សេរីភាពបញ្ចេញមតិ និងការគ្រប់គ្រង ហ្វេសប៊ុកនៅ តែជាប្រធានបទរសើប
1. ទីសាធារណៈ
ហេ្វសប៊ុកបានអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្កើតមិត្តភក្តិថ្មីៗក្នុងបណ្តាញសង្គមនេះបានរហូតទៅដល់៥ពាន់នាក់។ ក្នុងន័យនេះ តើយើងអាចចាត់ទុកថា ហ្វេសប៊ុកជាទីសាធារណៈបានដែរឬទេ?
ឆ្លើយតប នឹងបញ្ហានេះ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា៖ «តាមពិត ហេ្វសប៊ុកនេះ យើងអាចហៅបានថា ពាក់កណ្តាលសាធារណៈ និងពាក់កណ្តាលទៀតមិនសាធារណៈ វាអាស្រ័យទៅលើអ្នកប្រើប្រាស់ផ្ទាល់ ពីព្រោះបើយើងមិនអនុញ្ញាតឲ្យគេស្គាល់យើងទេ នោះគេនឹងមិនអាចដឹងរឿងអ្វីដែលយើងបង្ហោះបានដែរ ហើយយើងក៏មិនដឹងពីរឿងរបស់គេដែរ»។
លោក សុក សំអឿន ជាប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាវិញ បានបន្តថា៖ «កន្លងមក វាពុំទាន់មានកិច្ចពិភាក្សាផ្លូវច្បាប់ណាមួយដែលអាចចាត់ទុកថា ហ្វេសប៊ុកជាទីសាធារណៈបានទេ»។ លោកបានលើកឡើងថា ដោយសារតែប្រទេសយើងមិនមានច្បាប់នៅលើប្រព័ន្ធអនឡាញនេះ ទើបហ្វេសប៊ុកមិនអាចកំណត់ឲ្យបានច្បាស់ថា វាជាទីសាធារណៈនៅឡើយទេ។
លោកបានបញ្ជាក់ថា៖ «ទោះបីជាអ្នកប្រើប្រាស់ណាមួយនិយាយព័ត៌មានមិនពិត ឬជេរប្រមាថគ្នា វាមិនមានច្បាប់ណាអាចបញ្ជាក់ថា អ្នកលេងប្រព្រឹត្តអំពើទាំងនេះជាសាធារណៈឡើយ»។
រីឯលោក មឿន ឈានណារិទ្ធិ បានឆ្លើយតបថា បើគិតពីទ្រឹស្ដីវិញ ទំនាក់ទំនងក្នុងហ្វេសប៊ុកប្រៀបដូចជាការទាក់ទងក្នុងទីសាធារណៈ។ លោកបានពន្យល់ថា ទំនាក់ទំនងក្នុងហ្វេសប៊ុកច្រើនជាការធ្វើឡើងពីមនុស្សម្នាក់ដែល មានមិត្តភក្តិច្រើននាក់ជាមួយនឹងមិត្តភក្តិម្នាក់ទៀតដែលមានមិត្ដភក្តិ ច្រើនដូចគ្នាដែរ។ ការទាក់ទងរវាងមិត្តមួយទៅមិត្តមួយក្នុងលំនាំនេះបានបង្កើតទៅជា ប្រព័ន្ធទំនាក់ទំនងមួយដ៏ធំទូលំទូលាយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងគួរតែមានច្បាប់មួយដែលអាចបកស្រាយ និងពន្យល់ឲ្យបានច្បាស់ជាមុនសិនលើពាក្យថា ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬហ្វេសប៊ុក មុនពេលដែលមានករណីណាមួយនឹងកើតឡើងលើអ្នកប្រើប្រាស់៕
2.ការប្ដឹងប្ដល់នរណាម្នាក់ស្ដីពីបញ្ហាហ្វេសប៊ុក
សព្វថ្ងៃនេះ បញ្ហាដែលអ្នកប្រើប្រាស់ហ្វេសប៊ុកទាំងឡាយបាននិងកំពុងតែ អន្ទះសាចង់ដឹងនោះគឺថា តើពួកគេអាចប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ណាមួយទេ ប្រសិនបើពួកគេប្រើពាក្យ ឬកាយវិការណាមួយមិនសមរម្យ?
