ការចរចា​ដំឡើង​ប្រាក់ខែ​កម្មករ អប្បបរ​មាលើ​រូបមន្ត​ទាំង3 មិន​ទទួល​បាន​ជោគជ័យ​ទេ

12/17/2013 0 Comments A+ a-

រាជ​ធានីភ្នំ​ពេញ​​​ ​៖ ​ការចរចា​ដំឡើង​​​ប្រាក់​​ឈ្នួល​កម្មក​រ​ក្រោម​រូបមន្ត​​ចំនួន​​៣​​ ដែ​ល​ក្រសួង​ការងារ​ និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​ ក៏​​​ដូចជា​ភាគី​សហ​ជីព ​និងថៅ​កែ​រោង​ចក្រ​​​បាន​កំណត់​យក​ថ្ងៃ​ទី​១៦ ធ្នូ ​ដើម្បី​​ពិភាក្សា​​សម្រាប់ដំឡើង​​ជូន​​កម្មករ​និយោ​ជិតនោះ​ មិន​ទាន់​​បាន​​​ជោគ​ជ័យ​នៅ​ឡើយ​ទេ ​ហើយ​​ភាគី​ទាំងអស់​​បាន​ឯក​ភាព​គ្នា​​​លើក​យក​ទៅ​​ជជែក​​ពិភាក្សា​​​​នៅ​ ថ្ងៃទី​២៤​ ធ្នូ ​បន្ត​ទៀត​ ។
​លោក​អិុត សំហេង ​រដ្ឋ​មន្ត្រី​ក្រសួងការ​​​ងារ​​និង​​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​​បាន​ថ្លែង ​​ប្រាប់​អ្នក​សារ​ព័ត៌​មាន​​ថា​ កិច្ច​​ប្រជុំ​​នៅថ្ងៃ​នេះ ​គឺធ្វើ​តាម​ការ​គ្រោង​​​​ទុក​​របស់​​ភាគី​​ទាំងអស់ ​ដែល​បាន​ពិភាក្សា​​គ្នា​កាលពី​ខែ​វិច្ឆិកា​​កន្លងមក ។ ​កិច្ច​ប្រជុំ​​បាន​លើក​​យក​រូប​មន្ត​​ចំនួន​៣​សម្រាប់​ដំ​​ឡើង​ប្រាក់​ខែ​​ កម្មករ​​និយោ​ជិត ​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ខាងមុខ​នេះ ​។ ​មាន​រូប​មន្ត​ចំនួន​១ ​បាន​លើក​យក​មក​សិក្សា​​ និង​កំណត់​​ដំ​​ឡើង​ប្រាក់​ខែ​កម្ម​ករ​​និយោ​ជិត​ចំនួន​១៦០​ដុល្លារ​ក្នុង​​ នីតិ​កាល​ទី​៥នេះ។ ​ទន្ទឹម​នឹង​ការ​លើក​​យក​រូប​មន្ត​នេះ ក៏​មាន​រូបមន្ត​ចំនួន​២​​​ទៀត​​​ត្រូវ​​បាន​លើក​ឡើង​ពី​ភាគី​សហ​ជីព​ និងក្រុម​ហ៊ុន​ ប៉ុន្តែ​​រូប​មន្ត​នោះ​មិន​បាន​កំណត់​ដំឡើង​ប្រាក់​ខែ​ច្បាស់​លាស់​​យ៉ាងណា​ នោះ​ទេ ។ ​​លោករដ្ឋ​មន្ត្រី​​បន្តថា ​ទោះ​បី​ជា​មានរូប​ម​ន្ត​​មួយ​បាន​​ចេញ​ជា​របាយ​ការណ៍​ក្នុងការ​ដំឡើង​ជូន​ កម្ម​ករ​និយោ​ជិត ​និងរូប​មន្ត​ចំនួន​ពី​រ​​មិន​បាន​ចេញ​​​របាយ​ការណ៍​ក៏ដោយ​ ក៏ក្រសួង​​ជំរុញ​​ដាក់​រូប​មន្ត​ទាំង​នោះ ជូន​ទៅ​សហ​ជីព ​និង​និយោ​ជក​ទាំង​អស់ ​ឱ្យ​បាន​​យល់​ដឹង​​សម្រាប់​កំណត់​​​ច្បាស់លាស់​នៅ​ថ្ងៃទី​២៤​ ធ្នូ ​និង​ជូន​ដំណឹង​ដល់​គណ​ៈ​កម្ម​ការ​ពិភាក្សា​​ការងារ​​​​របស់​ក្រសួង​ការ​ងារ ​​​ដែល​​​នឹង​ឈាន​ដល់​​ការ​​​សម្រេច​យ៉ាងណា ។
