អ្នកធ្វើការជាមួយគ្នា អាចបង្កើតទៅជាភ្លើងស្នេហ៍ដើមរកាដែក រហូតភ្លេចប្ដីប្រពន្ធនៅផ្ទះ
១-នៅពេលបែកការណ៍រឿងផិតក្បត់ គូស្នេហ៍មិនអាចបន្តរស់នៅ រីករាយជាមួយគ្នាទៀតទេ ៖ ជាការពិតណាស់ លើលោកនេះគ្មានអាថ៌កំបាំងទេ។ អ្នកដែលលួចលាក់ មានជនទី៣ តែងតែត្រូវគេចាប់បាននៅថ្ងៃណាមួយ ជាមិនខាន។ ប៉ុន្តែមិនមែនថា នោះជាថ្ងៃអវសាននៃ ចំណងស្នេហ៍របស់អ្នកឡើយ។ ជាក់ស្ដែង ក្រោយពីការបែកការណ៍ រឿងលួចលាក់មានអ្នកថ្មីក្រោយខ្នង គូស្នេហ៍ប្រមាណជា ៥០ភាគរយបែរជាអាចផ្សះផ្សាគ្នា កាន់តែយល់ចិត្តគ្នា និងរឹតចំណងស្នេហ៍ ឲ្យកាន់តែរឹងមាំឡើងថែមទៀតផង។
២-អ្នកលួចលាក់មានសហាយច្រើន តែមិនរីករាយនឹងជីវិត អាពាហ៍ពិពាហ៍បច្ចុប្បន្ន ៖ យោងតាមការស្ទាបស្ទង់មតិ មនុស្សរាប់ពាន់នាក់ ប្ដីប្រពន្ធដែលលួចលាក់ មានថ្មីមួយចំនួន មិនចង់ធ្វើការលែងលះទេ។ ចំណោមបុរស ដែលផិតក្បត់ភរិយាមាន ៥៦ភាគរយជាបុរស ដែលស៊ូមិនលែងប្រពន្ធ។ ក្នុងចំណោមស្ត្រីដែលផិតក្បត់ស្វាមី មាន៣៤ភាគរយជានារីដែលមិនចង់លែងប្ដីរបស់ខ្លួន។
៣-ទង្វើផិតក្បត់មិនត្រឹមតែ ជាការឡើងគ្រែជាមួយដៃគូផ្សេងទេ តែវាជាការបែកចិត្តតែម្តង ៖ ជួនកាល តម្រូវការសិច តែម្យ៉ាងក៏ធ្វើឲ្យមនុស្ស ស្វែងរកជនទីបីមក បង្គ្រប់ដែរ ប៉ុន្តែមិនមែនមានន័យថា អ្នកនោះនឹងប្រគប់បេះដូង ឲ្យជនទីបីដែរ។ ពោលគឺអ្នកខ្លះគ្រាន់តែ ចង់រកដៃគូថ្មីដើម្បីសប្បាយ មួយពេលឲ្យប្លែកអារម្មណ៍ប៉ុណ្ណោះ មិនមែនចង់មានទំនាក់ទំនង ផ្លូវចិត្តអ្វីវែងឆ្ងាយ ជាងល្បែងលើគ្រែឡើយ។
៤-បើគ្មានការរួមរ័ក គេមិនហៅថាសកម្មភាពផិតក្បត់ឡើយ ៖ ការផិតក្បត់ជាច្រើនករណី មិនមានសកម្មភាពរួមភេទ ទាល់តែសោះ។ ជួនកាលអ្នកនឹង នឹកឃើញដល់ជនទីបី ហើយអ្នកបានចំណាយពេលមួយរាត្រី នៅក្នុងការិយាល័យជាមួយគ្នា ជជែកគ្នាពីអាថ៌កំបាំង និងរឿងរ៉ាវឯកជនដទៃទៀត ដោយមិនបានប៉ះពាល់គ្នាស៊ីជម្រៅទេ។ អ្នកគិតថា អ្នកមិនបានធ្វើអ្វីខុស គន្លងសីលធម៌ឡើយ ប៉ុន្តែដៃគូរបស់អ្នកនៅតែចាត់ទុកថា នេះជាផ្នែកមួយនៃទង្វើផិតក្បត់។