ទាក់ទង ទៅនឹងបញ្ហានេះ លោក សុក សំអឿន បានឲ្យដឹងថា៖ «បើនិយាយពីច្បាប់ គឺត្រូវតែច្បាស់ ហើយមកដល់សព្វថ្ងៃនេះ យើងមិនអាចយកច្បាប់ណាឲ្យច្បាស់ទៅប្រើដាក់ទណ្ឌកម្មអ្នក ប្រើប្រាស់ហ្វេសប៊ុកបានទេ ពីព្រោះការបញ្ចេញមតិយោបល់នៅលើហ្វេសប៊ុកនេះ វាប្រៀបដូចជាការជជែកពិភាក្សាគ្នានៅឯតុកាហ្វេអ៊ីចឹង ហើយម្យ៉ាងទៀត នរណាៗក៏អាចប្រើប្រាស់ហ្វេសប៊ុកបានដែរ»។
នៅក្នុង ហ្វេសប៊ុក ការផ្តល់ព័ត៌មានមិនពិត និងការជេរប្រមាថជារឿងកើតឡើងដដែលទៅហើយ ដូចជា ការមួលបង្កាច់ជាដើម ជនរងគ្រោះត្រូវផ្តល់ភ័ស្ដុតាងថា ពួកគេបានបាត់បង់ ឬខូចប្រយោជន៍ពីពាក្យទាំងនោះ ប៉ុន្តែក្នុងហ្វេសប៊ុក វាមានការលំបាកក្នុងការបង្ហាញពីផលខូចខាតដែលកើតមានឡើងណាស់។
លោក មឿន ឈានណារិទ្ធិ បានលើកឡើងថា ក្នុងករណីកើតឡើងធ្ងន់ធ្ងរ តុលាការអាចធ្វើការបកស្រាយច្បាប់ដែលមានស្រាប់ ប៉ុន្តែការបកស្រាយត្រូវតែធ្វើឡើងប្រកបដោយយុត្តិធម៌ ឯករាជភាព និងតម្លាភាព។
ឆ្លើយតបនឹងករណីនេះ លោក ខៀវ កាញារីទ្ធ បានបន្ថែមថា អ្នកដែលចូលចិត្តធ្វើការចែកចាយព័ត៌មានមិនពិត និងដើរបង្ខូចកេរ្តិ៍ឈ្មោះគេនោះ ច្រើនតែប្រើឈ្មោះមិនពិត។ លោកបានបន្តថា គេអាចធ្វើការប្តឹងបាន បើសិនជាអ្វីដែលគេបានចែកចាយ ពិតជាខុសនឹងច្បាប់ ប៉ុន្តែក្នុងបរិបទសង្គមខ្មែរ គេមិនសូវចូលចិត្តឡើងតុលាការទេ។
យ៉ាង ណាមិញ លោក មឿន ឈានណារិទ្ធិ បាននិយាយថា អ្នកប្រើប្រាស់មិនគួរយកហ្វេសប៊ុកមកលេងសើច និងវាយប្រហារលើអ្នកដទៃទេ។ លោកបានផ្តល់គំនិតថា ចំពោះកំហុសអចេតនា ការសុំទោស និងកែតម្រូវពិតជាស័ក្ដិសមណាស់ទៅហើយ៕
3. ច្បាប់គ្រប់គ្រងហ្វេសប៊ុក?
គួរ រំឭកថា ហេ្វសប៊ុកត្រូវបានបង្កើតឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០០៤ ហើយមកទល់សព្វថ្ងៃនេះ វាមិនមានប្រទេសច្រើនទេដែលបានហាមប្រាមប្រជាជនក្នុងការប្រើប្រាស់ហ្វេសប៊ុក។ ប៉ុន្ដែមានសំណួរជាច្រើនបានលើកឡើងពាក់ព័ន្ធនឹងការបង្កើត ច្បាប់នេះ។
ទាក់ទិននឹងរឿងនេះដែរ លោក មឿន ឈានណារិទិ្ធ បានឆ្លើយតបថា សេរីភាពក្នុងការបញ្ចេញមតិជាផ្នែកមួយនៃសេរីភាពសារព័ត៌មាន ប្រជាធិបតេយ្យ។ ដូចនេះ វាមិនគួរមានការដាក់ទោសទៅលើការបញ្ចេញមតិ ឬទស្សនៈឡើយ។ លោកបាននិយាយថា៖ «តែកាលណាមានច្បាប់នោះនឹងមានការដាក់ទោស ហើយដូចនេះខ្ញុំមិនចង់ឃើញការដាក់ទោសទៅលើសេរីភាពក្នុងការ បញ្ចេញមតិឡើយ»។ លោកបានឲ្យជាគំនិតថា ប្រជាជន និងអ្នកប្រើប្រាស់គួរតែចេះកែតម្រូវខ្លួនឯង គឺមានន័យថា យល់អ្វីដែលត្រូវនិងខុស។ លោក ណារិទិ្ធ បាននិយាយជារួមថា បើទោះបីជាវាស្ថិតក្នុងពិភពអ៊ីនធឺណិតក៏ដោយ ក៏អ្នកប្រើប្រាស់មិនត្រូវយកវាយកមកវាយប្រហារនរណាម្នាក់ដោយ ចេតនាឡើយ។
ត្រង់ចំណុចនេះ លោក ខៀវ កាញារីទ្ធ បានទទួលស្គាល់ថា នៅក្នុងហ្វេសប៊ុកពិតជាសម្បូរទៅដោយព័ត៌មានមិនពិត ដោយលោកបានលើកឡើងថា៖ «ហេ្វសប៊ុកដូចជា (ផលិតផលពាក់កណ្តាលសម្រេច) ហើយដូចនេះគេត្រូវចូលទៅមើលលើគេហទំព័រព័ត៌មានដែលបញ្ជាក់នូវ អ្វីដែលគេបានឃើញលើហេ្វសប៊ុក»។ លោកបានបន្តទៀតថា ហេ្វសប៊ុកក៏ដូចជាសារព័ត៌មានដទៃទៀតដែរ ដែលអ្វីៗគឺអាចនិយាយពិភាក្សាបានទាំងអស់ ប៉ុន្តែបើមានអ្នកណានិយាយព័ត៌មានមិនពិត និងមួលបង្កាច់កេរ្ដិ៍ឈ្មោះបុគ្គលម្នាក់នោះក៏ធ្លាក់ចុះទៅតាមនឹងដែរ។
លោក បានបញ្ជាក់ថា រឿងដូចជាការបង្កើតច្បាប់ក្នុងប្រព័ន្ធអ៊ីនធឺណិត (cyber law) នឹងត្រូវការចំណាយពេលវេលាច្រើនណាស់ ហើយវាត្រូវការអន្តរក្រសួងពាក់ព័ន្ធជាច្រើនចូលរួមក្នុងការបង្កើត ច្បាប់នេះ៕
4. ដាក់ទណ្ឌកម្មចំពោះអ្នកប្រើហ្វេសប៊ុក?
បើ អ្នកណាធ្វើខុសនឹងច្បាប់ ការដាក់ទោសនឹងកើតមានឡើង ប៉ុន្តែបើមានករណីកើតឡើងក្នុងហ្វេសប៊ុក តើវានឹងទៅជាយ៉ាងណាវិញ?
ឆ្លើយតបនឹងបញ្ញានេះ លោក មឿន ឈានណារិទិ្ធ បាននិយាយថា ជាធម្មតានៅពេលដែលមានវត្ថុថ្មីឬក៏អ្វីដែលទើបតែបង្កើតថ្មីគេ តែងបង្កើតច្បាប់ថ្មីទៅតាមនោះដែរ។ ចំពោះហ្វេសប៊ុក វាមានការលំបាកច្រើនក្នុងការអនុវត្តច្បាប់។ លោក បាននិយាយថា ដោយសារតែឥឡូវ ក្នុងប្រទេសកម្ពុជាមិនទាន់មានច្បាប់លើអ៊ីនធឺណិត ដូចនេះនៅពេលដែលមានករណីធំៗកើតឡើង តុលាការប្រហែលជាត្រូវធ្វើការបកស្រាយច្បាប់ដែលមានស្រាប់ ដូចជា ច្បាប់ព្រហ្មទណ្ឌ និងច្បាប់សារព័ត៌មានជាដើម។ ប៉ុន្តែនៅពេលធ្វើការបកស្រាយច្បាប់ តុលាការត្រូវឈរលើឯករាជភាព។
សាស្រា្តចារ្យ ផ្នែកសារពត៌មានរូបនេះ ក៏បានឲ្យជាគំនិតថា នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម នៅពេលដែលអ្នកប្រើប្រាស់ធ្វើការចែកចាយព័ត៌មាន ឬធ្វើការបញ្ចេញមតិទៅលើអ្វីមួយនោះ ពួកគេប្រៀបដូចជា «សារព័ត៌មានប្រជាពលរដ្ឋ» ដែរ ហើយវាមានការលំបាកក្នុងការប្រើប្រាស់ច្បាប់ និងអនុវត្តច្បាប់ទៅលើប្រភេទសារព័ត៌មានប្រជាពលរដ្ឋនេះណាស់។
លោក បាននិយាយថា៖ «វាមានការលំបាក និងស្មុគស្មាញក្នុងការបែងចែករវាង អ្នកសារព័ត៌មានទូទៅ និងអ្នកសារព័ត៌មានប្រជាពលរដ្ឋ»។
លោក មឿន ឈានណារិទិ្ធ នៅតែលើកឡើងថា បើសិនជាមានកំហុសកើតមានឡើងមែន ការសុំទោស និងចុះផ្សាយឡើងវិញនូវការកែតម្រូវជាអ្វីដែលស័ក្ដិសមជាងគេ។
លោក រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក សុក សំអឿន មានយោបល់ស្រដៀងគ្នាដែរ ពួកគាត់គិតថា នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម បើសិនជាអ្នកណាដែលចូលចិត្តធ្វើអ្វីខុសនឹងក្រមសីលធម៌សង្គម (ដូចជា ការជេរប្រមាថ និងកុហកបោកប្រាស់) មនុស្សប្រភេទនេះតែងត្រូវបានគេទុកចោល និងមិនត្រូវបានគេរាប់អានដោយទូលំទូលាយទេ៕
5. តើគួរ ឬមិនគួរ?
