ចេញពីហូបការ នៅកោះពេជ្រ បើកទ្វារចូលផ្ទះ ចោរភ្ជង់ប្លន់យក កាបូបលុយ និងគ្រឿងអលង្ការ ពីប្រពន្ធ ខណៈប្តីបានត្រឹមអង្គុយមើល

12/22/2013 0 Comments A+ a-

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ប្រដាប់ដោយអាវុធខ្លី មួយដើម បានធ្វើសកម្មភាពភ្ជង់ និងប្លន់យកកាបូបលុយ ពីស្រ្តីជាប្រពន្ធ និងប្តីពេលកំពុង បើកទ្វារចូលទៅក្នុងផ្ទះ ទើបត្រឡប់មកពីហូបការ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីវេលាម៉ោងប្រមាណ ៩យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅមុខផ្ទះជនរងគ្រោះ លេខ១៥ ភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ដោយក្រុមចោរទាំងនេះ យកកាបូបលុយ និងគ្រឿងអលង្ការ អស់ជាច្រើន ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើនេះ មានប្តី ប្រពន្ធ២នាក់ បើករថយន្តម៉ាក ហ្វតមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2V-1213 ត្រឡប់មកពី ហូបការនៅកោះពេជ្រ ។
ពេលមកដល់ផ្ទះ ស្រ្តីជាប្រពន្ធ បានចុះពីលើរថយន្ត ដើម្បីទៅបើកទ្វារ ហើយខណៈកំពុងបើកទ្វារ ចូលទៅក្នុងផ្ទះនោះ ស្រាប់តែលេចមុខ ជនសង្ស័យ២ នាក់ ជិះម៉ូតូសេរីទំនើបមួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី មួយដើម មកភ្ជង់ ស្រ្តីជាប្រពន្ធ ហើយប្លន់យកកាបូប ដែលដាក់លុយ ចំនួន២ពាន់ដុល្លារ និងគ្រឿងអលង្ការមួយចំនួនទៀត រត់គេចខ្លួនបាត់ទៅ ខណៈលោកប្តី កំពុងស្ថិតនៅក្នុងរថយន្ត មិនអាចធ្វើអ្វីកើត។
យ៉ាងណាក៏ដោយ ជនរងគ្រោះទាំង ២នាក់ មិនទាន់ត្រូវបានគេបញ្ជាក់អំពី អត្តសញ្ញាណនោះទេ ។ ក្រោយកើតហេតុ គេឃើញមានកម្លាំង សមត្ថកិច្ចមូលដ្ឋាន បានចុះទៅសួរនាំ ដើម្បីកំណត់មុខសញ្ញា ក្រុមចោរទាំងនេះ៕



_____________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday