ទស្សនៈ៖ ទាញកម្តៅនយោបាយអោយឡើងដើម្បីដាក់ទម្ងន់សម្រាប់ការចរចា ?
កម្តៅនយោបាយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនាំអោយមាន ការវិភាគផ្សេងៗគ្នា។ អ្នកខ្លះថា ស្ថានភាពអាចរុញទៅរកអំពើហិង្សា។ ប៉ុន្តែអ្នកខ្លះទៀតថា នេះគឺជាយុទ្ធសាស្ត្រនយោបាយដើម្បីបង្កើនតម្លៃសម្រាប់ការចរចា។គណបក្សសង្គ្រោះជាតិ តាមរយៈសំឡេងរបស់លោក កឹម សុខា និងលោក សម រង្ស៊ី អនុប្រធាន និងប្រធាន បានដំឡើងសំឡេងថា ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០១៤ទៅ មហាបាតុកម្មនឹងកាន់តែធំជាងមុន ហើយអាចឈានទៅរកបិទផ្លូវសំខាន់ៗនៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។
ការប្រកាសបែបនេះបានធ្វើឡើង ក្នុងខណៈពេលដែលការដង្ហែរក្បួនរបស់គណបក្សសង្គ្រោះជាតិទទួលបាន ការគាំទ្រកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅថ្ងៃអាទិត្យនេះ ក្បួនដង្ហែររបស់គណបក្សប្រឆាំងសង្គ្រោះជាតិមានទ្រង់ទ្រាយធំជាងថ្ងៃ ធម្មតា។ យោងតាមការសង្កេតផ្ទាល់ នៅរៀងរាល់ការដង្ហែរម្តងៗ សម្រែកទាមទារអោយលោក ហ៊ុន សែន ចុះចេញពីតំណែងត្រូវបានលាន់លឺពេញផ្លូវ និងមហាវិថី។ មិនត្រឹមតែប៉ុណ្ណោះ ពាក្យនេះត្រូវបានគេសរសេរនៅលើបដាដោយមានន័យ«ហ៊ុន សែន អើយចុះចេញទៅ!»។ ក្រៅពីការទាមទារអោយលោក ហ៊ុន សែន ចុះចេញពីតំណែង គណបក្សសង្គ្រោះជាតិ ទាមទារអោយមានការបោះឆ្នោតឡើងវិញ។
សម្រែកដដែលៗរបស់បាតុករប្រឆាំងនេះបានធ្វើអោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ខំចិត្ត ចេញមកបកស្រាយប្រាប់សាធារណជន ដោយពន្យល់ថា លោកមិនអាចចុះចេញពីតំណែងបានឡើយ ហើយការបោះឆ្នោតឡើងវិញក៏មិនអាចធ្វើទៅរួចដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែធ្នូ កន្លងមកនេះ បន្ទាប់ពីចូលរួមក្នុងកិច្ចពេញអង្គរបស់រដ្ឋសភារួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖«តើខ្ញុំបានធ្វើកំហុស បើសិនជាសភាទម្លាក់ខ្ញុំ នោះវាជារឿងមួយ ក៏ប៉ុន្តែការចុះចេញពីតំណែងរបស់ខ្ញុំ មិនមែនជាការចង់បានរបស់អ្នកគាំគណបក្សប្រជាជន និងអ្នកគាំទ្រខ្ញុំនោះទេ»។
កាលពីព្រឹកមិញ(ថ្ងៃអាទិត្យនេះ) ក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតគេហទំព័រថ្មីៗ លោក សម រង្ស៊ី បានបង្ហាញអារម្មណ៍ចង់អោយលោក ហ៊ុន សែន ចុះចេញពីតំណែងដោយស្ម័គ្រចិត្ត។ ការទាមទារនេះ ត្រូវបានអ្នកតាមដានស្ថានការនយោបាយ និងអ្នកវិភាគនយោបាយនៅក្នុងប្រទេសកម្ពុជាគិតថា វាពិបាកនឹងទៅរួចណាស់។
តើការបង្កើនសម្ពាធកម្លាំងបាតុកម្មរបស់គណបក្សសង្គ្រោះជាតិដឹកនាំ ដោយលោក សម រង្ស៊ី និងលោក កឹម សុខា ជាការតថ្លៃកញ្ចប់នយោបាយឬជាការប៉ុនប៉ងអោយលោក នាយករដ្ឋមន្ត្រី ហ៊ុន ចាកចេញពីអំណាចពិតប្រាកដ?
សម្រាប់អ្នកវិភាគនយោបាយមួយចំនួន យុទ្ធសាស្ត្ររបស់គណបក្សសង្គ្រោះជាតិនៅពេលនេះអាចមានន័យពីរយ៉ាងដែល ពេលខ្លះ គេពិបាកនឹងយល់បេះដូងរបស់មេដឹកនាំបក្ស ប្រឆាំង។ ទី១ គណបក្សសង្គ្រោះជាតិមានបំណងចង់អោយលោក ហ៊ុន សែន ចុះចេញពីតំណែងមែន បើទោះបីជាលទ្ធភាពនេះពិបាកនឹងទៅរួចក៏ដោយក្តី និងទី២ គណបក្សសង្គ្រោះជាតិបង្កើនសម្ពាធដាក់ទម្ងន់ទៅលើគណបក្សប្រជាជន កម្ពុជាដើម្បីតថ្លៃក្នុងការចចារនាពេលខាងមុខនេះ។
បើទោះបីជាគោលបំណងរបស់គណបក្សនយោបាយទាំងពីរកំពុងដើរខុសគ្នា ឬកំពុងដើរស្របគ្នាខ្លះក៏ដោយក្តី ក៏ការវិលទៅរកតុចចារគឺជារឿងចាំបាច់បំផុត សម្រាប់សន្តិសុខសង្គម សម្រាប់ស្ថានភាពសេដ្ឋកិច្ច និងសម្រាប់ស្ថានភាពនយោបាយទាំងមូល។ គ្មានខ្មែរណាម្នាក់ប្រាថ្នាចង់ឃើញប្រទេសជាតិ ធ្លាក់ចូលទៅក្នុងរណ្តៅនៃអំពើហិង្សាទេ។ តែក៏គ្មានខ្មែរណា មួយ ចង់ឃើញការដឹកនាំប្រទេសរបៀបផ្តាច់ការ បក្សពួក និងគ្រួសារនិយមនោះដែរ៕
ប្រភពពី ថ្មីៗ