រដ្ឋមន្រ្តីមហាផ្ទៃចាត់ទុកថាការធ្វើបាតុកម្មកាន់កាប់ស្ថាប័នរដ្ឋ គឺខុសច្បាប់

12/20/2013 0 Comments A+ a-

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ នៅថ្ងៃនេះ​បានចាត់ទុក​ថា ការប្រកាស​របស់​មេដឹកនាំ​ធ្វើបាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​បំណង​ចង់ទៅ​កាន់កាប់​ទីតាំង​ក្រសួង​ស្ថាប័នរដ្ឋសំខាន់ៗមួយចំនួន​ រួមមាន ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ទី​ស្តី​គណរដ្ឋមន្ត្រី​ជាដើមនោះ គឺ​រឿង​ខុសច្បាប់ ហើយ​ក្រសួងមហាផ្ទៃ ក៏បាន​ស្នើ​ឲ្យ​មេដឹកនាំ​បាតុកម្ម​នោះ​ងាក​មក​គោរព​ច្បាប់​របស់​ប្រទេសជាតិ​ វិញ។
លោកឧបនាយករដ្ឋមន្រ្តី បាន​ថ្លែង​ដូចនេះ នៅក្នុងជំនួប​ពិភាក្សា​ការងារ ជាមួយ​លោកស្រី អា​លី​សុន ប៊ួ​រូ (Alison Burrows )ឯក​អ្គ​រាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី១៩ ខែធ្នូ​នេះ នៅ​ទីស្តីការក្រសួង។
មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ដកស្រង់​សំដី​របស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង នៅក្នុង​ជំនួប​ថា ក្រសួង​បានស្នើ​ឲ្យ​ស្ថានទូត​អូស្ត្រាលី ជួយ​ធ្វើយ៉ាងណា​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ងាក​មករក​ផ្លូវ​ចរចារ​វិញ ព្រោះថា​កន្លងមក គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា មិនបាន​បិទ​ទា្វ​សម្រាប់​ការចរចារ​នោះទេ ហើយ​ការ​ជ្រើស​យក​ផ្លូវ​ការចរចារ​គឺជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​ ប្រទេសជាតិ និង​ប្រជាជន។
លោក ស ខេង បានបញ្ជាក់នៅក្នុងកិច្ចជំនួបនោះថា បើតាម​ការសង្កេត​ជារួម ចាប់តាំងពី​ឆ្នាំ១៩៩៣មក ការបោះឆ្នោត​លើក​នេះ គឺជា​ការបោះឆ្នោត​ដែលមាន​សភាព​ការល្អ​បំផុត សូម្បីតែ​មជ្ឈដ្ឋាន​អន្តរជាតិ​ក៏បាន​ទទួលស្គាល់​ដែរ ថា​គឺជា​ការបោះឆ្នោត​មួយ​ដែល​គ្មាន​អំពើ​ហឹ​ង្សា មាន​សេរីភាព តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ថា យើង​ត្រូវតែ​កែ​ទំរង់ការ​បោះឆ្នោត​នេះ​ឲ្យ​បានល្អ​ប្រសើរ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គណបក្សសង្រ្គោះជាតិបានថ្លែងថា នឹងដឹកនាំក្រុមបាតុកម្មធ្វើបាតុកម្ម ហើយចូលកាន់កាប់សាលារាជធានីភ្នំពេញ ទីស្តីការគណៈរដ្ឋមន្រ្តី នឹងកន្លែងសំខាន់ៗមួយចំនួនទៀត៕
ប្រភពពី  Free Press Magazine