យីងឡាក់អំពាវនាវអោយមហាជនគ្រប់ស្រទាប់ចូលរួមវេទិកាស្វែងរកដំណោះស្រាយនយោបាយសម្រាប់ប្រទេសថៃ
សេចក្តីអំពាវនាវនេះ ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ថៃជាពិសេស កាលពីវេលាម៉ោង៥.០២នាទី ដោយលោកស្រីបញ្ជាក់ថា រដ្ឋាភិបាលនឹងមានសេចក្តីសោមនស្សរីករាយទទួលយកមតិយោបល់ពីគ្រប់មជ្ឈដ្ឋាន សំដៅធ្វើកំណែទម្រង់នយោបាយស្រុកទេសអោយមានលក្ខណៈល្អប្រសើរឡើងវិញ។
សេចក្តីអំពាវនាវនេះ បានធ្វើឡើង នៅបន្ទាប់ពីក្រុមបាតុករប្រឆាំងនិងរដ្ឋាភិបាល បានចូលដណ្តើមកាន់កាប់អគាររដ្ឋាភិបាល និងទីបញ្ជាការប៉ូលីសជាតិ ។
ស្ថានភាពនយោបាយនៅប្រទេសថៃ បានឈានទៅរកភាពតានតឹងដ៏ក្តៅគគុក ដោយសារតែក្រុមបាតុករ ទាមទារជាដាច់ខាត អោយរំលើងឬសគល់នៃរបបថាក់ស៊ីន ដោយមិនអោយមានសមាជិក ណាម្នាក់នៃរបបនេះ វឹលត្រឡប់ទៅកាន់ឆាកនយោបាយវិញ ដែលការទាមទាររបៀបនេះ ត្រូវបានគេមើលឃើញថា នឹងបង្កការរើសអើងនយោបាយ ហើយនិងបណ្តាលអោយមានការប៉ះទង្គិចគ្នា កាន់តែខ្លាំងឡើងៗរវាងក្រុមប្រឆាំង និងក្រុមគាំទ្រថាក់ស៊ីន ដោយចៀសមិនផុត ៕
ប្រភពពី Free Press Magazine