បទ​អត្ថាធិប្បាយ​: វិបត្តិ​ប្រាក់ខែ​: អ​ម្រែ​ក​ដែល​ត្រូវ​ដោះស្រាយ ដោយ​ត្រីភាគី

12/26/2013 0 Comments A+ a-

ភ្នំពេញ: កម្មករ​បាន​បន្ត​តវ៉ា​ទាមទារ​ ១៦០​ ដុល្លា​រនៅក្នុង​មួយខែ​ដោយ​មិន​ទទួលយក​ ៩៥ ​ដុល្លារ​តាម​ការសម្រេច​របស់​ក្រុមប្រឹក្សា​ការងារ​ ដែល​រួមមាន​តំណាង​សហជីព​របស់​កម្មករ តំណាង​រោងចក្រ​កាត់ដេរ​និង​រដ្ឋាភិបាល​។ ចំណែក​វិនិយោគិន​បរទេស​វិញ​បាន​ព្រមាន​ថា ​បើសិនជា​ពួកគេ​ពិបាក​រកស៊ី​ពេក គេ​អាច​នឹង​វេច​បង្វេច​ទៅរក​ស៊ី​នៅ​ប្រទេស​ដទៃ​។ អ្វីៗ​ហាក់ដូចជា​កំពុង​ស្ថិតនៅ​លើផ្លូវ​ទាល់ច្រក​មួយ​ហើយ​ធ្វើអោយ​ រង្គោះរង្គើ​ដល់​ឧស្សាហកម្ម​កាត់ដេរ​ដែល​ផ្តល់​ការងារ​ដល់​មនុស្ស​ ៦ ​សែន​នាក់​។​
​កម្មករ​ជាច្រើន​រោងចក្រ​នៅ​ភ្នំពេញ​ និង​បណ្តា​ខេត្ត​មួយចំនួន​បានសម្រេច​ធ្វើ​កូដកម្ម​ដើម្បី​ចូលរួម​ការតវ៉ា​ មួយ​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ទាមទារ​ការដំឡើង​ប្រាក់ខែ​ដល់ ​១៦០ ​ដុល្លារ​នៅក្នុង​មួយខែ​។​
​តាម​តួលេខ​នេះ ការដំឡើង​ប្រាក់ខែ​គឺ​ ១០០ ​ភាគរយ​ពី​ប្រាក់ខែ​កន្លងមក​ដែលមាន​ត្រឹមតែ ​៨០ ​ដុល្លារ​។ វិនិយោគិន​បរទេស​បាន​គ្រវីក្បាល​ស្ទើរ​ដាច់​ ដោយ​និយាយថា​មិនអាច​ទេ​។ នៅក្នុង​លោក​នេះ​គ្មាន​ការដំឡើង​ប្រាក់ខែ​ត្រូវធ្វើឡើង​យ៉ាង​កប់​ពពក​មួយរយ​ ភាគរយ​បែបនេះ​ឡើយ​។
​ថៅកែ​រោងចក្រ​កាត់ដេរ​បាន​ព្រមយក​រូបមន្ត​មួយ​ដែល​ដំឡើងរ​ង្វ​ង់​ ១៥​ ដុល្លារ​ក្នុង​មួយខែ​ពី ​៨០ ​ដុល្លារ​នៅក្នុង​មួយ​ឬ​ការដំឡើង​ ២០ ​ភាគរយ​ដោយមាន​រយៈ​ពេល​ប្រាំ​ឆ្នាំ​ចាប់តាំងពី​ខែមេសា​ឆ្នាំ​២០១៤​ ដល់​ឆ្នាំ​២០១៨​ ដោយ​ត្រូវ​ឡើង​អោយដល់​ ១៦០​ ដុល្លារ​នៅក្នុង​មួយខែ​។​
​ប៉ុន្តែ​កម្មករ​វិញ​ថា​ មិន​ព្រម​ដាច់ខាត ដោយ​យល់ថា​ ការរស់នៅ​ប្រចាំថ្ងៃ​ចំណាយ​ច្រើន​ហើយ​ពួកគេ​លើក​ហេតុផល​ថា​ ចាយ​មិន​គ្រប់គ្រាន់​។ តម្លៃ​ទំនិញ តម្លៃ​សេវា​សុខភាព និង តម្លៃ​នៃ​ការធ្វើដំណើរ​សុ​ទ្ឋ​តែ​ចំណាយ​ច្រើន​ ដែល​ពួកគេ​គិតថា​ វា​នឹងធ្វើ​អោយ​ពួកគេ​ពិបាក​រស់​ជាមួយនឹង​ថវិកា​ ៩៥​ ដុល្លារ​។​
