អង្គការ​សមាគម ចំនួន ១៤ សរសេរ​លិខិត​ជូន​សម្តេច​តេ​ជោ ស្នើ​ឲ្យ​បញ្ឈប់​ក្រុមហ៊ុន​ចិន ក្នុងការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី ឆាយ​អា​រ៉ែ​ង ខេត្តកោះកុង​

12/20/2013 0 Comments A+ a-

ភ្នំពេញ: ក្រុម​អង្គការ​សមាគម ១៤ ស្ថាប័ន បាន​សរសេរ​លិខិត​ចំហ ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​ដល់​សម្តេច ឲ្យ​បញ្ឈប់ កុំ​ឲ្យ​ក្រុមហ៊ុន​ចិន សាងសង់​ទំនប់​វា​រី​អគ្គិសនី ឆាយ​អា​រ៉ែ​ង នៅក្នុង​ខេត្តកោះកុង​។ លិខិត​នោះ ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៣ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​ក្រុមអ្នកកាសែត នា​រសៀល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៣​។​

​ក្នុង​លិខិត​បើកចំហ គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើងថា ទំនប់​វា​រី​អគ្គិសនី​ឆាយ​អា​រ៉ែ​ង ជា​ទំនប់​មួយ​ទទួលបាន​ការវិនិយោគ​ពី​ក្រុមហ៊ុន ឆាយ​ណា ហ្គូ​ដៀ​ន ខូ​ផឺ​រេ​សិន ( China Guodian Corporation ) ដែល​ត្រូវបាន​ចុះ​អនុស្សរណៈ​យោគយល់ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ខែវិច្ឆិកា ឆ្នាំ​២០១០ បន្ទាប់ពី​ការដកខ្លួន​ចេញ​របស់​ក្រុមហ៊ុន​ឆាយ​ណា​សាវ​ដិ​ន​ផា​វឺ​គ្រី​ត​ ដោយសារតែ​គម្រោង​អាច​នឹង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​បរិស្ថាន​ខ្លាំង​។
​ទំនប់​នេះ ជា​គម្រោង សាងសង់ ប្រតិបត្តិ និង ផ្ទេរ (BOT) ដែល​នឹង​ត្រូវការ​ពេល ៤,៥ ឆ្នាំ ដើម្បី​សាងសង់ និង​មាន​កំរិត​សមត្ថភាព ១០៨ មេ​ហ្កា​វ៉ា​ត់ ចំណាយ​ទឹកប្រាក់​សរុប ៣២៧ លាន ដុល្លារ​អាមេរិក​។ ទំនប់​នេះ​គ្រោង​នឹង​សាងសង់​ក្នុងភូមិ ព្រែក​ស្វាយ ឃុំ​ថ្មបាំង ស្រុក​ថ្មបាំង ខេត្ដ​កោះកុង​។
​ប៉ុន្តែ​តាម​ព័ត៌មាន​មិន​ផ្លូវការ​បាន​បញ្ចា​ក់ថា​ក្រុមហ៊ុន ឆាយ​ណា ហ្គូ​ដៀ​ន ខូ​ផឺ​រេ​សិន ប្រហែលជា​មិន​បន្ត​គម្រោង​នេះ​ទេ ហើយ​ក្រុមហ៊ុន ស៊ី​ណូ​ហាយ​ដ្រូ (Sinohydro Co., Ltd) កំពុងតែ​ពិចារណា​ទទួល​យក​គម្រោង​វិនិយោគ​នេះ​បន្ត​។
​ទោះជា​យ៉ាងណាក៏ដោយ ព័ត៌មាន​ជាក់លាក់​ចំពោះ​ក្រុមហ៊ុន ដែល​នឹង​មក​ជំនួស​នោះ គឺ​មិនទាន់មាន​ប្រកាស​ជា​ផ្លួ​វ​ការ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​នូវឡើយ​ទេ​។ ​
​លិខិត​បន្តថា ប្រសិនបើ​សាងសង់ ប្រជាជន​ប្រមាណ ៣៨៩ គ្រួសារ (១.៦៤២ នាក់​) និង​ព្រៃឈើ​ប្រហែលជា ២០.០០០ ហិកតា នឹងរង​ផលប៉ះពាល់​។ ជាងនេះទៅទៀត ថនិកសត្វ ប្រមាណ​៥៧ ប្រភេទ​,​បក្សី ៩៣​ប្រភេទ​, ល្មូ​ន ៥៥​ប្រភេទ (​រួមទាំង​ក្រពើ​ភ្នំ​) ឧរុង្គសត្វ ២៩​ប្រភេទ និង​ត្រី ៤៣​ប្រភេទ ( រួមទាំង​ត្រី​នាគ ) និង​ត្រូវបាន​គំរាមកំហែង ដោយសារ​ការសាងសង់​ទំនប់​នេះ​។​