៥- ការផិតក្បត់គឺកើតឡើង តែដោយសារសិចប៉ុណ្ណោះ ៖ ខុស ហើយ! អ្នកខ្លះចង់សាកម្ហូបថ្មី ចង់រួមសង្វាសជាមួយដៃគូថ្មី។ ប៉ុន្តែអ្នកខ្លះទៀតលួចលាក់ មានសហាយដោយសារតែ ទទួលបានអារម្មណ៍ កក់ក្ដៅពីអ្នកទីបីនោះប៉ុណ្ណោះ។ សិចមិនមែនជាមូលហេតុចម្បង នៃការផិតក្បត់ទេ ពោលគឺវាត្រូវការផ្លូវអារម្មណ៍គួបផ្សំផងដែរ។
៦-គ្រួសារមានបញ្ហា ដៃគូប្រាកដជាផិតក្បត់រកអ្នកថ្មី ៖ ជីវិតគូស្រករណា ក៏មានបញ្ហាដែរ។ ការផិតក្បត់មិនមែនកើតឡើង ដោយសារបញ្ហាក្នុងគ្រួសារឡើយ។ អ្វីដែលជាមូលហេតុចម្បង គឺប្ដីប្រពន្ធជួបបញ្ហាតែមិនបានដោះស្រាយឲ្យល្អ ទើបធ្វើឲ្យចំណងស្នេហ៍នេះ បាត់បង់ភាពកក់ក្ដៅរហូតដល់ភាគីណាមួយ ត្រូវលួចលាក់ស្វែងរកអ្នកថ្មី មកស្អំបេះដូង។
៧-អ្នកធ្លាប់មានប្រវត្តិផិតក្បត់ម្ដង គឺក្បត់មួយជីវិត ៖ ជាការពិតណាស់ ទម្លាប់ផិតក្បត់អាចជាស្លាកស្នាមដែលពិបាកលុប។ ប៉ុន្តែតាមការស្រាវជ្រាវ អ្នកធ្លាប់ខុសម្ដងក៏អាចកែខ្លួន និងធ្វើឲ្យចំណងស្នេហា កាន់តែរឹងមាំផងដែរ។ អ្នកជំនាញចិត្តរូបនេះ បានណែនាំថា អ្នកផិតក្បត់ត្រូវតែចេះ សារភាពកំហុស បកស្រាយការពិត ទើបព្យាបាលរបួសផ្លូវចិត្តបាន។
៨-ការផិតក្បត់ជាទីបញ្ចប់ នៃជីវិតអាពាហ៍ពិពាហ៍ ៖ តាមទិន្នន័យ ប្ដីប្រពន្ធដែលធ្លាប់ឆ្លងកាត់ ទុក្ខព្រួយដោយសារទង្វើ មានសហាយរបស់ដៃគូនោះ មានប្រមាណជាង ៥០ភាគរយមិនបាន លែងលះគ្នាទេ។ ទោះជាមានរបួសបេះដូងក្ដី ក៏ពួកគេសុខចិត្តរស់នៅ ជាប្ដីប្រពន្ធដដែល។
៩-ជនទីបីជាមនុស្សដែលក្មេង និងស្អាតជាងដៃគូជីវិតរបស់អ្នក ៖ មិនមែនឲ្យតែស្រីថ្មី ត្រូវតែក្មេងជាងប្រពន្ធឡើយ ហើយប្រពន្ធដែលលួចមាន សហាយមិនមែនសុទ្ធតែប្រព្រឹត្តខុស ជាមួយប្រុសក្មេងទេ។ ពោលគឺឲ្យតែអ្នកនោះ ជាមនុស្ស «ថ្មី»។
១០-ការផិតក្បត់ជាទង្វើចេតនា ៖ ការផិតក្បត់ភាគច្រើន មិនមែនកើតឡើង ដោយចេតនាទេ។ អ្នកបម្រើការជាមួយគ្នា អាចបង្កើតទៅជាភ្លើងស្នេហ៍ ដើមរកាដែក ព្រោះតែភាពស្និទ្ធស្នាលនឹងគ្នា រហូតដល់ភ្លេចប្ដីប្រពន្ធខ្លួននៅផ្ទះ។ នេះមិនមែនជាសកម្មភាព កើតឡើងដោយចេតនាទេ៕
__________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