បើ ទោះបីជាហេ្វសប៊ុកបានបង្កលក្ខណៈជូនអ្នកប្រើប្រាស់ឲ្យមាន លទ្ធភាពចែកចាយព័ត៌មាន ពិភាក្សា និង បញ្ចេញមតិតាមរយៈពាក្យសម្ដី រូបភាព និងខ្សែវីដេអូក៏ដោយ ក៏អ្នកប្រើប្រាស់គប្បីយល់ពីផលល្អ និងផលអាក្រក់របស់ពាក្យសម្ដី ទង្វើ ឬរូបភាពណាមួយដែលខ្លួនចង់បង្ហោះផងដែរ។ ក្នុងន័យនេះ តើអ្នកប្រើប្រាស់ហេ្វសប៊ុកគួរធ្វើអ្វីខ្លះ?
បើតាមលោក មឿន ឈានណារិទ្ធិ បានឲ្យថា៖ «តាមពិតទៅ អ្នកដែលលេងហ្វេសប៊ុក អាចត្រូវបានចាត់ទុកបានថា ជាអ្នកសារព័ត៌មានប្រជាពលរដ្ឋ។ ដូច្នេះពួកគាត់គួរតែគោរពនូវគោលការណ៍ និងក្រមសីលធម៌សារព័ត៌មានដែរ។ ពួកគាត់មិនត្រូវក្លែងបន្លំ ឬផ្តល់ព័ត៌មានមិនពិតទេ។ បើសិនជាពួកគាត់បានធ្វើខុសដោយអចេតនា ពួកគាត់ត្រូវតែទទួលខុសត្រូវតាមរយៈការសុំទោសជាសាធារណៈចំពោះ កំហុសរបស់ខ្លួន»។
លោក សុក សំអឿន បានលើកឡើងថា៖ «អ្វីក៏ដោយវាមានចំណុចល្អ និងអាក្រក់។ សម្រាប់ហ្វេសប៊ុកក៏មានដូចគ្នា។ ដូច្នេះ អ្នកប្រើប្រាស់ហ្វេសប៊ុក គួរចៀសវាងការផ្តល់ព័ត៌មានដែលបំភ្លៃពីការពិត និងការជេរប្រមាថគ្នា ពីព្រោះថ្វីដ្បិតតែគ្មានច្បាប់ណាមួយអាចដាក់ទណ្ឌកម្មក៏ពិតមែន ប៉ុន្តែអ្នកប្រើប្រាស់ទាំងនោះនឹងទទួលទណ្ឌកម្មពីសង្គម ដូចជា ការស្អប់ខ្ពើម ឬគេឈប់រាប់អាន»។
រីឯលោករដ្ឋមន្ដ្រីក្រសួង ព័ត៌មាន ខៀវ កាញារីទ្ធ បានបកស្រាយថា៖ «ខ្ញុំឃើញមានព័ត៌មានដែលមិនពិតជាច្រើននៅលើហេ្វសប៊ុក ដែលនេះគឺជាកត្តាអាចធ្វើឲ្យហ្វេសប៊ុកត្រូវបានគេចាត់ទុកថា វាមិនមែនជាប្រភពព័ត៌មានមួយឥតបានការ»។
ជាចុងក្រោយ លោក សុក សំអឿន បានប្រាប់ថា៖ «ហ្វេសប៊ុក យើងអាចចាត់ទុកជាកន្លែងផ្សព្វផ្សាយមួយ។ ដូច្នេះ បើយើងអាចប្រើប្រាស់វាឲ្យមានការរីកចម្រើន យើងនឹងទទួលផលល្អ បើយើងមិនចេះប្រើប្រាស់ទេនឹងទទួលបានការខាតបង់»។
លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ជនជាតិខ្មែរមួយចំនួនដែលប្រើប្រាស់ហ្វេសប៊ុក មិនមានការគិតឲ្យបានវែងឆ្ងាយនូវព័ត៌មានដែលគេទទួលបាន ពីព្រោះពួកគេមិនបានរៀនសូត្របានខ្ពស់។ លោកបានផ្ដល់ជាគំនិតថា រាល់ពេលដែលបានឃើញនូវព័ត៌មានលើហេ្វសប៊ុក អ្នកប្រើប្រាស់ត្រូវប្រើប្រាស់នូវចំណេះដឹងដែលគេមាន និងចេះវិភាគ ហើយត្រូវទៅរកប្រភពព័ត៌មានដទៃទៀតដើម្បីធ្វើការផ្ទៀងផ្ទាត់៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