​ប៉ុន្តែ​សំខាន់​ដូចគ្នានេះ វារឹតតែ​គ្រោះថ្នាក់​ទៀត​សម្រាប់​កម្មករ​ដ៏​គួរអោយ​អាណិត​របស់​យើង បើ​សិ​ជា​ពួកគេ​ត្រូវ​បាត់បង់​ការងារ​ដោយសារតែ​អ្នក​វិនិយោគិន​បរទេស​ សម្រេចចិត្ត​បិទ​ទ្ឋា​រ​រោងចក្រ​ ទៅរក​ស៊ី​នៅ​ប្រទេសជិតខាង ​ដូចជា វៀតណាម​ និង​ឡាវ​ដែលមាន​ស្ថិរភាព​ជាង​។​
​នេះ​ជា​អ្វីដែល​បងប្អូន​កម្មករ​ក៏​គួរតែ​ពិចារណា​អំពី​ផលប៉ះពាល់​ ដែល​នឹង​កើតចេញ​មកពី​ការធ្វើ​កូដកម្ម​។ ការទាមទារ​ត្រូវតែ​ធ្វើឡើង​ដោយ​ពិនិត្យ​ល​ទ្ឋ​ភាព​នៃ​ការផ្តល់អោយ​។​
​ប៉ុន្តែ​តើ​កម្ពុជា​គួរតែ​រក​ច្រកចេញ​របៀប​ណា​ ដើម្បី​ធ្វើអោយ​កម្មករ​ និង​វិនិយោគិន​បរ​ទេ​ស្ងប់​ចិ​ត្ដ​ដូចគ្នា​?
​រដ្ឋាភិបាល​កម្ពុជា​ ប្រហែលជា​អាច​នឹងធ្វើ​ការសម្របសម្រួល​មួយ​តាមរយៈការ​ទប់​តម្លៃ​ទំនិញ​កុំអោយ ​ឡើងថ្លៃ ការបង្កើន​គុណភាព​សេវាកម្ម​សុខភាព​សម្រាប់​កម្មករ និង​ការរក​វិធី​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការធ្វើដំណើរ​របស់​កម្ម​ករ​។​
​កាលបើ​មាន​បញ្ហា វា​ចាំបាច់​ត្រូវតែមាន​ច្រកចេញ ​ហើយ​ច្រកចេញ​នោះ​ជា​ច្រក​កណ្តាល​មួយ​ដែល​នឹងមិន​បំពេញចិត្ត​ទាំងស្រុង​ ចំពោះ​គូរ​ជម្លោះ​នោះឡើយ​ដោយ​តម្រូវអោយមាន​ការបើក​បេះដូង​ទូលាយ​ និង​ទទួលយក​ការពិត​ជាក់ស្តែង​។​
​ឧបមា​ថា តម្លៃ​ទំនិញ​អាច​គ្រប់គ្រង​និង​មិន​ឡើងថ្លៃ សេវា​សុខភាព​តម្លៃថោក និង​ការធ្វើដំណើរ​តម្លៃថោក​នោះ កម្មករ​នឹង​អាច​នឹង​រស់​នៅបាន​ជាមួយ​នឹង​ប្រាក់ខែ​ ៩៥​ដុល្លារ​នោះ​។ ការកាត់បន្ថយ​បែបនេះ​ គឺជា​លុយ​អ​រូ​ប៉ិយ​មួយ​ដែល​មិន​ខុសពី​ការដំឡើង​ប្រាក់ខែ​បន្ថែម ចំនួន​ ១០​ ទៅ​ ២០​ ដុល្លារ​ទៀតឡើយ​។​
​ទាំង​រដ្ឋាភិបាល ទាំង​កម្មករ​និង ថៅកែ​រោងចក្រ​ត្រូវតែ​រួមគ្នា​រក​ដំណោះស្រាយ​ជាជាង​ការជ្រើសរើស​យក​ជំហរ​ដ៏​ប្រឈមមុខ​មួយ​។​
​ការមិន​ចូលរួម​ពី​ភាគី​ណាមួយ ​ក្នុងចំណោម​ភាគី​ទាំងបី​ នឹង​ធ្វើអោយ​ដួលរលំ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ ហើយ​ពេលនោះ​ផលប៉ះពាល់​នឹង​កើតមាន​ដល់​មិន​ត្រឹមតែ​ថៅកែ​រោងចក្រ​ទេ វា​ថែមទាំង​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់​កម្ម​ករ​ ដោយសារ​បាត់បង់​ការងា​រ​ធ្វើ​ និង​សេដ្ឋកិច្ចជាតិ​ទាំងមូល​៕
ប្រភពពី CEN