​លោក​អិុត សំហេង បញ្ជាក់​ថា កិច្ច​​ប្រជុំ​​នៅ​ថ្ងៃ​នេះ​​ (១៦ ធ្នូ ) អាច​ចាត​់​ទុក​ថា​កិច្ច​ប្រជុំ​ដែល​​មាន​លក្ខណៈ​បច្ចេក​ទេស​​និង​មាន​ការយោគ ​យល់​គ្នា​រវាង​ថៅ​កែ​រោងចក្រ និងសហ​ជីពកម្មករ​​ពីការ​ដំ​ឡើង​ប្រាក់​ឈ្នួល​កម្មករ​និយោជិត ។ ​​និយាយ​រួម​​ទៅ ភាគី​​​នីមួយ​ៗ​សុទ្ធ​តែ​ចង់​ធ្វើ​​ឱ្យ​ប្រាក់​ឈ្នួល​កម្មករ ល្អ​​ប្រសើរ ព្រោះ​ថាបើសិន​ប្រាក់ឈ្នួល​កម្ម​​ករ​ល្អ​ប្រសើរ ​ជីវភាព​របស់​កម្មករ​​ក៏​ល្អ​ប្រសើរ​​ដែរ ។ ​​លើស​ពី​នេះ​ កំណើន​​សេដ្ឋកិច្ច​របស់​ប្រទេស​ក​ម្ពុជា​ ក៏​មាន​ការ​កើនឡើង​​ដែរ ។ ​​លោក​អាត់ ​ធន់ ប្រធាន​សម្ព័ន្ធ​​សហ​ជីព​ប្រជា​ធិបតេយ្យ​កម្មករកាត់ដេរ​កម្ពុជា ​ហៅ​កាត់​ថា ​ស៊ី​ខាវ​ឌូ​ បាន​លើក​ឡើង​ថា ក្រោម​រូប​មន្ត​ចំនួន​​​៣ ដែល​បាន​​​លើក​ឡើង​ក្នុងកិច្ច​ប្រជុំ​​នោះ​​មិន​ទាន់​ទទួល​បាន​ជាផ្លែ​ផ្កា​ ​នោះ​ទេ ​​ហើយ​​​នឹង​ត្រូវ​លើ​ក​យក​មក​ពិភាក្សា​គ្នាសម្រេច​នៅថ្ងៃ​ទី​២៤ ធ្នូ ​​ឆ្នាំ​២០១៣ ​ខាង​មុខ​​ ។ ដើម្បី​​ជីវភាព​រស់​នៅ​​របស់​កម្មក​រ​ ប្រធាន​សហ​ជីពរូប​នេះបាន​​បន្ថែម​ថា ​ជំហរ​​របស់​កម្មករ ​​​ក៏​ដូច​ជា​សហ​ជីព​របស់​លោក​គឺ​​ទាម​ទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​យ៉ាង​ហោច ​ណាស់​ចំនួន​​១៥៤​ដុល្លារ​អាមេរិក ក្នុងមួយ​ខែ ។ ​មូល​ហេតុ​ដែល​​សម្រេច​​​ទាម​ទារ​ប្រាក់​ឈ្នួល​​បែប​នេះ ​ដោយសារ​តាម​ការ​ស្រាវ​​ជ្រាវ​កន្លង​មក ​​កម្មករ​និយោ​ជិត​ទទួល​បាន​​ប្រាក​់​ឈ្នួល​​​គោល​៨០​ដុល្លារ ​ធ្វើ​ឱ្យ​ជីវ​ភាព​របស់​ពួកគាត់​​លំបាក​ និង​ពេល​ខ្លះ​ពួកគាត់​ត្រូវ​​​បង្ខ​ំ​ចិត្ត​ធ្វើការ​បន្ថែម​២ម៉ោង​​ទៅ​៤​ ម៉ោង​ក្នុង​មួ​យ​ថ្ងៃ​​ទាំង​ថ្ងៃ​​អាទិត្យ​​និង​ថ្ងៃ​បុណ្យ​​ថែម​ទៀត ​។ ​
