ប្អូនស្រី​សម្តេច​តេ​ជោ ដែល​សុំចូល​និវត្តន៍ នៅ​ក្រសួងការបរទេស ពេលនេះ ក្លាយជា​អនុរដ្ឋលេខាធិការ

12/20/2013 0 Comments A+ a-

ភ្នំពេញ: ប្អូនស្រី​របស់​សម្តេច​ហ៊ុនសែន គឺ​លោកស្រី ហ៊ុន ស៊ី​ណាត ដែល​បានដាក់​ពាក្យស្នើសុំ​ចូល​និវត្ត​ពី​ការងារ នៅ​ក្រសួងការបរទេស កាលពីដើម​ខែធ្នូ នៅពេលនេះ លោកស្រី ហ៊ុន ស៊ី​ណាត ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ជា​អនុរដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​។​
​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៣ បាន​ត្រាស់បង្គាប់ តែង​តែង​លោកស្រី ហ៊ុន ស៊ី​ណាត ជា​អនុរដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​។​
​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះមហាក្សត្រ តែងតាំង​លោកស្រី ហ៊ុន ស៊ី​ណាត ខាងលើនេះ បានធ្វើ​ឡើង​តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​សូម​រម្លឹកថា លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​របស់​សម្តេច​ហ៊ុនសែន បាន​សរសេរ​លិខិត​មួយច្បាប់ ចុះ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៣ ជូន​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ស្នើសុំ ចូលនិវត្តន៍​។
​លោកស្រី ហ៊ុន ស៊ី​ណាត សព្វថ្ងៃ អាយុ ៥៨ ឆ្នាំ មាន​ឋានន្តរសក្តិ ឧ​ត្ត​ម​មន្ត្រី​ការបរទេស​ថ្នាក់​លេខ​៦ នៃ​ក្របខណ្ឌ​មន្ត្រីការទូត​ជាន់ខ្ពស់ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ លោកស្រី ហ៊ុន ស៊ី​ណាត មាន​ឋានៈ​ជា​កុងស៊ុល របស់​កម្ពុជា ប្រចាំខេត្ត Chongqing របស់​ប្រទេស​ចិន​។​
​ក្នុង​លិខិត​ចុះ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៣ បង្ហាញថា គិត​មក​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៣ លោកស្រី ហ៊ុន ស៊ី​ណាត បាន​បំពេញការងារ​ជា​មន្ត្រីរាជការ​ជូន​ជាតិ​មាតុភូមិ រយៈពេល ៤២ ឆ្នាំ​ហើយ គឺ​ស្របតាម​ជំពូក​ទី​៧ មាត្រា ៥៤ នៃ​ច្បាប់​ស្តីពី សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​ក្នុង​លិខិត​ដដែល លោកស្រី ហ៊ុន ស៊ី​ណាត បាន​ជម្រាបជូន​លោក​ឧបនាយករដ្ឋមន្ត្រី​ថា “​ដើម្បី​គោរព និង​អនុវត្ត​ទៅតាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ស្តីពី ការដាក់​មន្ត្រីរាជការ​ស៊ីវិល​ឲ្យ​ចូលនិវត្តន៍ ពិសេស​ពង្រឹង​អភិបាលកិច្ច​ល្អ ប្រសិទ្ធភាព និង​ផ្តល់ឱកាស ដល់​មន្ត្រីរាជការ​ជំនាន់​ក្រោយ មានឱកាស​បញ្ចេញ​សមត្ថភាព​ចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​ផង នាង​ខ្ញុំ​សូម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មេត្តា​ពិនិត្យ​លទ្ធភាព អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ បាន​ចូលនិវត្តន៍​ដោយ​ក្តី​អនុគ្រោះ​”៕
ប្រភពពី CEN