ប្រជាពលរដ្ឋក្រីក្រ ​៣០គ្រួសារ រងការបណ្ដេញ ​ចេញពីលំនៅស្ថាន ​នៅខេត្តពោធិ៍សាត់

12/06/2013 0 Comments A+ a-

ប្រជាពលរដ្ឋ​៣០គ្រួសារ​នៅភូមិ​ព្រហស្បតិក្បាល ឃុំ ផ្ទះរុង ស្រុក ភ្នំក្រវាញ ខេត្ត ពោធិ៍សាត់​កំពុង រង​ការ​បណ្ដេញចេញ​ពី​លំនៅស្ថាន​ដោយគ្មាន​លក្ខខ័ណ្ឌ​ឬផ្ដល់​សំណង​អ្វី​ទាំងអស់​។ អាជ្ញាធរ​បាន​ចោទ​ប្រកាន់​ថា ពលរដ្ឋ​ទាំងនេះ​មក​តាំង​ទីលំនៅ​លើដី​គម្របព្រៃ​របស់រដ្ឋ​ដោយ​ខុសច្បាប់​។ប៉ុន្តែ​ ប្រ​ជាពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់ថា គាត់​មិនបានដឹង​ថា ដីណា​ជាដី​គម្របព្រៃ​ឬ មិនមែន​ជា​គម្របព្រៃ​នោះឡើយ​។គាត់​គ្រាន់តែ​ដឹងថា គាត់​បាន​មក​រស់នៅ​តាំងពី​ឆ្នាំ២០០៤ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​មក​ហាម​ឃាត់​គាត់​នោះ​ឡើយ​។​
បុរស​អ្នកភូមិ​ឈ្មោះ ហម សាវឿន អាយុះ ៤២ ឆ្នាំ បាន​ឲ្យដឹង​ថា រយៈកាល​៩ឆ្នាំ​កន្លងទៅ​ដែល​គាត់មក​រស់នៅ​គាត់បាន​កាប់ឆ្ការ​រានព្រៃ​ដាំ​ដំណាំ​ហូបផ្លែ មានដូង ស្វាយ ល្ហុង ជាដើម​ខ្លះ​បាន​ទទួល​ផលរួច​ទៅ​ហើយ​។​បើ​អាជ្ញាធរ​បណ្ដេញ​គាត់ៗ​មិន​ដឹងជា​ត្រូវ​ទៅ​រស់នៅ​ទីណា​នោះទេ​ព្រោះ​គាត់​គ្មាន ប្រាក់​សម្រាប់​ទិញដី​បង្ក​បង្កើនផល​ចិញ្ចឹម​គ្រួសារ​ដែល​មានកូន​ក្នុងបន្ទុក​៤នាក់​នោះឡើយ​។​គាត់​សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​មេត្តា​ជួយគ្រួសារ​គាត់​និងអ្នកភូមិ​ទាំង២៩​គ្រួសារ​នេះ​ផង​។​
បុរស​អ្នកភូមិ​ឈ្មោះ សំ សាវុធ អាយុះ ៥៧ ឆ្នាំ ពោះម៉ាយ​មាន​កូន៧នាក់​ក្នុង​បន្ទុក​។អ្នក​ភូមិ​រូប​នេះបាន​ឲ្យដឹង​ថា ពីមុន​គាត់នៅ​ឃុំ​ត្រពាំងជង ស្រុកបាកាន តែដោយ​គាត់គ្មាន​ដី​ធ្វើស្រែ​ចិញ្ចឹម​កូន​គាត់​ឃើញ​ដី​នៅភូមិ​ព្រហស្បតិក្បាល​នេះ​ទំនេ​រនិង​មាន​ជីរជាតិ​ល្អ​គាត់ក៏​មក​កាប់ឆ្ការ​ដាំដុះ​ដើម្បី​ចិញ្ចឹមកូនឥឡូវ​អាជ្ញាធរ​មក​បណ្ដេញ​គាត់​ចេញ គាត់​មិន​ដឹង​ថា​ តើគាត់​ត្រូវរក​ដីឯណា​ដើម្បី​ដាំដុះ​ចិញ្ចឹម​កូន ទៀត​ទេ​។អ្នកភូមិ​រូបនេះ​សំណូមពរ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​អាណត្តិ​ទី៥​នេះ​ជួយ​គ្រួសារ​គាត់​ផង​។