លោក​អាត់ ​ធន់ បន្តថា ​ទាំង​ថៅ​កែ​រោង​ចក្រ​​ទាំង​សហ​ជីព និងរដ្ឋា​ភិបាល​ សុទ្ធ​តែ​ចង់​​បាន​ការ​ដំឡើង​ប្រាក​់ខែ​ជូន​​កម្មករ​ ព្រោះ​​ថា​ប្រសិន​បើ​​ថៅ​កែ​ដំឡើង​​ប្រាក់​ខែ​ជូន​កម្មករ​ពេល​នោះគាត់​នឹង​ ទទួល​បាន​កម្មករ​ជំនាញ​សម្រាប់​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​របស់​ខ្លួន ។ ​ចំណែក​​ភាគី​កម្មករ​​ចង់​ឱ្យ​ដំឡើង​​ប្រាក់​ខែ​ គឺចង់​ឱ្យ​​ធានា​​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ​រក្សា​កម្លាំង​​នូវ​កម្មក​​​រ​​ជំនាញ​​ និង​បញ្ឈប់​ការ​​ធ្វើ​ចំណាក​ស្រុក​ទៅក្រៅ​ប្រទេស ​។ ​ប្រសិន​បើ​ប្រាក់​ខែ​កម្មករ​ត្រូវ​​បាន​ដំឡើង​​ដូច​អ្វី​ដែល​តំណាង​សហ​​​ ជីព​ ក​៏​ដូច​ជាកម្មករ​ចង​់​បាន​នោះ នឹង​ធ្វើ​​ឱ្យ​លែង​​មា​ន​ការ​​ចល​័ត​​នៃ​​កម្ម​​ករ​ជំនាញ​ពី​ក្រុម​ហ៊ុន​​​ មួយ​​ទៅ​ក្រុម​ហ​៊ុន​មួយ​ទៀត ។ ​​​បច្ចុប្បន្ន​​បញ្ហា​ចល័ត​នេះ​​​​​បាន​កើត​​​​មាន​ស្ទើរ​តែ​គ្រប់​រោង​ ចក្រ​ទៅ​ហើយ ព្រោះ​រោង​ចក្រ​​ខ្លះ​ទទួល​បាន​​ប្រាក់​ឈ្នួល​ច្រើន​​ជាង​​រោង​ចក្រ​ផ្សេង​ ទៀត ​។ ​​លោក​ អាត់ ធន់ ​បញ្ជាក់​ថា ​មធ្យោ​បាយ​ដែល​ល្អសម្រាប់​កម្មករ​និយោ​ជិត​ខ្មែរ​​ គឺ​ដំឡើង​​ប្រាក់ឈ្នួល​ឱ្យ​បាន​សមរម្យ​​នៅ​ក្នុងឆ្នាំ​២០១៤​​។ ​នៅ​ពេ​លដែល​​ប្រាក់ឈ្នួ​ល​​របស់​ពួកគេ​ដំឡើង​​នៅឆ្នាំ​បន្ត​បន្ទាប់​នឹងកើន ​តាម​​​អតិផរណា​នៃ​តម្លៃ​ទំនិញ ហើយ​មួយ​វិញ​ទៀត​ការ​ដំឡើង​​នេះ​នឹង​លែងមាន​ជម្លោះ​​រវាង​កម្មករ​ និង​និ​​​យោជក ​លែង​​​មានការ​ធ្វើ​បាតុ​កម្ម​ទៀត ។ លោក​​សោម អូន ប្រធាន​​សភា​សម្ព័ន្ធ​សហ​​ជីព​​ជាតិ​កម្ពុជា (NACC) មាន​ប្រសាសន៍​​ថា អ្វីដែល​សហ​ជីព​​របស់​លោក​ចង់​បាន​នោះ​ គឺ​ការ​ដំឡើង​​ជាដំណាក់​កាល​​ក្នុងមួយ​​ឆ្នាំ​ៗ​គឺមិន​គួ​រ​​​ដំឡើង​​ ជាគំហុក ។ មួយ​ឆ្នាំ​យើង​អាច​ដំឡើង​​ពី​៣០% ​ទៅ​៤០% ​​ពេល​នោះ​កម្ម​​ករ​​អាច​ទទួល​បាន​ប្រាក​​់ខែ​​ជាង​១០០​ដុល្លារ​ដែរ ។ នៅ​​ឆ្នាំ​​បន្ទាប់​ យើ​ង​​អាចដំឡើង​ចំនួន​ប្រហែល​​​នឹង​​ឆ្នាំ​មុន​ទៀត ប៉ុន្តែ​មិនអាច​ដំឡើង​​​​ភ្លាម​​​​ម្តង​ចប់​នោះ​​ទេ ។ ​លោក សោម ​អូន​ បន្តថា ​ចំពោះ​​ការ​ដំឡើង​ប្រាក​់ឈ្នួល​​របស់​កម្ម​ករ​និយោ​ជិត​​​​នេះ​សហជីព​របស់​ លោក​មានការ​ព្រួយ​បារម្ភ​​ និង​កំពុង​​​ស្វែង​រក​រូប​មន្តមួយ​​ក្នុង​ចំណោម​រូប​មន្ត​​ចំនួន​​៣​ដែល​​ ពិភាក្សា​គ្នា ​ដើម្បី​ចៀស​វាង​ការ​ធ្វើ​​ឱ្យ​និយោ​ជក​មិន​​អាច​រកស៊ី​នៅ​ក្នុង​ប្រទេស​យើង ​​គាត់​ក៏​ដក​ទុន​​ទៅរក​ស៊ី​នៅ​ប្រទេស​ផ្សេង​​ ​ព្រោះ​ថា​ក្រុម​ហ៊ុន​ទាំង​អស់​​មិន​មែន​ជារដ្ឋ​ទេ​​ តែ​ទោះ​​ជាយ៉ាងណា​ត្រូវ​តែ​ដំឡើង​ប្រាក់​ឈ្នួល​​ដល់​​កម្មករ​និយោជិត​​។
