សម រង្ស៊ី៖«ព្រះមហាក្សត្រដាក់រាជ្យបាន ហេតុអ្វីនាយករដ្ឋមន្ត្រីចុះចេញមិនបាន»
ដើម្បីជាការឆ្លើយតបទៅនឹងការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាននិយាយថាគ្មានច្បាប់ណាចែងថា ឲ្យលោកអាចចុះចេញពីតំណែងបានទេនោះ លោក សម រង្ស៊ី បាននិយាយនៅថ្ងៃនេះថា៖« ព្រះមហាក្សត្រទ្រង់ដាក់រាជ្យបាន ហេតុអ្វីនាយករដ្ឋមន្ត្រីចុះចេញមិនបាន» ។ថ្លែងទៅកាន់ក្រុមបាតុករ នៅឯទីលានប្រជាធិបតេយ្យ កាលពីល្ងាចថ្ងៃទី២១ ខែធ្នូនេះ ប្រមុខបក្សប្រឆាំងរូបនេះ បានធ្វើការពន្យល់ដល់ហ្វូងបាតុករដែលជាអ្នកគាំទ្រខ្លួនថា ការដាក់រាជ្យរបស់ព្រះមហាក្សត្រ មិនមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនោះទេ។ លោកបានលើកយកករណី អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ មកធ្វើការពន្យល់ថា ព្រះអង្គលោកបានដាក់រាជ្យ ក្នុងពេលដែលរដ្ឋធម្មនុញ្ញមិនបានចែងថា ព្រះមហាក្សត្រអាចដាក់រាជ្យបាននោះទេ។ លោក សម រង្ស៊ី ក៏បានលើកឡើងផងដែរថា ការដាក់រាជ្យពីសំណាក់អតីតព្រះមហាវីរៈក្សត្រ គឺព្រះអង្គធ្វើឡើងដោយការសម្រេចព្រះទ័យ របស់ព្រះអង្គផ្ទាល់។ ហេតុដូច្នេះហើយបានជាលោក សម រង្ស៊ី ធ្វើការអំពាវនាវឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រកវិធីចុះចេញពីតំណែងដោយខ្លួនឯងនោះ។
ក្នុងពេលនោះផងដែរ មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ ក៏បានធ្វើការបញ្ជាក់ផងដែរថា លោកនឹងធានាដល់ជីវិត ធានាសេរីភាព ធានាភាពថ្លៃថ្នូ របស់បុគ្គលលោកនាយករដ្ឋមន្ត្រី។ លោកបន្ថែមថា៖«អ្វីដែលយើងស្អប់នោះគឺមិនមែនបុគ្គលទេ គឺយើងប្រឆាំង ស្អប់ខ្ពើម ទង្វើនយោបាយដ៏អាក្រក់ របស់រដ្ឋាភិបាលលោក ហ៊ុន សែន… តែប៉ុណ្ណោះ» ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២០ ខែធ្នូ ម្សិលមិញនេះ បន្ទាប់ពីចូលរួមក្នុងកិច្ចពេញអង្គរបស់រដ្ឋសភារួចមកនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖«តើខ្ញុំបានធ្វើកំហុស អ្វី បើសិនជាសភាទម្លាក់ខ្ញុំ នោះវាជារឿងមួយ ក៏ប៉ុន្តែការចុះចេញពីតំណែងរបស់ខ្ញុំ មិនមែនជាការចង់បានរបស់អ្នកគាំគណបក្សប្រជាជន និងអ្នកគាំទ្រខ្ញុំនោះទេ»៕
ប្រភពពី ថ្មីៗ