​លិខិត​លើកឡើង​បន្តថា គម្រោង​នេះ នឹង​ចំណាយ​ថវិកា​យ៉ាងច្រើន ប៉ុន្តែ​កម្លាំង​ថាមពល​អគ្គិសនី ទទួលបាន​គឺ​ទាប ខណៈដែល​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​ព្រៃឈើ សត្វព្រៃ ជីវចំរុះ និង​សង្គម​យ៉ាងខ្លាំង​។​
​ម្យ៉ាងវិញទៀត បើ​ពិនិត្យ​ទៅលើ​ដំណើរ​និង​នីតិវិធី​នៃ​ការវាយតម្លៃ​ហេតុផល​ប៉ះពាល់​ បរិស្ថាន​និង​សង្គម​ដំបូង គឺ​នៅមាន​ភាពខ្វះ​ចន្លោះប្រហោង នៃ​ការចូលរួម​របស់​ប្រជាពលរដ្ឋ ដែល​ទទួលរង​ផលប៉ះពាល់​ក្នុងការ​សម្រេចចិត្ត ពោលគឺ​មានតែ​ចំនួន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​តែប៉ុណ្ណោះ ដែល​បាន​ចូលរួម​ពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន ពោលគឺ​ប្រជាពលរដ្ឋ​មិនអាច​បង្ហាញ​នូវ​យោបល់ ការព្រួយបារម្ភ និង​សំណូមពរ​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ទំនប់​បានឡើយ​។
​ចំណែក​ទីតាំង ដែល​ត្រូវ​ផ្លាស់ប្តូរ ប្រជាពលរដ្ឋ​ពី​កន្លែង ដែល​ពួកគាត់​កំពុង​រស់នៅ​ទៀតសោត ជា​តំបន់​វាល ៧៣ ឬ វាល​យន្តហោះ ជា​កន្លែង​ដែល​អាច​នឹង​កើតមាន​ជម្លោះ​រវាង​សត្វ និង​មនុស្ស ព្រោះ​ជា​តំបន់​សត្វ​ដំរី​ឆ្លងកាត់​។ ជាងនេះទៅទៀត តាមរយៈ​ការចុះ​កម្មសិក្សា​របស់ សម្ព័ន្ធ​ទន្លេ​កម្ពុជា (​ជា​សម្ព័ន្ធ ដែល​ធ្វើការ​រួមគ្នា​ជាមួយ​អង្គការ​ជាតិ អន្តរជាតិ សហគមន៍ ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ទន្លេ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​ពឹង​ផ្អែកលើ​ធនធានធម្មជាតិ​) នៅ​តំបន់​ដែល​គ្រោង​នឹង​សាងសង់​ទំនប់​ចាប់ពី​ថ្ងៃទី ៩ ដល់ ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៣ យើងខ្ញុំ​សង្កេតឃើញថា​៖
.​តំបន់​ទីតាំង​គ្រោង​សាងសង់​ទំនប់​នេះ​ជា​តំបន់​វាលរាប មិនមែន​ជ្រលង​ភ្នំ ដែល​សាក​សម​នឹង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​
.​ជា​តំបន់​ដែលមាន​ទេសភាព​ធម្មជាតិ​ស្អាត និង​មាន​ទឹកធ្លាក់​ច្រើន​កន្លែង ដែល​សមស្រប​ជា​តំបន់​រមនីយដ្ឋាន​ធម្មជាតិ​
.​តំបន់​នេះ មាន​ប្រជាពលរដ្ឋ​ដែលជា​ជនជាតិដើម​ភាគតិច “​ជង​” រស់នៅ​ច្រើន ជាពិសេស គឺ​ស្ត្រី និង​កុមារ ដែល​អាចនឹងទទួលរ​ង​ផលប៉ះពាល់​ខ្លាំងជាងគេ ដោយសារ​ពួកគាត់​រស់នៅ​ផ្ទាល់ និង​ជិតស្និទ្ធ​ទៅលើ​ធនធានធម្មជាតិ​ក្នុង​តំបន់​នេះ​។ ស្ត្រី​មាននៅ​តំបន់​នោះ មាន​កំរិតវប្បធម៌​ទាប​រស់នៅ​ដោយ​ធ្វើ​ចំការ​(​ស្រែ​) និង​ពឹងផ្អែក​ទាំងស្រុង​ពី​ផល​ព្រៃឈើ​តាមបែប​ប្រពៃណី​ដ៏​ល្អ​ផូរផង់​។ អាច​និយាយបានថា ធនធានធម្មជាតិ​ជា​ជីវិត​របស់​សហគមន៍​នៅ​តំបន់​នោះ តាមរយៈ​វប្បធម៌ ផ្សារភ្ជាប់​យ៉ាងជ្រៅ​ទៅក្នុង​បេះដូង​របស់​ប្រជាជន​នៅ​តំបន់​នោះ​។