យ៉ាងនេះក្ដី អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក​បាន​ឲ្យដឹង​ដូចៗ​គ្នាថា ប្រជា​ពលរដ្ឋ​ទាំងនេះ​បាន​មក​តាំង​ទីលំនៅ​ដោយ​ខុស​ច្បាប់​លើដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​។ដូច្នេះ​ពួកគាត់​ត្រូវតែ​ចាកចេញ​ពី​ទីនេះ​ដើម្បី​ប្រគល់​ដីនេះ​មកឲ្យ​រដ្ឋ​គ្រប់គ្រង​វិញ​។
អភិបាល​ស្រុក ភ្នំក្រវាញ លោក សូ សាហុង មាន​ប្រសាសន៍ថា ៉ រដ្ឋ​ពុំធានា​ចេញ​សំណង​ទេ​ក្នុងការ​ បណ្ដេញ​នេះ ដោយ​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​បំពាន​លើ​កម្មសិទ្ធិ​របស់​រដ្ឋ ៉។លោក​បន្តថា បើ​តាម​ច្បាប់ពួកគេ​ត្រូវ​មានទោស​ពីបទ​បំពាន​លើដី​មាន​កម្មសិទ្ធិ​ទៀត​ផង​។​
យ៉ាង​ណា​ក៏ដោយ តាម​ការចុះ​អង្កេត​ផ្ទាល់​បង្ហាញ​ថា អាជ្ញាធរ​ធ្លាប់បាន​ប្រកាស​ប្រាប់​ប្រជា​ពលរដ្ឋទាំង​នោះ​កុំឲ្យ​កាប់រាន​ព្រៃ​នៅ​តំបន់​នេះ​ទៀត​។​តែ​ប្រជា​ពលរដ្ឋ​ទាំងនោះ​មិន​ព្រម​ស្ដាប់​អាជ្ញាធរ​ដែនដី​ភូមិ ឃុំ​ឡើយ​។​
មេឃុំ ផ្ទះរុង លោក ឈួន ឃន មាន​ប្រសាសន៍​ថា ប្រជា​ពល​រដ្ឋទាំង​នេះ​មួយ​ភាគ​ធំ​ទើបតែ​មក​តាំងទី​លំនៅ​ពេល​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ​លោក​ថា ៉ ខ្ញុំ​ធ្លាប់​បាន​ ប្រាប់​ប្រជា​ពលរដ្ឋ​ទាំងនោះ​ជា​ច្រើន​ដង​ហើយ​តែ​ពួកគេ​មិនព្រម​ស្ដាប់​…៉។​ទាក់ទិន​ចំពោះ​បញ្ហា ការ​បណ្ដេញ​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត ពោធិ៍សាត់ លោក ភួង សុធា មាន​ប្រសាសន៍​ថា ប្រការសំខាន់នោះគឺ ប្រជា​ពលរដ្ឋ​ទាំង៣០ គ្រួសារ​នេះ​ពិត​ជា​ក្រីក្រ បាន​ព្រឹកខ្វះ​ល្ងាច​ហើយ​គ្រួសារ​ខ្លះ​ពុំមាន​បាយ​បរិភោគ​គ្រប់​គ្រាន់​ទេ​។ពួកគេ​ភាគច្រើន​បាន​បរិភោគ​បបរ​ឬ​មើម​ដំឡូង​ជំនួស​បាយ​។​លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​ផ្ដល់​ ដី​ជា​លក្ខណៈ​សម្បទាន​សង្គមកិច្ច​ដល់​ប្រជា​ពលរដ្ឋ​ទាំងនេះ​ផង​ដើម្បី​ឲ្យ​ពួកគេ​មាន​ជីវភាព​រស់នៅ​សមរម្យ​ក្នុង​សង្គម​ផង​៕
(លោកភួង សុធា មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តពោធិ៍សាត់កំពុងធ្វើការអង្កេតពីការបណ្ដេញចេញនេះ)
(លោកភួង សុធា មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តពោធិ៍សាត់កំពុងធ្វើការអង្កេតពីការបណ្ដេញចេញនេះ)
1461878_557561757664679_640954008_n

ប្រភពពី Free Press Magazine