ឃាត់ខ្លួន ជនសង្ស័យម្នាក់ និងម៉ាទឹកកក ១ថង់ធំ

12/23/2013 0 Comments A+ a-

ផ្តល់សិទ្ធិដោយ ៖ DAP-NEWS
បាត់ដំបងៈ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ និងម៉ាទឹកកក១ថង់ធំ ស្មើ និង១០១.៨ក្រាម កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុច ដងផ្លូវជាតិលេខ៥ ក្នុងភូមិបញ្ញាឃុំកំពង់ព្រៀង ស្រុកសង្កែ ខណៈ រថយន្តកំពុងឈប់តាមផ្លូវ នាំយកមកស្នងការ ខេត្តដើម្បីសាកសួរ រួចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់។
លោក ស៊ាន សូណាល់ នាយស្តីទីការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា ជនសង្ស័យ ដែល សមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ឃឹម សុធា ភេទប្រុសអាយុ៤៣ឆ្នាំ មានទីលំនៅក្រុមទី២ ភូមិច្រាបក្រសាំង ឃុំអន្លងវិល ស្រុកសង្កែ វត្ថុតាង ដែលរឹបអូសបាន មានម៉ាទឹកកក១ថង់ធំ ស្មើនិង១០១.៨ក្រាម និងរថយន្ត លុច្សស៊ីស១គ្រឿង។
លោកបានបញ្ជាក់ថា មុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងយើងបានរាយការណ៍មកថា មានរថយន្ត១គ្រឿង បានបើកពីភ្នំពេញមកបាត់ដំបង ដោយបានយកថ្នាំញៀនមកលក់ឲ្យគេនៅបាត់ដំបង ក្រោយពីបានទទួល ព័ត៌មានហើយ លោកបានដឹកនាំកម្លាំងចាំស្ទាក់ចាប់រថយន្តខាងលើ ហើយធ្វើការឆែកឆេរក្នុងរថយន្ត រកឃើញ ម៉ាទឹកកក១ថង់ធំ នៅចំណុចតាមផ្លូវជាតិលេខ៥ ក្នុងភូមិ បញ្ញាឃុំកពង់ព្រៀង ស្រុកសង្កែ ហើយបាននាំយកមក ស្នងការខេត្តដើម្បីសាកសួរ។
ជនសង្ស័យព្រមសារភាពសារភាពថា ថ្នាំញៀននេះជារបស់ខ្លួន គ្រាន់តែខ្លួនមិនដឹងថា វានៅក្នុង រថយន្តរបស់ខ្លួនទេ ពេលសមត្ថកិច្ចឆែកឆេរស្រាប់តែឃើញតែម្តង។ លុះព្រឹកឡើងថ្ងៃទី២២ ខែធ្នូ កម្លាំងយើង បានសហការជាមួយកម្លាំងនគរបាលស្រុកសង្កែ និងតំណាង ព្រះរាជអាជ្ញាបានចុះឆែកឆេរផ្ទះនៅភូមិខាងលើ តែមិនមានវត្ថុតាងអ្វីទៀតទេ។ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យ និងវត្ថុតាង ទៅតុលាការខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