​អាស្រ័យ​ដូចនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល មាន​កិត្តិយស​សូម​គោរព​ជម្រាបជូន​សម្តេច មេត្តា​ជ្រាប​បន្ថែមទៀតថា ប្រជាពលរដ្ឋ ក៏ដូចជា​សង្គម​ស៊ីវិល និង​អង្គការ​ជា​ដៃគូ ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​នូវ​ទំនៀម​ទំលាប់ ប្រពៃណី និង​ការប្រតិបត្តិ​ប្រចាំថ្ងៃ​របស់​បងប្អូន​ជនជាតិដើម “​ជង​” ដូចជា ចំការ​វិលជុំ ព្រៃ​អារក្ស ផ្នូរ​បុព្វបុរស លំនៅដ្ឋាន និង​ព្រៃឈើ​ដែលជា​កន្លែង​ទទួល​អនុផល​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​
​លិខិត​បន្តថា តំបន់​ដែល​គ្រោង​នឹង​សាងសង់​ទំនប់ គឺជា​តំបន់​ដែលមាន​សក្តានុពល​ផ្នែក​ធម្មជាតិ​កម្រ​មួយ បន្ទាប់ពី​ព្រៃ​អា​ម៉ា​ហ្សូ​ន Amazon ដែល​មិនអាច​រកបាន​នៅតាម​បណ្តា​ប្រទេស​នានា​ក្នុង​អាស៊ី​ភាគ អាគ្នេយ៍​។ តំបន់​ឆាយ​អា​រ៉ែ​ង ជា​តំបន់​ដែលមាន​សម្រស់​ស្រស់ស្អាត សំបូរ​ទៅដោយ​ព្រៃឈើ រុក្ខជាតិ ជីវចំរុះ សត្វព្រៃ​កម្រ​ដែល​ជិត​នឹង​ផុត​ពូជ ដែល​មិនអាច​កាត់ថ្លៃ​បាន ហើយ​ជា​តំបន់​មួយ​ដែល​ស័​កិ្ត​សម​បំផុត ក្នុងការ​បង្កើតជា​តំបន់​ទេសចរណ៍​តាមបែប​ធម្មជាតិ ដែល​នឹង​បង្កើន​ចំណូល​ថវិកាជាតិ និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ផងដែរ​។​
​អាស្រ័យ​ដូចនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល សូម​ស្នើសុំ​សម្តេច មេត្តា​ធ្វើការ​ពិចារណា​ក្នុង​ការដាក់​តំបន់​នេះ ជា​តំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​ជនជាតិដើម​ភាគតិច បានរស់នៅ​ពឹង​លើ​សម្បត្តិ​ធម្មជាតិ​នេះ និង​សម្រាប់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគាត់​។​
​ក្រុម​អង្គការ​ស៊ីវិល ទាំង ១៤ ដែល​សរសេរ​លិខិត​ចំហ​នោះ ក្នុងនាម​ជា​តំណាង “​សម្ព័ន្ធ​ទន្លេ​កម្ពុជា​” ដែល​រួមមាន​៖1-​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា 2-​បណ្តាញ​ការពារ​ទន្លេសេសាន ស្រែ​ពក សេកុង 3-​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល 4-​សមាគម​ថែរក្សា​បរិស្ថាន និង​វប្បធម៌ 5-​អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម 6-​អង្គការ​ថែរក្សា​ជនជាតិ​ដើម​ភាគតិច​កម្ពុជា 7-​អង្គការ​អភិវឌ្ឍ​ន៌​សេដ្ឋកិច្ច​សហគមន៍ 8-​អង្គការ​អាដហុក 9-​សមាគមន៍​កសិករ​ខ្មែរ 10-​អង្គការ​អភិវឌ្ឍន៍ជនបទ​ភូមិភាគ​ឦសាន 11-​អង្គការ​មាតា​ធម្មជាតិ 12-​អង្គការ​ពន្លក​ខ្មែរ 13-​អង្គការ​ម្លប់​ព្រហ្ម​វិហារធម៌ 14-​អង្គការ​សហប្រតិបត្តិ​ការ​បរិស្ថាន និង​ទេសចរណ៍​។​
​លិខិត​ចំហរ​នោះ ត្រូវបាន​ចម្លងជូន​ក្រសួង​ស្ថាប័ន​ជាច្រើន​ទៀត រួម​មន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​កិច្ចការនារី ក្រសួង​អភិវឌ្ឍន៍ជនបទ អាជ្ញាធរ​អគ្គិសនី​កម្ពុជា ស្ថានទូត​ចិន នៅ​ប្រទេស​កម្ពុជា និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​៕
ប្រភពពី CEN