Press Magazine