ចោរគាស់ដំបូលតូបលួចយកទូរស័ព្ទ៤៥គ្រឿង ម្ចាស់អះអាងថាមានតម្លៃជិត៤ពាន់ដុល្លារ
ខេត្តកំពង់ឆ្នាំង ៖ ទូរស័ព្ទដៃចំនួន៤៥គ្រឿង
មានតម្លៃជិត៤ពាន់ដុល្លារ ត្រូវបានក្រុមជនមិនស្គាល់មុខ
លួចគាស់តូបមួយកន្លែងនៅក្នុងផ្សារលើយកទៅបាត់ កាលពីយប់ថ្ងៃទី១៥
ធ្នូ ២០១៣ ប៉ុន្តែការភ្ញាក់ផ្អើលពីការបាត់បង់ទ្រព្យសម្បត្តិនេះ
គឺបានកើតឡើង នៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១៦ ធ្នូ
បន្ទាប់ពីលោក ពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត
ដឹកនាំមន្ត្រីនគរបាល ចុះពិនិត្យនៅកន្លែងកើតហេតុ ។
តាមអះអាងរបស់សម្តីអាជីវករ
និងជាម្ចាស់តូបឈ្មោះ ម៉ាន សូគ្រី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ
ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
បានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៦
ធ្នូ ខណៈខ្លួនមកបើកតូបលក់ដូររបស់ខ្លួនក្នុងផ្សារលើ
ស្រាប់តែឃើញពិដានលើរបស់តូបធ្លាក់មកក្រោម
និងរបស់ក្នុងតូបមានសភាពរញ៉េរញ៉ៃ ។
ពេលនោះរូបគេក៏បានទៅមើលក្នុងទូតាំងទូរស័ព្ទ
ស្រាប់តែឃើញបាត់ទូរស័ព្ទអស់ជាច្រើនគ្រឿង
បន្ទាប់មកក៏បានប្តឹងទៅសន្តិសុខផ្សារនិងបានប្តឹងមកនគរបាលក្រុង
កំពង់ឆ្នាំងផងដែរ ។
បុរសជាម្ចាស់តូបបន្តថា ក្រោយការពិនិត្យជាក់លាក់
ឃើញទូរស័ព្ទដែលបាត់បង់ទៅ គឺជាទូរស័ព្ទថ្លៃៗ មានចំនួន៤៥គ្រឿង
គិតជាទឹកប្រាក់ចំនួន៣៨០០ដុល្លារ ។
ដោយឡែកទូរស័ព្ទជាច្រើនសិបគ្រឿង
និងប្រាក់ចំនួន៣ពាន់ដុល្លារទៀត គឺមិនបានបាត់បង់ឡើយ ៕