សូម​បញ្ជាក់​​ថា កិច្ច​ប្រជុំ​​ដែល​​ប្រព្រឹត្ត​ទៅ​នៅ​​ទីស្តីការ​ក្រសួងការងារ​​ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​ន​ឹងត្រូវ​សម្រេច​ថា តើ​​ការចរចា​​ដំឡើង​ប្រាក់​​ខែ​​​កម្មករ​កាត់ដេរ ​​នៅឆ្នាំ​២០១៤ ​នឹង​ត្រូវ​ដំឡើង​តាម​​រូបម​ន្ត​មួយណា ក្នុងចំណោម​​រូប​មន្ត​​​ចំនួន​​៣ ដែល​​ក្រុម​ការងារបាន​លើក​ឡើង​យក​​មក​​ពិចា​រ​ណា​ ក្នុងកិច្ច​ប្រជុំនា​ថ្ងៃ​ទី​១៦ ធ្នូ ​នេះ ​​បន្ទាប់​ពី​​​​មាន​ការ​ប្រជុំ​ម្តង​ហើយ​កាល​​ពី​ថ្ងៃទី​២៧ ​វិច្ឆិកា ​កន្លងមក​ ។  រូបមន្ត​ចំនួន​៣​ដែល​លើក​យក​មក​​​​​ពិភាក្សា​ក្នុងការ​ដំឡើង​ប្រាក់​ខែ​​ កម្មករ​កាត់​ដេររួមមាន​ ៖
១-​ផែនការ​ដំឡើង​ប្រាក​់​ខែ​សម្រាប់រយៈ​ពេល​៥​ឆ្នាំ ​ពីឆ្នាំ​២០១៤ ដល់ឆ្នាំ​២០១៨​ ក្នុង​រដ្ឋា​​ភិបាល​​អាណត្ត​ទី​៥​ ​ដែល​​អាច​នឹង​ត្រូវ​ដំឡើង​គិត​ជា​ភាគ​រយ​ប្រចាំ​ឆ្នាំ​នីមួយ​ៗ ។ ​​
២-​ ការ​ដំឡើង​ប្រាក់​ខែ​គិត​ជាលេខ​គត់ ​​ហើយ​ប្រសិន​បើ​មាន​ការចាំ​​បាច់​អ្វី​មួយ ​​គឺ​ធ្វើ​ការ​ពិភាក្សា​គ្នា​ឡើង​វិញ ​ដូចជា​មាន​បញ្ហា​​អតិ​​ផរណា​ឬ​​មានការ​ជះ​ឥទ្ធិ​ពល​ពីខាង​​ក្រៅ​​ដោយ​ ប្រការ​ណា​មួយ ។
៣-​​អាច​​ដំឡើង​ប្រាក​់ខែ​ឱ្យដល់​​កម្រិត​​មួយ​​ដែល​សម​ ស្រប ​ហើយ​នៅពេល​ដាច​់ឆ្នាំ​នីមួយ​ៗ ​ភាគីទាំងបី ​នឹង​ពិនិត្យ​ជាក់​ស្តែង​ថា ​គួរ​ដំឡើង​​ ឬ​មិន​គួរ​ដំឡើង​ប្រាក់​ខែ ។
ក្នុងកិច្ច ​​ប្រជុំ​​​នា​​ពេល​កន្លង​មក មាន​សហ​ជីព​​កម្មករ​ខ្លះ​​​​ ​​ចង់​ទាម​ទារ​​ដំឡើង​ប្រាក់​ខែ​កម្មករ​នៅ​ឆ្នាំ​២០១៤ ដល់​១៥៤​ដុល្លារ តែសហ​​ជីព​ដែល​មាន​សំឡេង​ភាគ​ច្រើន​​ក្នុងក្រុម​ការងារ​ទី​៨​​និង​​ ក្រសួងការងារ​​​ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​បាន​លើក​ឡើង​ត្រឹម​តែ​ក្រោម​១០០​ដុល្លារ​​ បាន​ហើយ ។​​ប្រភព ពីកោះសន្តិភាព